តើ​ពន្ធ​ប៉ាតង់​ជា​អ្វី? គេគណនា​ពន្ធ​ប៉ាតង់យ៉ាង​ដូចម្តេច?​



នៅក្នុង​ប្រទេស​កម្ពុជា រដ្ឋ​បាន​កំណត់​ពន្ធ​ជា​ច្រើន​ប្រភេទ​​​​តម្រូវ​ឲ្យ​បុគ្គល​គ្រប់រូប​ដែល​ជា​រូបវន្តបុគ្គល​ ក៏​ដូច​ជា​នីតិបុគ្គល​​មាន​ក្រុមហ៊ុន​ជាអាទិ៍​ត្រូវ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ទៅ​តាម​ប្រភេទ​ពន្ធ​ទាំង​នោះ។ មួយ​នៅ​ក្នុង​ចំណោម​ពន្ធ​ទាំង​នោះ​ គឺ​ពន្ធប៉ាតង់​ដែល​យើង​នឹង​បង្ហាញ​ប្រិយមិត្ត​ពី​និយមន័យ​ពន្ធប៉ាតង់​នេះ និង​របៀប​គណនា​​ដូច​ខាងក្រោម៖

១.តើ​ពន្ធ​ប៉ាតង់​ជា​អ្វី? ពន្ធប៉ាតង់ ជា​ពន្ធ​កំណត់​លើ​ផល​របរ​សរុប​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​បង់​ក្នុង​អំឡុង​ពេល​ចាប់​ផ្តើម​ពី​ថ្ងៃ ទី ១ មករា​ដល់​ថ្ងៃ​ទី ៣១ ខែ​មិនា​ជា​រៀងរាល់​ឆ្នាំ។ សម្រាប់​សហគ្រាស ឬ ក្រុមហ៊ុន​ដែល​ទើប​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម ត្រូវ​បង​ពន្ធ​ប៉ាតង់​ពេញ​មួយ​ឆ្នាំ ប្រសិន​បើ​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​ ឬ បង់​ពន្ធ​ប៉ាតង់​ពាក់​កណ្តាល​ឆ្នាំ ប្រសិន​បើ​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល​៦​ខែ​ចុង​ឆ្នាំ។ សហគ្រាស ឬ ក្រុមហ៊ុន​ដែល​មាន​សាខា ឃ្លាំង រោងចក្រ​ រោងជាង សម្រាប់​មុខ​របរ​អាជីវកម្ម​តែមួយ​ នៅ​ក្នុង​ខេត្ត/ក្រុង​តែ​មួយ​ មិន​ចាំបាច់​បង់ពន្ធ​ប៉ាតង់​ផ្សេង​គ្នា​ទេ។ ប៉ុន្តែ​បើ​មាន​មុខ​របរ​អាជីវកម្ម​​ខុសៗ​គ្នា​ ឬ ស្ថិត​នៅ​ក្នុង​ខេត្ត/ក្រុង​ផ្សេង​គ្នា​ ត្រូវ​បង់​ពន្ធ​ប៉ាតង់​នៅ​តាម​មុខរបរ​នីមួយៗ​ និង​ទៅ​តាម​ខេត្ត/ក្រុង​ដោយ​ឡែក​ៗ​ពី​គ្នា។

២.តើ​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវ​​បាន​កម្រិត​យ៉ាង​ដូចម្តេច​​​? កម្រិតប្រាក់​ពន្ធប៉ាតង់ត្រូវបង់​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម​៖ ១ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល។ ២ អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០​ ០០០រៀល។ ៣ អ្នកជាប់ពន្ធធំដែលមានផលរបរ៖ ក លើសពី ២ ០០០ លានរៀល ដល់ ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០រៀល។ ខ លើសពី ១០ ០០០លានរៀល ត្រូវបង់ប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០រៀល។ អ្នកជាប់ពន្ធធំដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល នៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។

ប្រភព៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ 

X
5s