ផ្លូវ​រថភ្លើងល្បឿនមធ្យម​ ​ឡាវ-ចិន សម្រេច​ការ​សាងសង់​បាន​ ២០% ហើយ​



មក​ទល់​នឹង​ពេល​នេះ គម្រោង​ផ្លូវ​រថ​ភ្លើង​ឡាវ​-ចិន​​ក្នុង​ទំហំ​ទឹកប្រាក់ ៦ពាន់​លា​ដុល្លារ​អាមេរិក​ សម្រេច​​​ការ​សាងសង់​បាន​២០​%​ហើយ ចាប់​តាំង​ពី​បើក​ការដ្ឋាន​ក្នុង​​​ឆ្នាំ ​២០១៦​ មក​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ Vientiane Times ផ្លូវ​រូង​ក្រោម​ដី​ចំនួន​៥៣ ប្រវែង ៣៧,៣១៤ម៉ែត្រ ត្រូវ​បាន​​ដាក់​រួច​រាល់​ហើយ ខណៈ​ស្ពាន ៤៧ ក្នុង​ចំណោម ១៦៧ កំពុង​ស្ថិត​នៅ​ដំណាក់​កាល​សាងសង់​។

ផ្លូវ​ក្រោម​ដី និង​ស្ពាន​រួម​បញ្ចូល​​គ្នាមាន ៦២% នៃ​ប្រវែង​ផ្លូវ​សរុប លាតសន្ធឹងចេញ​​ពី​ទីក្រុង Boten ភាគ​ខាងជើង​ព្រំដែន​ឡាវ-ចិន ទៅ​កាន់​ទីក្រុង Vientiane រាជធានី​ប្រទេស​ឡាវ។ ខ្សែ​រថភ្លើង​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង កាត់​បន្ថយ​ការ​កកស្ទះ សម្រួល​ការ​ធ្វើដំណើរ និង​ដឹកទំនិញ។ យ៉ាងណា​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ប្រទេស​ឡាវ គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​មធ្យម ១២០ (ដឹក​ទំនិញ) និង ១៦០ (ដឹក​អ្នក​ដំណើរ) គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងនេះ ​​​​ប៉ះពាល់​ដល់​ប្រជាជន​ចំនួន ៤ ០០០​គ្រួសារ និង​ដី​​​ចំនួន​ ៣,៨៣២ ហិតា។ ​តាម​លក្ខខណ្ឌ​សន្យា​ចុងក្រោយ ភាគី​​ឡាវ-ចិន នឹង​ត្រូវ​​វិនិយោគ​មុន ២,៤ពាន់​លាន​ដុល្លារ និង​ចែក​គ្នា ៣០% និង​៧០​% ដូច្នេះ​ឡាវ​ត្រូវ​ចេញ​ប្រាក់​វិនិយោគ ៧២០ លាន​ដុល្លារ ដោយ​ ២៥០ លាន​បាន​មក​ពី​​រដ្ឋ និង​៤៧០​លាន​ដុល្លារ បាន​មក​ពី​កម្ចី​ធនាគារ Export Import Bank របស់​ចិន ក្នុង​អត្រា​ការប្រាក់ ២.៣%។

គម្រោង​​សាងសង់​ដែល​ឡាវ​ត្រូវ​ចេញ​ប្រាក់​វិនិយោគ​ចំនួន​ ៣០% និង​ចិន ៧០%​ នៃ​ទំហំ​ទឹកប្រាក់ ៦ពាន់​លាន​ដុល្លារ​នេះ នឹង​បើក​សម្ពោធ​​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ ២០២១។ គួរ​ដឹង​ដែរ​ថា បំណុល​សាធារណៈ​របស់​ឡាវ​ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​បាន ៦៥% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០១៨ កើន​ឡើង​ពី ៦១% នៅ​ឆ្នាំ ២០១៧ ដោយសារ​តែ​កំណើន​នៃ​​ប្រាក់​កម្ចី​ពី​ធនាគារ​ចិន និង​ការ​ចេញ​ប័ណ្ណ​បំណុល​នៅ​លើ​ទីផ្សារ​ថៃ៕

ដោយ៖ សុម៉ាលីន
ប្រភព៖ atimes 

X
5s