ស្រាអំពៅមានតែ១គត់នៅកម្ពុជា គ្រោងពង្រីកខ្លួនបន្ថែមលើទីផ្សារអន្តរជាតិ
បន្ទាប់ពីបានចរាចរណ៍នៅប្រទេសបារាំង និងសិង្ហបុរី ក្រុមហ៊ុនផលិតស្រារសជាតិអំពៅ (Rum) ដែលមានតែមួយគត់នៅកម្ពុជា ឈ្មោះ Samai Distillery កំពុងពិចារណាលើការនាំចេញស្រាប្រភេទនេះ ទៅកាន់ទីផ្សារអន្តរជាតិថ្មីបន្ថែមទៀត។
បើទោះមិនបានបង្ហាញតួលេខលក់នៅប្រទេសទាំងពីរខាងលើ ទីផ្សារអន្តរជាតិថ្មី ដែលក្រុមហ៊ុននេះ សម្លឹងឃើញ និងអាចក្រសោបទីផ្សារបាននៅឆ្នាំក្រោយនោះ មានម៉ាឡេស៊ី ជប៉ុន ហុងកុង និងប្រទេសអេស្ប៉ាញ។
ពាក់ព័ន្ធគម្រោងបើកទំព័រថ្មីនៃអាជីវកម្មភេសជ្ជៈនេះ លោក López de Haro នាយកប្រតិបត្តិជនជាតិវេណេហ្ស៊ុយអេឡា បានប្រាប់ Reuters ថា ក្នុងមួយឆ្នាំក្រុមហ៊ុនរបស់លោក នឹងផលិតស្រានេះឱ្យបានប្រហែល ២០០០ដបក្នុងមួយប្រទេស។
ក្រុមហ៊ុនផលិតស្រារសជាតិអំពៅ Rum មានបុគ្គលិក ១៦នាក់ និងផលិតបាន៥០០ដបក្នុងមួយខែនេះ ត្រូវបានរកឃើញនៅឆ្នាំ២០១៤ ដោយបុរសជនជាតិអាមេរិកខាងត្បូង៣នាក់ និងវេណេហ្ស៊ុយអេឡាលោក López de Haro ហើយបានហក់មកទីក្រុងភ្នំពេញ ក្រោយមើលឃើញប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់ផលិតស្រាប្រភេទនេះ។
បើតាមរបាយការណ៍ស្រាវជ្រាវរបស់ Orbis Research ឆ្នាំ២០១៧ ម៉ាកយីហោក្រុមហ៊ុនល្បីៗបានហក់ចូលច្រើនក្នុងទីផ្សារ Rum ប៉ុន្តែប្រទេសដែលជាទីផ្សារសំខាន់បំផុត ៣ មាន ឥណ្ឌា អាមេរិក និងហ្វីលីពីន ត្រូវគេព្យាករណ៍ថា ការលក់ទំនងនឹងធ្លាក់ចុះ នៅអំឡុងពេលឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១ ព្រោះតែមានការប្រកួតប្រជែងខ្លាំងពីភេសជ្ជៈគ្មានជាតិអាកុល។
គួរបញ្ជាក់ថា ផលិតផលក្រុមម៉ាកយីហោពីររបស់ក្រុមហ៊ុន Samai Distillery ឈ្មោះ Samai's Gold Rum និង Kampot Pepper Rum ទទួលបានមេដាយមាសនៅឯ Madrid International Rum Confrence កាលពីឆ្នាំ២០១៧៕
ប្រភព៖ businesstimes ប្រែសម្រួល៖ សុម៉ាវត្តី