ដំបូន្មានការងារដ៏មានតម្លៃ ពីបុគ្គលជោគជ័យរបស់ពិភពលោកចំនួន ៤រូប​



ថ្ងៃនេះគេហទំព័រBizkhmer សូមណែនាំនូវដំបូន្មានសំខាន់ៗ ពីបុគ្គលជោគជ័យក្នុងលោកចំនួន៤រូប ដើម្បី​ជាមេរៀនដ៏មានប្រយោជន៍សម្រាប់ការគិត ក៏ដូចជា ការធ្វើកិច្ចការផ្សេងៗប្រកបដោយប្រសិទ្ធភាព។

១) លោក Warren Buffett

ហ្វឹកហាត់នូវការបន្ទាបខ្លួននិងភាពអត់ធ្មត់ លោក Buffett ដែលជាប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនBerkshire Hathaway បានប្រាប់សិស្សថ្នាក់ទី៧ម្នាក់ថា៖ «គន្លឹះក្នុងការបង្កើតមិត្តភក្តិនិងមានសម្ព័ន្ធភាពល្អជាមួយមិត្តរួមការងារ នោះគឺជាការរៀនផ្លាស់ប្ដូរឥរិយាបថរបស់ឯងដោយយកគំរូតាមបុគ្គលដែលឯងគោរព ហើយខិតខំបណ្ដុះខ្លួនឯងនូវគុណតម្លៃទាំងឡាយដែលពួកគេមាន»។

២) លោកស្រី Maya Angelou

បង្កើតនូវផ្លូវដើរមួយដោយខ្លួនឯង​លោកស្រី Maya Angelou ដែលជាអ្នកនិពន្ធ អ្នកតែងកំណាព្យ អ្នករាំ តារាសម្ដែង និងជាអ្នកចម្រៀងមួយរូប បានដើរតាមដំបូន្មានដែលលោកស្រីទទួលបានពីលោកយាយខាងឪពុករបស់គាត់អស់រយៈពេល៦៥ឆ្នាំមកហើយថា «បើសិនពិភពលោកនាំអ្នកទៅផ្លូវដើរមួយដែលអ្នកមិនពេញចិត្ត ហើយបើអ្នកសម្លឹងទៅមុខ តែមិនចង់បាននូវជោគវាសនាដែលត្រូវបានផ្ដល់ឲ្យអ្នកនោះ ហើយបើអ្នកងាកត្រឡប់ក្រោយ តែអ្នកមិនចង់វិលត្រឡប់ទៅកាន់កន្លែងដែលអ្នកបានចាកចេញនោះ ដូច្នេះចូរអ្នកចាកចេញពីផ្លូវដើរមួយនោះ ហើយបង្កើតផ្លូវដើរមួយដោយខ្លួនឯងទៅ»។

៣) លោកស្រី J.K.Rowling

ឲ្យតម្លៃលើការបរាជ័យ​លោកស្រី J.K.Rowling ត្រូវបានមនុស្សជាច្រើនស្គាល់តាមរយៈស្នាដៃនិពន្ធសៀវភៅរឿងភាគនិទានរបស់កុមារដ៏ឆ្នើមរបស់គាត់ដែលមានឈ្មោះ Harry Potter និងជាកម្រងសៀវភៅរឿងភាគដែលលក់ដាច់បំផុតនៅទូទាំងពិភពលោក ព្រមទាំងជាស្រ្តីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោកក្រោយពីឆ្លងកាត់ឆាកជីវិតដ៏ជូរចត់និងការបដិសេធរាប់មិនអស់ក្នុងជីវិត។ អ្នកស្រីបានចាត់ទុករឿងរ៉ាវបរាជ័យពីអតីតកាលរបស់គាត់ជាកាដូដ៏មានតម្លៃដែលអ្នកស្រីបានយកឈ្នះវាយ៉ាងគួរឲ្យឈឺចាប់។

៤) លោក​ Steve Jobs 

កុំគ្រាន់តែដើរតាមក្ដីសុបិន្តរបស់អ្នក តែត្រូវជាអ្វីដែលធំជាងខ្លួនអ្នកមុនពេល Steve Jobs បានលាចាកលោកទៅ គាត់បានប្រាប់អ្នកសរសេរជីវប្រវត្តិរបស់គាត់ម្នាក់ គឺលោក Walter Isaacson ថា៖«ពួកយើងតែងតែនិយាយគ្នាអំពីការដើរតាមក្ដីសុបិន្តរបស់ខ្លួនឯង ប៉ុន្ដែពួកយើងសុទ្ធតែជាចំណែកមួយនៃប្រវត្តិសាស្ត្រ ហេតុនេះអ្នកត្រូវតែមានអ្វីប្រគល់ទៅឲ្យប្រវត្តិសាស្រ្តនេះវិញដែលអាចជួយដល់សហគមន៍របស់អ្នក ជួយដល់មនុស្សជុំវិញខ្លួនអ្នក។ ដូច្នេះនៅពេល២០ឆ្នាំ ៣០ឆ្នាំ ​ឬ៤០ឆ្នាំកន្លងទៅ មនុស្សគ្រប់គ្នានឹងនាំគ្នានិយាយថា មនុស្សម្នាក់នេះមិនមែនមានត្រឹមតែក្ដីសុបិន្ដនោះទេ គេម្នាក់នោះថែមទាំងយកចិត្តទុកដាក់ទៅលើការធ្វើរឿងអ្វីមួយដែលអ្នកដទៃអាចទទួលបានផលប្រយោជន៍ពីអ្វីដែលគេបានធ្វើថែមទៀតផង»៕

​ប្រភព៖ Entrepreneur​

ប្រែសម្រួល៖ ស្រីពៅ

X
5s