កាហ្វេត្រូវបានហាមឃាត់មិនឲ្យលក់ក្នុងសាលាក្នុង ប្រទេសកូរ៉េខាងត្បូង
កាហ្វេគឺត្រូវបានហាមឃាត់មិនឲ្យលក់ក្នុងសាលាក្នុងប្រទេសកូរេខាងត្បូងបន្ទាប់ពីក្រោយពីមានការសម្រេចចិត្តមួយដែលធ្វើឡើងដោយក្រសួងចំណីអាហារ និងសុវត្តិភាពឱសថ (Ministry of Food and Drug Safety) នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយក្នុងគេហទំព័រ Korea Times។
កាហ្វេជាច្រើនត្រូវបានលក់ចេញពីម៉ាស៊ីនលក់ស្វ័យប្រវត្តិ និងហាងអាហារមួយចំនួនក្នុងសាលា។ ប៉ុន្តែ ក្រសួងចំណីអាហារ និងសុវត្តិភាពឱសថមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅដល់សុខភាពរបស់កុមារ ដោយបង្ហាញពីភាពភ័យខ្លាចពីការប៉ះពាល់រយៈពេលវែងទៅលើសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងការប៉ះពាល់រយៈពេលខ្លីដូចជាវិលមុខ ចង្វាក់បេះដូងលោតញាប់ និងបញ្ហាការគេងជាដើម។
ផលិតផលអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីន និងអាហារដែលខ្វះជីវជាតិគឺត្រូវបានរឹតបន្ដឹង និងហាមឃាត់មិនឲ្យមានការលក់ដូរទេក្នុងសាលាក្នុងប្រទេសកូរ៉េខាងត្បូង។
កាហ្វេគឺជាភេសជ្ជៈដែលកំពុងតែពេញនិយមខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង ដោយឥឡូវមានប្រមាណជាង ១៨ ០០០ហាងកាហ្វេក្នុងទីក្រុងសេអ៊ូលតែឯង។ ទិន្នន័យបានបង្ហាញថាទីផ្សារកាហ្វេបានកើនឡើងយ៉ាងលឿនរហូតទៅដល់ ១១ ទ្រីលានវ៉ុន ដែលស្មើនឹង ៩.៩ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។
ការញ៉ាំកាហ្វេរបស់មនុស្សម្នាក់មានការកើនឡើងទ្វេរដងចាប់ពីឆ្នាំ ១៩៩០ ទៅ ២,៣ គីឡូក្រាម ត្រឹមឆ្នាំ ២០១៤។ បើប្រៀបធៀបទៅនឹងប្រទេសអាមេរិក មនុស្សម្នាក់ញ៉ាំកាហ្វេ ៤,៥គីឡូក្រាមក្នុងឆ្នាំ ២០១៤។
ក្នុងពិភពលោក កាហ្វេប្រមាណ ៧ ពាន់លានតោនត្រូវបានប្រើប្រាស់ក្នុងឆ្នាំ ២០១៦ នេះបើយោងតាម EuroMonitor International។ ប្រទេសប្រេស៊ីលគឺជាអ្នកញ៉ាំកាហ្វេធំជាងគេ តាមពីក្រោយដោយសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌូនេស៊ី៕
ចុចអាន៖ អត្ថប្រយោជន៍ ៦យ៉ាងដែលអ្នកទទួលបាននៅពេលទទួលទានកាហ្វេម្ដងៗ
ដោយ៖ លង់ វណ្ណៈ