ម៉ាឡេស៊ី កំពុង​សិក្សា​គម្រោងសង់​ស្ពាន​ខ្សែ​ទី៣​ពី Johor ទៅ​សិង្ហបុរី​



លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ មហាធា មហាម៉ាត់ បាន​ឱ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា ម៉ាឡេស៊ី​មាន​គម្រោង​​សាងសង់​ផ្លូវ​ខ្សែ​ទី​៣ ត ភ្ជាប់​ប្រទេស​របស់​ខ្លួនទៅកាន់​សិង្ហបុរី។

នៅ​ពេល​សួរ​អំពី​ផែនការ​​សង់​ផ្លូវ​ខ្សែ​ទី​៣ លោក មហាធា ​​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ថា ម៉ាឡេស៊ីមាន​គម្រោង​ផែន​ការ​​​ហើយ ប៉ុន្តែ​លោក​​នាយរដ្ឋ​មន្ត្រី​ កាន់​​តំណែងបន្ត​​ពី​​លោក Najib Razak រូប​នេះ មិន​​បញ្ជាក់​ពី​ព័ត៌មាន​លំអិត​​នោះ​ឡើយ។ ចំណែកអ្នក​នាំ​ពាក្យ​មក​ពី​​ក្រសួង​ដឹកជញ្ជូន​សិង្ហបុរី ​បាន​ឆ្លើយ​តប​​​​សំណួរ​អ្នក​កាសែតថា៖ "យើង​​មិន​បាន​ទទួល​សំណើ​ ឬ​មាន​ទំនាក់ទំនង​​ ពីប្រទេស​​ម៉ាឡេស៊ីជា​​ផ្លូវ​ការ​ណា​មួយ​​​ឡើយ​​ ពាក់ព័ន្ធ​នឹង​ផ្លូវ​ខ្សែ​ទី​៣​ ​រវាង​សិង្ហបុរី និង​ម៉ាឡេស៊ី"។​

ថ្មី​ៗ​នេះ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ម៉ាឡេស៊ី បាន​រាយការណ៍​ថា អភិបាល​ក្រុង​ Johor បាន​នឹងកំពុង​ស្រាវជ្រាវពី ភាព​អាច​ប្រព្រឹត្ត​ទៅ​បាន​នៃ​ការ​សាងសង់​ស្ពាន​ ១​ខ្សែពី​​តំបន់ Pengerang ស្រុក Pengerang ទៅ​កាន់​កោះ Pulau Ubin របស់​ប្រទេស​សិង្ហបុរី។ ដោយឡែក​មន្ត្រី​ក្រុង​ Johor លោក  Osman Sapian បានឱ្យ​ដឹង​​ថា ស្ពាន​ដែល​ស្នើ​នេះ​​​នឹង​អាច​ជួយ​សម្រួល​ការ​កកស្ទះ​ នៃ​​ផ្លូវ​ ២​ខ្សែ​ផ្សេង​ទៀត ដែល​ត​ភ្ជាប់​២​ប្រទេស។ យ៉ាងណា​កាល​ពី​ម្សិលមិញ លោក​បាន​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ​អំពី​ការ​សង់​ស្ពាន​ពី​ទីក្រុង Johor នេះហើយ និង​យល់​ថាតំបន់​នេះ​​ នៅ​ជិត​កោះ Pulau Ubin ប្រមាណ ​៣​ គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​​ផែនការ​​នេះ​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្រាវជ្រាវ​នៅឡើយ ហើយ​លោក​នឹង​បង្ហាញ​វា​ទៅ​កាន់​រដ្ឋាភិបាល​សហព័ន្ធ​ ដើម្បី​ធ្វើការ​សិក្សា។ បច្ចុប្បន្ន​​ប្រទេស​កូន​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី​សិង្ហបុរី មាន​ផ្លូវ​ភ្ជាប់​ទៅ​កាន់ Johor របស់​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ផ្លូវ​ដ៏​មមាញឹក Woodlands Causeway នៅ​ភាគ​ខាងជើង និង​ស្ពាន​ ១​ខ្សែ​ទៀតនៅ​តំបន់ Tuas ភាគ​ខាងលិច។ កាលពី​ពេល​ថ្មីៗនេះ​ដែរ ម៉ាឡេស៊ី ទើបតែលុបចោលគម្រោង សាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីទីក្រុងកូឡាឡាំពួរ ទៅសិង្ហបុរី ក្រោមហេតុផល មិនអាចរ៉ាប់រងថ្លៃសាងសង់ ប្រទេសមិនទាន់មានតម្រូវការលើគម្រោងនេះ និង​ត្រូវការលុយ ដើម្បីដោះបំណុល៕

ប្រភព៖ Channelnewsasia
ដោយ៖ សុម៉ាលីន

X
5s