​​​​វៀតណាម​ អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​ប្រើ​​ប្រាស់​លុយ យ័ន​ តាម​ព្រំដែន​ជាប់​ជា​មួយ​ចិន​​



​ធនាគារ​កណ្ដាល​វៀតណាម​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​​ប្រើ​ប្រាស់​លុយ យ័ន របស់​ចិន​ជា​ផ្លូវការ​​​ សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម ឬ​ដោះដូរ​​ទំនិញ​ នៅ​តាម​បណ្ដោយ​ព្រំដែន​ខាង​ជើង ​ជាប់​ប្រទេស​ចិន ​ដែល​​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​ ​ខាង​មុខ​នេះ​ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើសារព័ត៌មាន​ Xinhua។ តាម​ប្រភព​ដដែល​បាន​ដឹង​ថា​ ប្រជាជន​ ពាណិជ្ជករ​ ឬ​អង្គភាព​អាជីវកម្ម ​​អាច​ប្រើ​ប្រាស់​លុយ ដុង​ ក៏​បាន​ លុយ​ យ័ន ក៏​បាន​ក្នុង​ការ​ទូទាត់​ទំនិញ​ ឬ​សេវាកម្ម​ ​មិន​ថា​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​ និង​តាម​រយៈ​សាច់​ប្រាក់នៅ​ក្នុង​តំបន់​ជាប់​ព្រំដែន​ជា​មួយ​ចិន។ ​​វៀតណាម​មាន​ខេត្ត​សរុប​ចំនួន ៧​ជាប់​ព្រំដែន​ជា​មួយសាធារណរដ្ឋ​ប្រជាមានិត ​​ចិន គឺ​ Lang Son, Quang Ninh, Ha Giang, Lai Chau, Lao Cai, Cao Bang និង​ Dien Bien។ បើ​តាម​ទិន្នន័យ​សេដ្ឋកិច្ច​បាន​ឱ្យ​ដឹង​​ថា​ វៀតណាម​នាំ​ទំនិញ​ទៅ​ចិន​ ក្នុង​ទំហំ​ទឹក​ប្រាក់ ២៣,៤ពាន់​លាន​ដុល្លារ​៨ ខែ​ដើម​ឆ្នាំ​២០១៨ នេះ​ កើន​ឡើង​ជាង​ ២៥%។ ​គិត​មក​ដល់​ពេល​នេះ​ ចិន​ នៅ​តែ​ជា​ប្រទេស​​នាំ​ចូល​ទំនិញ វៀតណាម​​ច្រើន​ជាង​គេ​បំផុត ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់ ពោល​គឺ​មាន​ទំហំ​ទឹក​ប្រាក់​សរុប ៤១,៤​ពាន់​លាន​ដុល្លារ៕ ដោយៈ វិភូ
X
5s