ចង់បានអាជ្ញាប័ណ្ណបង្កើតក្រុមហ៊ុន លោកអ្នកគួរទៅក្រសួងណា?
ពាក្យថា (អាជ្ញាប័ណ្ណ-License) ជាទូទៅត្រូវបានគេផ្ដល់និយមន័យថា គឺជាសិទ្ធិអនុញ្ញាតពីក្រសួងផ្សេងៗសម្រាប់ផ្តល់់ឲ្យបុគ្គលណាម្នាក់បើកក្រុមហ៊ុន និងអាចប្រតិបត្តិការអាជីវកម្មរបស់ខ្លួនស្របទៅតាមនីតិវិធីច្បាប់កំណត់។
យោងទៅតាមស្មារតីនៃច្បាប់កម្ពុជា លោកអ្នកតម្រូវឲ្យមានអាជ្ញាប័ណ្ណមួយ ឬ ច្រើនទៅតាមប្រភេទអាជីវកម្មរបស់លោកអ្នកដើម្បីដំណើរការអាជីវកម្មនោះត្រឹមត្រូវទៅបាន។ ហេតុដូច្នេះហើយនៅពេលបើកអាជីវកម្ម លោកអ្នកគួរស្វែងយល់ដោយខ្លួនឯងថា តើលោកអ្នកត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណពីក្រសួងណាខ្លះ។ បញ្ហាដ៏សំខាន់នៅក្នុងការសុំអាជ្ញាប័ណ្ណនោះគឺថា ការសុំអាជ្ញាប័ណ្ណវាអាចមានពីក្រសួងមួយ ឬ ច្រើន។ ឧទាហរណ៍ថា លោកអ្នកចង់បើកក្រុមហ៊ុនអចលនទ្រព្យ ដូច្នេះលោកអ្នកតម្រូវឲ្យទៅសុំអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែមួយប៉ុណ្ណោះ។
ក៏ប៉ុន្តែ បើលោកអ្នកចង់បើកក្រុមហ៊ុនភោជនីយដ្ឋានលោកអ្នកនឹងតម្រូវឲ្យសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលជាដើមដើម្បីការពារសុវត្ថិភាពចំណីអាហារ។ ចំណែកតម្លៃសេវាកម្មនៃការស្នើសុំអាជ្ញាប័ណ្ណ គឺវាអាស្រ័យទៅលើប្រភេទអាជ្ញាប័ណ្ណដែលលោកអ្នកស្នើសុំ ហើយការជាទូទៅលោកអ្នកត្រូវបន្តស្នើសុំអាជ្ញាប័ណ្ណជារៀងរាល់ឆ្នាំតែម្ដង។ នៅក្នុងករណីដែលលោកអ្នកមិនមានអាជ្ញាប័ណ្ណ ត្រឹមត្រូវទេនោះ លោកអ្នកនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ដូចជាការ ការពិន័យ និងបញ្ហាជាច្រើន ទៀត ឬឈានដល់ការបិទអាជីវកម្មតែម្តង ប្រសិនបើក្រសួងរកឃើញកំហុស។ សូមរង់ចាំតាមដានទំព័រពិសេសរបស់ BizKhmer ដែលនឹងលើកយកប្រធានបទ ការចុះបញ្ជីអាជីវកម្ម និងអាជ្ញាប័ណ្ណ ជាច្រើនចុះផ្សាយជូនដល់លោកអ្នក៕