ចំណុចគន្លឹះ ៣ សំខាន់ៗដើម្បីជំរុញការលក់ ពីលោក សោម សម្បត្តិ នាយកប្រតិបត្តិ Cam-Paint
ក្នុងនាមជាវិគ្មិនមួយរូបក្នុងកម្មវិធីមួយដែលរៀបចំ ដោយក្រុមហ៊ុន ACTA BIO Co.Ltd នៅភោជនីយដ្ឋាន Bella Cuisine កាលពីមួយខែមុន លោក សោម សម្បត្តិ នាយកប្រតិបត្តិនៃក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint និងជាម្ចាស់ភោជនីយដ្ឋាន Bella Cuisine បានចែករំលែកនូវចំណុចគន្លឹះចំនួន ៣ ក្នុងការលក់ ដល់អ្នកចូលរួម។
ចំណុចទាំង ៣ ដែលលោកបានលើកឡើងនោះ រួមមាន៖
១.មានជំនឿចិត្តលើផលិតផលដែលខ្លួនលក់ (Believe in Your Product & Service)៖ លោក សោម សម្បត្តិបានលើឡើងថា គ្មានអ្នកណាពូកែលក់ជាងអ្នកណាទេ សំខាន់ថាតើ អ្នកណាមានផលិតផលល្អជាងអ្នកណា។ ត្រង់ចំណុចនេះលោកចង់ពន្យល់ថា ដើម្បីលក់ដាច់ ដំបូងយើងត្រូវមានផលិតផl ដែលល្អ និង មានគុណភាពជាមុនសិន នោះទើបយើងមានទំនុកចិត្តក្នុងការណែនាំទៅកាន់អតិថិជន។ លោកបានបន្ថែមទៀតថា “ត្រូវស្រឡាញ់ផលិតផលដែលអ្នកលក់ ហើយលក់ផលិតផលដែលអ្នកស្រឡាញ់” ដែលលោកចង់បញ្ជាក់ថា ក្នុងនាមជាអ្នកលក់ យើងត្រូវស្គាល់ផលិតផលខ្លួនឯងឲ្យបានច្បាស់សិន មុននឹងលក់ឲ្យអ្នកដទៃ។
២.ធ្វើខ្លួនឲ្យមានសមត្ថភាពក្នុងការលក់៖ លោកបានលើកឡើងថា បន្ទាប់ពីមានផលិតផលរួចហើយ អ្នកត្រូវកសាងសមត្ថភាពយ៉ាងណាឲ្យក្លាយជាអ្នកលក់ដ៏ជំនាញ។ លោកបញ្ជក់ថា លក់ដ៏ពូកែ មិនមែនជាអ្នកពូកែកុហក ឬ បញ្ចុះបញ្ចូលទេ តែជាមនុស្សដែលស្មោះត្រង់ជាមួយអតិថិជន។ បន្ថែមពីលើនេះ អ្នកលក់ត្រូវ ណែនាំផលិតផលដល់អតិថជន ចេះរៀបចំបទបង្ហាញសម្រាប់ការលក់ មានឯកភាពគនិតក្នុងក្រុម និង ចេះពីវិធីសាស្រ្តផ្សេងផ្នែកទីផ្សារ។
៣.ជួយជំរុញអតិថិជនក្នុងការសម្រេចចិត្ត៖ ចំណុចនេះជាចំណុចដែលសំខាន់ជាងក្នុងដំណាក់នៃការលក់។ នាយកប្រតិបត្តិរូបនេះ ពន្យល់ថា អ្នកលក់ដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញទឹកចិត្តអតិថិជនរបស់ខ្លួន។ ការជុំរុញនេះ អាចធ្វើឡើងតាម កាយវិការ ឬពាក្យសម្ដីទន់ភ្លន់ជាដើម។ វិធីល្អមួយទៀតគឺ Paired Comparison ដែលជាការប្រាប់អតិថិជនថា អ្នកដែលជាបុគ្គលល្បីឬ ពូកែ ក៏ប្រើផលិតផលរបស់ខ្លួនដែរ។ នៅពេលទទួលព័ត៌មានដូចនេះ អតិជនអាចនឹងធ្វើការសម្រេចចិត្តដោយមិនរុញរា។ ខាងលើនេះគ្រាន់តែជាចំណុច ៣ ដែលលោក សោម សម្បត្តិពន្យល់ដោយសង្ខេបប៉ុណ្ណោះ ហើយយោគជ័យឬមិនជោគជ័យអាស្រ័យលើការអនុវត្តជាក់ស្ដែងរបស់លោកអ្នក៕
ដោយ៖ រឿន វាសនា