ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ដំបូង​នៅ​កម្ពុជា នឹង​បើក​ការ​ហោះហើរ​ពី​​​ប៉េកាំង​មក​ភ្នំពេញ​ឆាប់ៗ​នេះ​



ផ្អែក​តាម​ផេក Facebook រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China បាន​ប្រកាស​គម្រោង​ហោះហើរ​ផ្ទាល់​ថ្មី​មួយ​ពី​ទីក្រុង​ប៉េកាំងមក​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​នឹង​​កំណើនទេសចរចិន រិតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង២ ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ ពង្រឹង​ការ​លើក​កម្ពស់​ការហោះហើរ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

គម្រោង​ថ្មី​នេះ​ត្រូវ​យល់​ព្រម​ហើយ ក្នុង​ជំនួប​ពិភាក្សា​កាល​ពី​ថ្ងៃ​​ទី​២៨ សីហា ឆ្នាំ​២០១៨ រវាង​​ឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវណ្ណាល់ ថ្នាក់​ដឹកនាំ​​​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​​ជាមួយ​ប្រតិភូ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air Chin។ ​​ចំណែកការ​ហោះហើរ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ ដោយប្រើ​យន្តហោះ​ប្រភេទ Airbus A320 ប្រតិបត្តិការ ​៣​ ដង​ក្នុង​មួយ​សប្ដាហ៍ ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ស៉ីន ចាន់​សិរីវត្ថា បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Air China នៅ​មិន​ទាន់​បាន​សុំ​​ប័ណ្ណ​បើក​បរ​នៅ​ឡើយ​ទេ។ ការ​ប្រកាស​នេះ​ ក្រោយ​កំណើន​ទេសចរ​ចិន​មក​កម្ពុជា មាន​សន្ទុះ​ខ្លាំង​នៅ​ឆមាស​ទី​ឆ្នាំ​២០១៨​នេះ ពោល​គឺ​ជាង ៩៣០,០០០នាក់ ស្មើ​ ៣១%​ នៃ​ភ្ញៀវ​សរុប ខណៈ​ទេសចរ​វៀតណាម មាន ៣៨០,០០០ នាក់៕

ដោយ៖ សុម៉ាវត្តី 

X
5s