ដ្បិតមានជម្លោះការទូត តែវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន នៅប្លុកអាស៊ាន
បើទោះវៀតណាម មានជម្លោះការទូតដ៏ក្ដៅគគុក ពាក់ព័ន្ធដែនសមុទ្រចិនខាងត្បូងជាមួយចិនក៏ពិតមែន ប៉ុន្តែប្រទេសនេះ បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតជាលើកដំបូងរបស់ទីក្រុងប៉េកាំង នៅប្លុកអាស៊ាន ដោយពាណិជ្ជកម្មទ្វេភាគីប្រចាំខែ ក្នុងឆ្នាំ២០១៨នេះ មានច្រើនជាង ១០ ពាន់លានដុល្លារអាមេរិក។
ក្នុងខែមិថុនា ឆ្នាំ២០១៨ ទំហំពាណិណ្ជកម្មរវាង ចិន-វៀតណាម បានហក់ដល់ ១១,២ ពាន់លានដុល្លារ ខណៈរវាងចិន និងម៉ាឡេស៊ី ដែលជាដៃគូពាណិជ្ជកម្មធំរបស់ប្រទេសមហាអំណាចសេដ្ខកិច្ចទី២លើលោក មានតែ ៩,៣ ពាន់លានដុល្លារប៉ុណ្ណោះ។ ដោយឡែកក្នុងរយៈពេល ៦ខែឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើន ២៨,៨ % បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ពោលគឺខ្ពស់ជាង ១៥,៥ %។ នេះបើយោងតាម លោក Hu Suo Jin ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅវៀតណាម អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ស្ដីអំពីទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី កាលពីពេលថ្មីៗ។
លោក Hu Suo Jin បានសង្កត់ធ្ងន់ថា នេះជារយៈពេលដ៏ល្អជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ ចំណែកមន្ត្រីពាណិជ្ជកម្មស្ថានទូតចិន ក៏បានឱ្យដឹងដែរថា ខ្លួនបានធ្វើការជាមួយអាជ្ញាធរខេត្ត តាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ដើម្បីសម្រួលការនាំចូល នៃផលិតផលកសិកម្មទៅកាន់ប្រទេសចិន។
ចំណែកលោកស្រី Yin Haihon ភារធារីនៃស្ថានទូតចិន ប្រចាំប្រទេសវៀតណាម ក៏បានប្រកាសដែរថា នៅពាក់កណ្ដាលឆ្នាំ ២០១៩ នឹងមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ ហើយស្ថានទូតចិន នឹងប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញឱ្យសហគ្រាសក្នុងប្រទេសខ្លួន មានការវិនិយោគនៅវៀតណាម៕
ប្រែសម្រួល៖ សុម៉ាវត្តី