ជប៉ុន​ឈប់​ទិញ​ជ្រូក​ឈឺ​ពី​ថៃ តើ​ថៃ​បង្វែរ​កាណុង​ទៅ​ណា?​



រដ្ឋាភិបាលក្រុងប៉េកាំង បាន​ឈប់​ទិញ​ជ្រូក​​វៀតណាម ដោយ​សារ​តែ​ជម្លោះ​ដែន​ទឹក​សមុទ្រ​ចិន​ខាងត្បូង ជា​ហេតុ​ធ្វើ​ឱ្យ​ជ្រូក​វៀតណាម​ពិបាក​រក​ទីផ្សារ ចំណែក​ជប៉ុន​ឈប់​នាំ​ចូល​ជ្រូក​ ពី​ប្រទេស​ថៃ​រយៈ​ពេល ​៤​ ខែ​មក​ហើយ ក្រោយ​​រក​ឃើញ​ថា ជ្រូក​ទាំង​នោះ​មាន​ជំងឺ។

តើ​អ្វី​បាន​ជា​ជ្រូក​ថៃ​ឈឺ? ​​ ហេតុ​ផល​គឺ​បែប​នេះ នៅ​ពេល​ជ្រូក​វៀតណាម​ខ្សត់​ទី​ផ្សារ ក្រោយ​មហាអំណាច​ចិន​ឈប់នាំចូល ឈ្មួញ​កណ្ដាល​ថៃ​ បាន​ទទួល​ទិញ​​ក្នុង​តម្លៃ​ថោក ជា​លទ្ធផល​​នាំ​ឱ្យ​ជ្រូក​ក្នុង​កសិដ្ឋាន​​​ថៃ ​ឆ្លង​ជំងឺ​ពី​ជ្រូក​វៀតណាម។ ហេតុនេះហើយទើប ​​ជប៉ុន​បិត​ការ​នាំ​ចូល។

ចុះ​ថៃ​នាំ​ចេញ​បាន​អត់? ច្បាស់​ជា​បាន ប៉ុន្តែ​ក្នុង​រូប​ភាព​ខុស​ច្បាប់ គឺ​ឈ្មួញ​កណ្ដាលបាន​នាំ​ចេញ​​ទៅ​កាន់ទីផ្សារ​របស់​​មីយ៉ាន់ម៉ា។ តាម​របាយការណ៍ ជ្រូក​ថៃ​ចំនួន ៥០០ក្បាលក្នុងមួយថ្ងៃ ត្រូវ​​ឈ្មួញ​កណ្ដាល​នាំ​ចេញ​ខុស​ច្បាប់​​​​។ ​​​ គណៈកម្មការ​វិនិយោគ​មីយ៉ាន់ម៉ា បាននិយាយ​ថា​ រោង​សម្លាប់​សត្វ មិន​ទិញ​ជ្រូក​ពី​​មីយ៉ាន់ម៉ា​​ទេ ព្រោះ​ពួកគេ​ទិញ​ជ្រូក​តម្លៃ​ថោក​ពី​ប្រទេសថៃ។ មីយ៉ាន់ម៉ា​ លក់​ក្នុង​តម្លៃ​​ជាង ១៣,០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ថៃ​លក់​តែ​ជាង ៦,៣០០ រៀល​ប៉ុណ្ណោះ ដែលតម្លៃនេះ​គឺ​ខុស​គ្នា​ដាច់​ស្រឡះ​តែម្ដង។

បញ្ហា​ប្រឈម​មួយ​ទៀត គឺបណ្ដា​រោង​​ម៉ាស៊ីន​កិន​ស្រូវ​ កិន​សម្រាប់​ចំណី​សត្វ​នោះ ពួកគេ​ក៏​ចាប់​ផ្ដើម​ចិញ្ចឹម​សត្វ​ខ្លួន​ឯង ដូច្នេះ​ការ​ផ្គត់ផ្គង់ និង​តម្រូវ​ការ​ មិន​ត្រូវ​គ្នា​នោះ​ទេ។ ដោយឡែក​កសិដ្ឋាន​ចិញ្ចឹម​សត្វ​​នៅ​មីយ៉ាន់ម៉ា មាន​ទ្រង់ទ្រាយ​តូច ក៏​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​ទីផ្សារពិបាក​ផង​ដែរ ខណៈ​កសិដ្ឋាន​ក្នុងប្រទេសថៃ និង​វៀតណាម ​មាន​សភាព​ធំដុំ​ជាង​ឆ្ងាយ។ តម្លៃ​ជ្រូក​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្លាក់​ចុះខ្លាំង ដោយ​តម្លៃ​ជ្រូក​រស់​នៅ​សល់​​ត្រឹម​តែ ៦,៦១៧ រៀលប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។ ការ​នាំ​​​សាច់​ជ្រូក​​ចូល​ពី​ប្រទេស​ជិត​​ខាង បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ស្រុកមីយ៉ាន់ម៉ា។ ចំណែក​សារព័ត៌មាន V​ietnam Economic Times បាន​ឱ្យ​ដឹង​ថា សាច់​ជ្រូក​វៀតណាម​ បាន​​ចូល​ក្នុង​ទីផ្សារ​មីយ៉ាន់ម៉ា ​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨។ ការ​នាំ​ចូល​ដំបូង​របស់​ប្រទេស​នេះ មាន​ចំនួន ២៦តោន និងឡើង​ ៤០​ តោន​ជា​ប្រចាំ​ខែ៕

ដោយ៖ សុម៉ាលីន
ប្រភព៖ mmtimes 

X
5s