ធនាគារកណ្ដាលថៃ កំពុងអភិវឌ្ឍរូបិយប័ណ្ណអេឡិចត្រូនិក ដោយប្រើបច្ចេកវិទ្យាទម្រង់ blockchain
ធនាគារកណ្ដាលថៃ (BoT) បានប្រកាសថា ខ្លួនរំពឹងបញ្ចប់ការសាកល្បងដំណាក់កាលទី១នៃ ការអភិវឌ្ឍន៍ រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាល (CBDC-central bank digital currency) នៅត្រឹមខែមិនា ឆ្នាំ២០១៩ ខាងមុខ។
ធនាគារកណ្ដាលរបស់ថៃមួយនេះ បានប្រកាសក្នុងសេចក្ដីថ្លែង កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ថា ខ្លួនបានចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន៨ ក្នុងប្រទេសថៃ ដើម្បីធ្វើការដេញថ្លៃមួយបង្កើត CBDC ផ្អែកលើបច្ចេកវិទ្យា Corda អភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាចែកចាយទិន្នន័យ R3។
ក្នុងសេចក្ដីថ្លែងបានបញ្ជាក់ទៀតថា គោលដៅនៃកិច្ចការនេះ គឺប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬអេឡិកត្រូនិក ដើម្បីសម្រួលដល់ប្រតិបត្តិការអន្តរធនាគារ និងបង្កើនប្រសិទ្ធភាព នៃហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុថៃ។
ចំណែកទេសាភិបាលធនាគារកណ្ដាលថៃ បានបង្ហាញគំនិតដំបូងនៃគម្រោងនេះ កាលពីខែមិថុនាដែរថា ការង្កើតនេះគឺដើម្បីស្វែកយល់ពីសក្ដានុពល នៃ blockchain ក្នុងការសម្រួលប្រតិបត្តិការអន្តរធនាគារ មុនវាត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការ ក្នុងទ្រង់ទ្រាយធំ។
ដើម្បីជួយ និងពន្លឿនគម្រោងដែលមានឈ្មោះថា Project Inthanon នេះ ធនាគារថៃបានចុះហត្ថលេខាចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា R3 និងស្ថាប័នហិរញ្ញវត្ថុ ៨ ផ្សេងទៀត រាប់បញ្ចូលទាំង Bangkok Bank Public, Krung Thai, Siam Commercial Bank, Standard Chartered Bank (Thailand) និង HSBC ជាដើម៕
ប្រភព៖ Coindesk ប្រែសម្រួល៖ សុម៉ាវត្តី