លោក សោម សម្បត្តិ៖ ៥ ចំណុចដែលអ្នកគួរពង្រឹងមុនពេលធ្វើអាជីវកម្ម
អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ CAMPAINT លោក សោម សម្បត្តិ បានចែករម្លែកចំណេះដឹងដល់អ្នកដែលមានបំណងធ្វើអាជីវកម្ម នៅក្នុងសន្និសីទកាសែតមួយស្ដីអំពីកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាឆ្នាំ២០១៨ ដោយលោកបានបង្ហាញនូវគន្លឹះ ៥ចំណុចដែលគួរពង្រឹងមុនពេលសម្រេចចិត្តចាប់ផ្ដើមអាជីវកម្ម។
ចំណុចទី១ សមត្ថភាពនៅក្នុងការឆ្នៃប្រឌិតបង្កើតផលិតផលនិងធ្វើសេវាកម្មឲ្យល្អ
គឺជាចំណុចមួយដែលសំខាន់ដែលយើងចាំបាច់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់យើងឲ្យមានភាពវៃឆ្លាត និងប្រកបដោយគំនិតច្នៃប្រឌិត។
ចំណុចទី២ សិល្បះនៅក្នុងការធ្វើទីផ្សារ
ទីផ្សារគឺជាភាពរស់រវើកមួយ សូមអ្នកកុំគិតថា ផ្នែកទីផ្សារនេះ ខ្ញុំធ្លាប់រៀនរួចហើយព្រោះថា ទ្រឹស្ដីនៅក្នុងទីផ្សារនិយាយថាអ្នករៀនគឺរៀនតែទ្រឹស្ដីទេ ប៉ុន្តែអ្នកដែលយកមកអនុវត្ត ទោះអនុវត្តមួយជីវិតក៏អនុវត្តមិនអស់ដែរ ដូច្នេះវាមានរឿងច្រើនណាស់ដែលតម្រូវឲ្យយើងចាំបាច់ត្រូវតែប្រឡូកនៅក្នុងទីផ្សារ។
ចំណុចទី៣ សមត្ថភាពនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
នៅពេលដែលយើងមានផលិតផលល្អ និងចេះធ្វើទីផ្សារហើយនោះ ចាំបាច់ណាស់យើងត្រូវតែមានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សូមគុំគិតថា ខ្ញុំមិនចូលចិត្តផ្នែកនេះទេដូច្នេះខ្ញុំអាចរើសបុគ្គលិកក្នុងផ្នែកនេះ។ ប៉ុន្តែយើងត្រូវគិតថាបើយើងចង់ធ្វើជាសហគ្រិនគឺយើងមិនអាចពឹងគេទាំងស្រុងឲ្យគ្រប់គ្រងក្នុងផ្នែកនោះទេ យ៉ាងហោចណាស់ ក៏យើងត្រូវចេះខ្លះដែរពីមូលដ្ឋាននៃផ្នែកទាំងនោះទើបយើងអាចធ្វើការជាមួយគេបាន វាពិតពិបាកនៅពេលដែលយើងជាថៅកែប៉ុន្តែបែជាមិនយល់អ្វីសោះនៅពេលដែលបុគ្គលិកសួរ។ យើងត្រូវចាំថា ហិរញ្ញវត្ថុគឺជាភាសាលុយរបស់អ្នកជំនួញ ដូច្នេះបើយើងមិនចេះហិរញ្ញវត្ថុទេយើងចង់ខ្ចីលុយគេក៏ពិបាកដែរ។
ចំណុចទី៤ សមត្ថភាពក្នុងការគ្រប់គ្រងធនធានមុនស្ស
នៅពេលដែលអាជីវកម្មយើងនៅតូចយើងពិតជាពិបាកណាស់នៅក្នុងការរកមនុស្សមកធ្វើការ ហើយនៅពេលដែលអាជីវកម្មយើងធំយើងខំបង្រៀនមនុស្សឲ្យចេះដឹងប៉ុន្តែគេបែជារត់ចោលយើងទៅវិញ ដូច្នេះទោះបីជាធ្លាប់កម្សត់កម្រជាមួយគ្នាហើយនៅពេលបានផលក៏ដោយ ក៏មិនប្រាកដថា គេអាចនៅជាមួយយើងបានទេ នោះក៏ដោយសារតែយើងខ្វះសមត្ថភាពនៅក្នុងការគ្រប់គ្រងពួកគេ។
ចំណុចទី៥ ចេះធ្វើផែនការ
យើងត្រូវរៀនពីការធ្វើគម្រោងអាជីវកម្ម គម្រោងផ្នែកទីផ្សារឲ្យបានល្អ សំរាប់ខ្ញុំរាល់ថ្ងៃនេះ ខ្ញុំខំប្រឹងប្រែងណាស់ថ្វីត្បិតតែខ្ញុំមានបទពិសោធន៍ធ្វើការឲ្យគេ និងការគ្រប់គ្រងអាជីវកម្មខ្លួនឯងរយៈពេល២៥ ទៅ ២៦ឆ្នាំនេះខ្ញុំមិនដែលគិតថាគ្រប់គ្រាន់នោះទេ គឺខ្ញុំនៅតែរៀនជារៀងរាល់ថ្ងៃ៕