​​ផលិត​កម្ម​​ប្រេង​​របស់​បណ្ដា​ប្រទេស​ ASEAN នឹង​ធ្លាក់​ចុះ ​៣០%​នៅ​ឆ្នាំ​​២០៤០​



ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ជា​ពិសេស​ក្នុង​ប្រទេស​ផលិត​ប្រេង​ដូចជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង​វៀតណាម។ ចំណែក​សេដ្ឋកិច្ច​ក្នុង​តំបន់​វិញ បាន​រីក​ប៉ោង​ខ្លាំង ហើយ​ប្រទេស​ភាគ​ច្រើន​ បាន​វិវឌ្ឍ​ខ្លួន​ពី​រដ្ឋ​​ចំណូល​ទាប ទៅ​រដ្ឋ​មាន​ចំណូល​ខ្ពស់។ ប៉ុន្តែ​បើ​តាម​ការ​ព្យាករណ៍ ផលិតកម្ម​ប្រេង ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នឹង​​ធ្លាក់​ចុះ ៣០% នៅ​​ឆ្នាំ ២០៤០ ក្រោម​ហេតុ​ផល​ជាច្រើន រាប់​បញ្ចូល​ទាំង​ការ​អភិរក្ស​កន្លែង​ខួង និង​កន្លែង​ខួង​ប្រេង​ថ្មី មិន​ទាន់​រក​ឃើញ។

ផលិតកម្ម​ប្រេង​ធ្លាក់​ចុះ ច្បាស់​ណាស់​តម្រូវ​ការ​ប្រេង​​ក្នុង​តំបន់​នឹង​កើន​ឡើង​ដែរ​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ IEA និង​ភ្នាក់ងារ​ទស្សនវិស័យ​ថាមពល​អាស៊ីអាគ្នេយ៍ តម្រូវ​ការ​ប្រេង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ពី ៤,៧លាន​បារ៉ែល​ នាពេល​បច្ចុប្បន្ន​ទៅ ៦,៦ លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃនៅ​ឆ្នាំ​ ២០៤០។ ចំណែក​ការ​នាំ​ចូល​ប្រេង ក៏រំពឹង​នឹង​កើន​ឡើង​ទ្វេ​ដង​។ អ្វី​ជា​មូលហេតុ​នាំ​ឱ្យ​តម្រូវ​ការ​ប្រេង​​កើន​ឡើង? ​ ដោយសារ​តែ​​កំណើន​យ៉ាង​គំហុក នៃ​​​ឧស្សាហកម្ម​ដឹកជញ្ជូន ជា​ពិសេស​ឧស្សាហកម្ម​រថយន្ត​ ក្នុង​តំបន់​។ ​​កាល​ពី​ឆ្នាំ​ទៅ​មិញ អត្រា​រថយន្ត​ថ្មី​នៅ​សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និង​ហ្វីលីពីន បាន​ ៣,៤លាន​គ្រឿង​កើន ៥%។ កំណើន​នៃ​​ការ​ប្រើ​រថយន្ត​ផ្ទាល់​ខ្លួន​ក៏​មាន​ច្រើន ចំណែក​ម៉ូតូ​​នៅ​តែ​ជា​មធ្យោបាយ​ដឹកជញ្ជូន ដ៏​ពេញ​និយម​នៅ​អាស៊ីអាគ្នេយ៍​ ខណៈ​តំបន់​នេះ បាន​ក្លាយ​​ជា​និមិត្តរូប​នៃ​រូបភាព​ចរាចរណ៍ គ្រប​ដណ្ដប់​ដោយ​ម៉ូតូ​​៕

ដោយ៖ សុម៉ាលីន
ប្រភព៖ theaseanpost

X
5s