លោក ទិត សីលា នាយកប្រតិបត្តិសាលារៀនអន្តរជាតិ អនថារីយ៉ូ៖ អប់រំកុមារឱ្យមានលក្ខណៈពេញលេញគួរប្រកាន់នូវគោលការណ៍ ៤
លោក ទិត សីលា នាយកប្រតិបត្តិនៃសាលារៀន អន្តរជាតិ អនថារីយ៉ូ បានលើកឡើងថា ការអប់រំកុមារគឺពិតជាមានសារសំខាន់ណាស់សម្រាប់សង្គមជាតិមួយ ដូច្នេះកុមារនៅក្នុងសតវត្សទី២១នេះ យើងត្រូវអប់រំដើម្បីធ្វើឲ្យពួកគាត់ក្លាយទៅជាពលរដ្ឋសកលជាពលរដ្ឋមួយដែលមានសមត្ថភាពពេញលេញអាចបម្រើខ្លួនឯង គ្រួសារ សង្គមជាតិព្រមទាំងសាកលលោកទាំងមូលផងដែរ។
ដោយឆ្លងកាត់បទពិសោធន៍រយៈពេលយូរឆ្នាំក្នុងវិស័យអប់រំ លោក ទិត សីលា បានលើកឡើងថា កុមារចាំបាច់ត្រូវតែទទួលបានការអប់រំមួយយ៉ាងពេញលេញដែលតម្រូវឲ្យឪពុកម្ដាយ អណាព្យាបាលកុមារ អ្នកថែរទាំ លោកគ្រូអ្នកគ្រូ សាលារៀន ក៏ដូចជាសង្គមទាំងមូលចាំបាច់ ត្រូវផ្ដោតទៅលើវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលមានចំណុចស្នូលសំខាន់ៗចំនួន៤គឺ៖
ទី១ ផ្ដោតទៅលើការអភិវឌ្ឍន៍សង្គមនិងអារម្មណ៍របស់កុមារ ដែលផ្តោតលើការជម្រុញឲ្យកុមារមានមិត្តភក្កិតាំងពីពួគគេនៅតូចៗ។ ទី២ការអភិវឌ្ឍន៍រាង្គកាយគឺផ្ដោតលើសាច់ដុំធំសាច់ដុំតូច និងញ្ញាណទាំង៥របស់គាត់។ ទី៣ការអភិវឌ្ឍន៍ការទំនាក់ទំនងគឺសំដៅទៅលើការប្រើប្រាស់ភាសា និងការបញ្ចូលភាសាបរទេសដែលជាភាសាយ៉ាងសំខាន់នៅក្នុងការទំនាក់ទំនងអន្តរជាតិ។ និងទី៤គឺផ្ដោតលើការអភិវឌ្ឍន៍ការគិតគឺការឲ្យពួកគាត់លេងល្បែងកម្សាន្តណាដែលជួយអភិវឌ្ឍន៍ការគិតរបស់គាត់។
សមត្ថភាពធំៗទាំង៤របស់កុមារគឺជាគ្រឹះដើម្បីធ្វើឲ្យពួកគាត់ក្លាយទៅជាកុមារមួយដែលមានការអភិវឌ្ឍន៍ពេញលេញនិងគ្រប់ជ្រុងជ្រោយអាចឲ្យពួកគាត់ក្លាយទៅជាពលរដ្ឋសាកលមួយរូបដ៏ល្អមានសមត្ថភាព ដែលធ្វើឲ្យយើងដែលជាមនុស្សបច្ចុប្បន្នមានទំនុកចិត្តនៅក្នុងការពឹងពាក់គាត់ដែលជាមនុស្សជំនាន់ក្រោយនៅក្នុងការអភិវឌ្ឍន៍សង្គម។
ក្នុងនោះផងដែរលោក ទិត សីលា សូមផ្ដាំផ្ញើរដល់ឪពុកម្ដាយក៏ដូចជាអណាព្យាបាលកុមារទាំងអស់គួរស្វះស្វែងរកកន្លែងថែទាំកុមារណាដែលមានការគិតគូរពេញលេញចំពោះការអភិវឌ្ឍន៍កុមារដែលមិនមែនត្រឹមតែជាការថែទាំរាង្គកាយគាត់ ឲ្យគាត់ញាំ សម្អាតរាង្គកាយគាត់ ឬលេងជាមួយគាត់ជាការគ្រប់គ្រាន់នោះទេសម្រាប់កុមារតូចដើម្បីឲ្យពួកគាត់មានគ្រឹះរឹងមាំចាំបាច់ត្រូវមានការភ្ញោជនិងការជម្រុញនូវសមត្ថភាពទាំង៤របស់គាត់ផងដែរ៕