របបពន្ធថ្មីម៉ាឡេស៊ី៖ ពន្ធលើការលក់ទំនិញ ៥-១០% និងសេវាកម្ម ៦%
របបពន្ធថ្មីរបស់ម៉ាឡេស៊ីនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ស្អែកនេះ ដោយរបបពន្ធថ្មីនេះ នឹងយកពន្ធចន្លោះពី ៥ ទៅ ១០% លើការលក់ទំនិញ និង ៦%ទៅលើសេវាកម្ម ។ នេះបើយោងតាមប្រធានពន្ធគយ លោក Subromaniam Tholay ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
ពន្ធថ្មីនេះ មានឈ្មោះថា ពន្ធលើសេវាកម្ម និងការលក់ (Sales and Services Tax-SST) ត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍ឡើងវិញបន្ទាប់ពីរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Mahathir Mohamad ជំនួសឱ្យពន្ទចាស់ (Goods and Services Tax-GST) ដែលមិនសូវមានការគាំទ្រ។
ការកំណត់ពន្ធថ្មីនេះ ហាក់មានភាពល្អប្រសើរច្រើន ដោយសារតែពន្ធលើទំនិញ និងសេវាកម្ម (Goods and Services Tax) គ្របដណ្ដប់លើមុខទំនិញ និងសេវាកម្មជាច្រើន ខណៈពន្ធថ្មីមានអត្រាច្បាស់លាស់សម្រាប់ការលក់ទំនិញ និងសេវាកម្ម។ ទោះជាយ៉ាងណាក្ដី ពន្ធថ្មីនេះ ត្រូវបានគេមើលឃើញថា កំណត់ខ្ពស់ជាងពន្ធមុន ប៉ុន្តែមានមុខទំនិញប្រមាណដល់ទៅ ៥ ៤៤៣មុខ ត្រូវបានលើកលែង ខណៈរបបពន្ធចាស់មានត្រឹមតែ ៥៤៤មុខតែប៉ុណ្ណោះ។
បើគណនាទៅតាមទិដ្ឋភាពនៃម៉ាក្រូសេដ្ឋកិច្ចវិញ យើងអាចមើលឃើញថា ពន្ធថ្មីនេះនឹងគ្របដណ្ដប់ទៅលើបញ្ជីមុខទំនិញដែលស្ថិតនៅក្នុងសន្ទស្សន៍ថ្លៃទំនិញ (Consumer Price Index) ប្រមាណតែ ៣៨%ប៉ុណ្ណោះ ខណៈពន្ធចាស់គ្របដណ្ដប់ដល់ទៅ ៦០%។
សូមបញ្ជាក់ថា មានទំនិញមួយចំនួនធំ ត្រូវបានលើកលែង ដូចជា កាសែត កៅអីជនពិកា ឱសថ និងសម្ភារៈសំណង់មួយចំនួនដូចជា ខ្សាច់ ស៊ីម៉ង់ និងឥដ្ឋជាដើម។ ដោយឡែក សម្រាប់វិស័យភោជនីយដ្ឋាន និងហាងកាហ្វេ សម្រាប់សហគ្រាស ដែលមានចំណូលលើពី ៣៦៥ ០០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះ ដែលត្រូវជាប់ពន្ធថ្មីនេះ៕
ដោយ៖ វិភូ