៥ គម្រោងសំខាន់បំផុត សិង្ហបុរីកំពុងគិត ដើម្បីក្លាយជា Smart Nation
សិង្ហបុរីបាននឹងកំពុងប្រើបច្ចេកវិទ្យា ដើម្បីប្រែក្លាយខ្លួនជាប្រទេសមានប្រព័ន្ធសេដ្ឋកិច្ចលក្ខណៈឌីជីថល និងឆ្លាតវៃហៅថា Smart Nation។ ប្រទេស Smart Nation នឹងនាំមកនូវការយល់ដឹងពីបច្ចេកវិទ្យាដល់ ប្រជាជន អង្គភាពអាជីវកម្ម រដ្ឋាភិបាល ក៏ដូចជាលើកទឹកចិត្ត និងបង្កើត ឱ្យមានដំណោះស្រាយលើបញ្ហាកំពុងប្រឈម។ ដើម្បីសម្រេចគោលបំណងនេះ រដ្ឋាភិបាលសិង្ហបុរីនឹងដំណើរការគម្រោងស្នូលចំនួន ៥ ដូចខាងក្រោម៖
១. គម្រោងធ្វើអត្តសញ្ញាណប័ណ្ណជាតិបែបឌីជីថល (National Digital Identity) NDI ជាមូលដ្ឋានទិន្នន័យរួមមួយ ផ្ទុកព័ត៌មានប្រជាពលរដ្ឋ ដែលច្របាច់បញ្ចូលជាមួយប្រព័ន្ធ E-services ឈ្មោះ MyInfo របស់រដ្ឋាភិបាល ដើម្បីបង្កើតឱ្យមានភាពងាយស្រួល ក្នុងទាក់ទងរវាង ភ្នាក់ងារ ក្រុមហ៊ុនអាជីវកម្ម និងប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានផ្ទាល់ខ្លួនដល់រដ្ឋាភិបាលតែម្ដងប៉ុណ្ណោះ ហើយបន្ទាប់មកពួកគេ អាចប្រើព័ត៌មានដូចគ្នានេះ ជាមួយភ្នាក់ងារវិស័យសាធារណៈ និងឯកជនដែលបានអនុម័ត។
២. គម្រោងទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក (E-payments) ប្រព័ន្ធបង់លុយអេឡិចត្រូនិកឈ្មោះ PayNow ជាទម្រង់ទូទាត់សាច់ប្រាក់រួមមួយតាមទូរសព្ទដៃ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ពីមិត្តភក្ដិទៅមិត្ត ដោយប្រើតែលេខទូរស័ព្ទ ឬលេខកាតអត្តសញ្ញាណប័ណ្ណជាតិ (NRIC)។ កំណែទម្រង់នេះ ត្រូវបានដាក់ឱ្យដំណើរការហើយ កាលពីពេលថ្មីៗទៅ លើវិស័យជំនួញ។ បន្ថែមលើនេះ QR-code រួមមួយឈ្មោះ Singapore Quick Response (SGQR) ក៏នឹងត្រូវបានគេដាក់អនុវត្តផងដែរក្នុងឆ្នាំនេះ ដើម្បីឱ្យឈ្មួញទទួលយកការទូទាត់សាច់ប្រាក់ ទាំងក្នុងស្រុក និងបរទេស។
៣. គម្រោង Smart Nation Sensor (SNSP) SNSP គឺជាស្រទាប់រចនាសម្ព័ន្ធ ដែលត្រូវបានប្រើប្រាស់ ដើម្បីប្រមូលទិន្នន័យ សម្រាប់ត្រួតពិនិត្យអ្វីៗគ្រប់យ៉ាងតាំងពីចរាចរ រហូតដល់គុណភាពទឹក។ ដោយប្រើឧបករណ៏ចាប់សញ្ញា និងអ៊ិនធឺណិត ភ្នាក់ងាររបស់រដ្ឋាភិបាល អាចប្រមូលទិន្នន័យ ដើម្បីធ្វើការវិភាគយ៉ាងស៊ីជម្រៅ។ វាមានន័យថា ពួកគេអាចធ្វើការសម្រេចចិត្តលើគម្រោង និងសេវាកម្មសាធារណៈ សម្រាប់ប្រជាពលរដ្ឋខ្លួន ដោយផ្អែកលើការយល់ច្បាស់ តាមពេលវេលាជាក់ស្តែង។ គម្រោងនេះរដ្ឋាភិបាល បានចាប់ផ្ដើមហើយ នៅក្នុងស្រុក Yuhua ស្រុក Civic និងផ្លូង Orchard Road។
៤. គម្រោង Smart Urban Mobility ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនសាធារណៈសិង្ហបុរី SBS Transit និង SMRT បានបំពាក់ប្រព័ន្ធគ្រប់គ្រងចរាចរឆ្លាតវៃ ដែលបញ្ជូនព័ត៌មានទាន់ពេល ដើម្បីផ្ដល់ការប៉ាន់ប្រមាណពេលវេលាដ៏ត្រឹមត្រូវនៃរថយន្តក្រុង។ ចំណែកប្រព័ន្ធ Smart Urban Mobility នេះ នឹងអនុញ្ញាតឱ្យអ្នកប្រតិបត្តិការ បង្កើនប្រសិទ្ធភាពនៃការកំណត់ផ្លូវរថយន្តសាធារណៈ និងកាលវិភាគតាមបរិមាណចរាចរណ៍។ ចំណែកសេវារថយន្តស្វ័យប្រវត្តិ ក៏ត្រូវបានគេសាកល្បងផងដែរ ដើម្បីជាជម្រើសសម្រាប់វិស័យដឹកជញ្ជូន នាពេលអនាគត។
៥. គម្រោង App ទូរសព្ទដៃ Moments of Life Moments of Life ជា App ទូរសព្ទដៃ អនុញ្ញាតឱ្យរដ្ឋាភិបាល ជំរុញឱ្យសេវាកម្ម និងធនធានមនុស្សរបស់ខ្លួននិងពាក់ព័ន្ធ ទៅដល់ប្រជាពលរដ្ឋទាន់ពេលវេលា។ ការប្រើកម្មវិធីនេះ ឪពុកម្ដាយអាចចុះឈ្មោះសៀវភៅកំណើតកូន ដាក់ពាក្យសុំប្រាក់ឧបត្ថម្ភគ្រួសារ (apply for Baby Bonus ) បង្ហាញពីចំណាប់អារម្មណ៍ចំពោះការសិក្សាអប់រំ ចូលមើលកំណត់ត្រាវេជ្ជសាស្ត្ររបស់កូនៗ និងទទួលបានព័ត៌មានស្តីពីការចិញ្ចឹមកូនជាដើម។ ចំណុចនេះ នឹងលើកទឹកចិត្តឱ្យមានអន្តរប្រតិបត្តិការ កាន់តែប្រសើរឡើង រវាងស្ថាប័នជីវកម្ម ក៏ដូចជាធានាថា ភ្នាក់ងាររបស់រដ្ឋាភិបាល មានសកម្មភាពកាន់តែសកម្មក្នុងការផ្ដល់សេវា៕
ប្រភព៖ Techwireasia
ដោយ៖ សុម៉ាវត្តី