លោក អ៊ិន ច័ន្ទធារ៉ា អគ្គនាយកក្រុមហ៊ុននាឡិ៖ ដោយសារក្ដីស្រលាញ់ខ្ញុំហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីនំខ្មែរ
បច្ចុប្បន្ន យើងសង្កេតឃើញថា ប្រជាជនខ្មែរមួយចំនួនហាក់មានទំនោរចូលចិត្តញាំអារហារ ឬចំណីដែលនាំមកពីក្រៅប្រទេស ឬម៉ាកយីហោនៅក្រៅប្រទេស ជាជាងអាហារបែបខ្មែរ ជាពិសេសគឺយុវជនសម័យថ្មីតែម្ដង។ បញ្ហាទាំងនេះហើយ បានធ្វើឲ្យតម្លៃនៃនំខ្មែរ ដែលមានវត្តមាន តាំងពីបុរាណស្ទើរតែត្រូវបានគេបំភ្លេចទៅហើយ។
លោក អ៊ិន ច័ន្ទធារ៉ា អគ្គនាយកក្រុមហ៊ុននាឡិដែលជាក្រុមហ៊ុនផលិតនំខ្មែរបានលើកឡើងក្នុងកម្មវិធីគម្រប់ខួប ១ឆ្នាំរបស់ខ្លួនដូច្នេះថា ៖«អ្វីដែលធ្វើឲ្យខ្ញុំនឹកឃើញបង្កើតក្រុមហ៊ុននាឡិនេះឡើង គឺដោយសារខ្ញុំធ្លាប់មានដំណើរកម្សាន្ត ទៅបរទេសធ្វើឲ្យខ្ញុំអាចស្វែងយល់ថា តើយើងមានអ្វីដែលប្រទេសដទៃមិនមាន។ អ្វីដែលធ្វើឲ្យខ្ញុំនឹកឃើញនំខ្មែរ គឺដោយសារតែដំបូងឡើយ ម្ដាយខ្ញុំឪពុកខ្ញុំនិងបងប្អូនរបស់ខ្ញុំ ៥នាក់បានរៀនសូត្រដល់ចប់មហាវិទ្យាល័យ មានការងារធ្វើរៀងៗខ្លួន ដោយសារតែនំខ្មែរនិងឪពុកម្ដាយជាអ្នកធ្វើផ្ទាល់។ ដូច្នេះខ្ញុំក៏គិតថា អ្វីដែលជាភាពខ្លាំងរបស់យើងគឺយើងមានរួចទៅហើយគឺ នំខ្មែរ ដូច្នេះខ្ញុំក៏បានបង្កើតជាម៉ាកយីហោមួយក្នុងគោលបំណងបង្ហាញពីទំនុកចិត្តទៅសាធារណៈជនដើម្បីគុំឲ្យគាត់មើលឃើញនំខ្មែរនៅក្នុងផ្លូវមួយដែលអន់»។ អគ្គនាយករូបនេះបានបន្ថែមទៀតថា បច្ចុប្បន្ននេះលោកឈរនៅលើមូលដ្ឋានដូនតា ដូច្នេះអ្វីដែលលោក ធ្វើគឺលោកធ្វើចេញពីបេះដូង និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីនាឡិ ដូច្នេះអ្វីដែលជាយុទ្ធសាស្រ្ត លោកចាប់ផ្តើមបង្រៀនប្រជាជនឲ្យគាត់យល់ពីតម្លៃនៃនំខ្មែរតាមរយៈការបង្រៀនជារូបមន្តការបង្រៀនដោយធ្វើជាវីដេអូនិងការផ្សព្វផ្សាយម៉ាកយីហោជាទៀងទាត់ និងបានធ្វើការចែកចាយឲ្យច្រើនដើម្បីឲ្យប្រជាពលរដ្ឋឃើញ។ លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋមិនញាំនំ មិនមែនមានន័យថា គាត់មិនគាំទ្រនោះទេគ្រាន់តែទីផ្សារនៅខ្វះខាតអ្នកផ្គត់ផ្គង់ដោយយើងដឹងហើយថា គ្រប់កម្មវិធីរបស់ខ្មែរយើងគឺត្រូវការនុំខ្មែរ ដូច្នេះលោក ស្វាគមន៍ឲ្យមានដៃគូ ផ្សេងៗទៀតសហការគ្នាដើម្បីលើកតម្កើងនំខ្មែរ ប៉ុន្តែត្រូវឈរនៅលើមូលដ្ឋានអនាម័យដើម្បីកុំឲ្យគេមើលងាយនំខ្មែរដោយសាររូបភាពយើងធ្វើខ្វះអនាម័យ យើងខ្វះការទទួលខុសត្រូវក្នុងការជ្រើសរើសវត្ថុធាតុដើមដែលធ្វើឲ្យនុំខ្មែរយើងធ្លាក់ចុះ។ លោកបានបន្ថែមផងដែរថា បច្ចុប្បន្ននាឡិបានជួយការងារដល់ប្រជាជនកម្ពុជាប្រមាណជា ៣០គ្រួសារ និងតាមរយៈការជួយជ្រោមជ្រែងដោយប្រយោលគឺការទិញនូវផលិតផលកសិកម្មផ្សេងៗពីប្រជាជនគឺយើងជួយបានច្រើនដែរដោយយើងធ្វើការវាស់់ស្ទង់មើលគឺយើងចំណាយជិត ៥មឺនដុល្លា ហើយក្នុងពេលអនាគតខ្ញុំជឿថានាឡិនឹងអាចចូលរួមនៅក្នុងការបង្កើតការងារឲ្យប្រជាជនបានកាន់តែច្រើនតាមរយៈបញ្ជរដែលមានគម្រោងរហូតដល់ទៅ១០០កន្លែងនៅតាមទីសាធារណៈ និងមានគម្រោងបង្កើតជាហាងធំមួយដែលត្រូវការមនុស្សយ៉ាងតិចក៏៤០នាក់ដែរ។
លោក អ៊ិន ច័ន្ទធារ៉ា មានប្រសាសន៍ផ្ដាំផ្ញើរទៅកាន់ប្រជាពលរដ្ឋយ៉ាងទទូចថា៖ "ផលិតផលខ្មែរគឺដើម្បីខ្មែរ" ដើម្បីឲ្យប្រទេសមួយរីកចម្រើនបានទាល់តែសិប្បកម្មខ្នាតតូចខ្នាតមធ្យមនៃផលិតផលខ្មែរត្រូវបានគាំទ្រដោយខ្មែរខ្លួនឯង។ គួរបញ្ជាក់ផងដែរថានាឡិបានបង្កើតឡើងនៅថ្ងៃទី១២ សីហា ២០១៧ គិតមកដល់ថ្ងៃទី១២ សីហា២០១៨នេះគឺនាឡិបានបង្កើតបានមួយឆ្នាំហើយ ដែលបច្ចុប្បន្ននាឡិផលិតនំខ្មែររហូតដល់ទៅ៥០មុខដែលមានជាប្រភេទនុំប្រពៃណីនិងនំកែឆ្នៃជាច្រើនទៀតរហូតដល់ទៅ៣០មុខ ហើយថ្មីៗនេះយើងកំពុងតែត្រៀមចេញចាហ៊ួយដូងថ្មីៗនិងផលិតជាច្រើនមុខទៀតអាចមានរហូតដល់ទៅ៧០មុខក្នុងពេលអនាគតដ៏ខ្លី៕