លោកស្រី លឹម លីម៉ា ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food ៖ ចំណុចចាប់ផ្ដើមនៃក្រុមហ៊ុនរបស់ខ្ញុំគឺ ការបិតស្រាស
កាលពីពេលថ្មីៗកន្លងទៅនេះលោកស្រី លឹម លីម៉ា ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food ទើបតែទទួលបានពានរង្វាន់ Women Entrepreneur Award ដែលជាពានរង្វាន់សម្រាប់សហគ្រិនស្ត្រីឆ្នើម នៅក្នុងកម្មវិធីការដាក់តាំងបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដោយស្នាដៃនៃការធ្វើនំ Cookies ឆ្ងាញ់ពិសារ និងធ្វើជារូបប្រាសាទអង្គរវត្ត។
ក្នុងឱកាសនោះផងដែរ លោកស្រី លីម៉ា បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Bizkhmer និងបានថ្លែងថា ចំណុចចាប់ផ្ដើមនៃការកកើតក្រុមហ៊ុនដំបូងបំផុតរបស់អ្នកស្រី គឺការបិតស្រាស។ សហគ្រិនស្ត្រីឆ្នើមរូបនេះ បានរៀបរាប់ប្រាប់ BizKhmer បន្តថា ក្រុមហ៊ុន LM Lima Angkor Food បង្កើតឡើងតាំងតែពីឆ្នាំ២០០៨ ដែលនៅពេលបង្កើតក្រុមហ៊ុននោះឡើង ស្របពេលដែលស្ថានភាពគ្រួសាររបស់អ្នកស្រី ជួបវិបត្តិសេដ្ឋកិច្ច រកស៊ីខាតផ្នែកអចលនទ្រព្យ។
នាពេលនោះ អ្នកស្រី ប្រាប់ថា មិនដឹងថាត្រូវងើបឈរដោយវិធីណានោះទេ ប៉ុន្តែលោកស្រីនិងស្វាមី បែរជាហ៊ានសម្រេចចិត្តទៅបើកក្រុមហ៊ុនស្រាស ដើម្បីជួយកែប្រែស្ថានការណ៍ឡើងវិញ ដែលនៅពេលនោះក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៧នាក់ប៉ុណ្ណោះ ដោយការចាប់ផ្ដើមបង្កើតក្រុមហ៊ុនស្រាស នេះឡើង ដោយសារតែមុខរបរនេះ គឺត្រូវការចំណាយដើមទុនតិច។
លោកស្រី លីម៉ា បន្តទៀតថា បន្ទាប់ពីការដំណើរការក្រុមហ៊ុនស្រាស នៅក្នុងកំឡុងឆ្នាំ២០១០ និង២០១១ ក្រុមហ៊ុនក៏ចាប់ផ្ដើមដំណើរការផលិតនំ ដែលតាមរយៈទីផ្សារនំនេះ បានធ្វើឲ្យក្រុមហ៊ុនកាន់តែមានលទ្ធភាព ងើបឈរ និងបន្តរីកទៅមុខ ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមហ៊ុនលោកស្រី នៅតែមិនចោលនៅក្នុងការពង្រឹងអាជីវកម្មស្រានេះដែរ ព្រោះថា នេះជាចំណុចនៃការចាប់ផ្ដើមដំបូងបង្អស់នៃការកកើតក្រុមហ៊ុន LM Lima Angkor Food។
ក្រុមហ៊ុនLM Lima Angkor Food ខេត្តសៀមរាប គឺជាក្រុមហ៊ុនផលិតនំ Cookies ស្រាដំណាប់ផ្លែឈើ និងសូកូឡា ដែលបានប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុករហូតដល់ទៅ ៩០%មកធ្វើការផលិត ហើយបច្ចុប្បន្ននេះកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ដែលបាននាំយកទៅលក់នៅតាមបណ្ដាផ្សារទំនើបជាច្រើននៅកម្ពុជា ព្រមទាំងបាននាំចេញទៅលក់នៅក្រៅប្រទេសផងដែរ៕
ដោយ៖ ជួប ស្រីរ័ត្ន