វៀតណាមបើកភ្លើងខៀវឱ្យ F1 តែមិនឱ្យទីក្រុងហាណូយចាយលុយរដ្ឋ
ប្រទេសវៀតណាម បានគាំទ្រគំនិត ឱ្យមានព្រឹត្តិការណ៍ប្រណាំងឡាន Formula One នៅតាមដងផ្លូវក្នុងទីក្រុងហាណូយ ប៉ុន្តែនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មិនឱ្យទីក្រុងបេះដូងទេសចរណ៍ចាយលុយរដ្ឋ ក្នុងការសាងសង់ហេដ្ឋារចនាសម្ពន្ធ ផ្ទុយទៅវិញត្រូវយកថវិកា ដែលបានមកពីការវិនិយោគ។ បើតាមការឱ្យរបស់លោក Mai Tien Dung ប្រធានការិយាល័យរដ្ឋាភិបាល។
ថ្វីបើយ៉ាងនេះក្ដី លោក Mai Tien Dung មិនដឹងថា ការចុះហត្ថលេខាសម្រេចចុងក្រោយ ឬការបើកឆាកលើកដំបូង នឹងធ្វើឡើងនៅពេលណានោះទេ។ ប្រធានការិយាល័យរដ្ឋាភិបាលដដែលបន្តថា អាជ្ញាធរទីក្រុងហាណូយ បានធ្វើប្រជាមតិពលរដ្ឋ ដែលកំពុងរស់នៅតំបន់ខាងលើ ថាតើពួកគេយល់យ៉ាងណា។ ជាលទ្ធផលពួកគេគាំទ្រនិងថា ព្រឹត្តិការណ៍នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានច្រើន។ នាយកប្រតិបត្តិរបស់ Formula One លោក Chase Carey បាននិយាយថា លោកសប្បាយចិត្តដែលអាចធ្វើការប្រណាំងរថយន្ត នៅប្រទេសអាស៊ីអាគ្នេយ៍ ហើយក្រុមហ៊ុន F1 កំពុងតែពិភាក្សាគ្នាអំពីកិច្ចការនេះ ជាមួយអាជ្ញាធរវៀតណាម៕
ដោយ៖ សុម៉ាលីន
ប្រភព៖ channelnewsasia