ម៉ាឡេស៊ី លុបគម្រោងវិនិយោគសំខាន់ ៣ គាំទ្រដោយចិនមានទំហំសរុប ២២ពាន់លានដុល្លារ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានលុបចោលគម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ ២២ពាន់លានដុល្លារ គាំទ្រដោយចិនចំនួន ៣ ព្រោះតែប្រទេសរបស់លោក ត្រូវការថវិកាដើម្បីសងបំណុលខ្លួន។ នេះបើតាមប្រភពព័ត៌មាន Financial Express។
គម្រោងទាំងនោះរួមមានផ្លូវដែក ២ខ្សែ តភ្ជាប់ពីឆ្នេរខាងកើតរបស់ម៉ាឡេស៊ី ទៅកាន់ភាគខាងត្បូងប្រទេសថៃ និងកូឡាឡាំពួរ រួមទាំងបំពង់បង្ហូរឧស្ម័នចំនួន២។
លោក Mahathir បានប្រាប់អ្នកយកព័ត៌មានម៉ាឡេស៊ី នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃក្នុងទីក្រុងប៉េកាំងថា៖«វាជាការខ្ចីប្រាក់ដ៏ច្រើន យើងមិនអាចទទួលយក យើងមិនអាចសងត្រឡប់ទៅវិញ ហើយក៏ដោយសារយើង មិនត្រូវការគម្រោងទាំងនេះ សម្រាប់ប្រទេសម៉ាឡេស៊ីនៅពេលនេះ...បញ្ហារបស់យើងឥឡូវនេះ គឺរកវិធីដោះស្រាយឱនភាពហិរញ្ញវត្ថុរបស់យើងសិន»។
នាយករដ្ឋមន្ត្រីរូបនេះ កំពុងព្យាយាមកាត់បន្ថយ បំណុលជាតិម៉ាឡេស៊ី ដែលបានហើមប៉ោងដល់ទៅ ២៥០ពាន់លានដុល្លារ។ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃច័ន្ទ លោក Mahathir ជឿជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងជួយដោះស្រាយបញ្ហាសារពើពន្ធរបស់ខ្លួន។
គម្រោងផ្លូវដែក២ខ្សែរខាងលើ ត្រូវចាយលុយ ២០ពាន់លានដុល្លារ ខណៈគម្រោងសង់បំពង់បង្ហូរឧស្ម័នចំនួនពីរ ត្រូវការលុយវិនិយោគ ២,៣២ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា កាលពីខែឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានលុបចោលគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន រវាងម៉ាឡេស៊ី និងសិង្ហបុរី ដែលយល់ព្រមគ្នាប៉ុន្មានឆ្នាំមកហើយផងដែរ ដោយសារថ្លៃខ្លាំងពេក៕
ប្រែសម្រួល៖ សុម៉ាវត្តី