សកម្មភាពចំនួន ៣ដែលអ្នកគួរចៀសវាងធ្វើមុនពេលចូលគេង
មានមនុស្សជាច្រើនមានបញ្ហានៅក្នុងការគេង ក៏ដោយសារតែបានធ្វើនូវសកម្មភាពមួយចំនួនដោយមិនដឹងខ្លួនថាជាសកម្មភាពដែលមានផលរំខានដល់ការគេងរបស់ពួកគេ។ តើសកម្មភាពទាំងនោះមានអ្វីខ្លះ ? ខាងក្រោមនេះគឺជាសកម្មភាពចំនួន៣ដែលមនុស្សភាគច្រើនបានធ្វើវាមុនពេលចូលគេងដោយមិនដឹងខ្លួន និងជាមូលហេតុនៃការគេងមិនលក់របស់ពួកគេ៖
១) ទទួលទានទឹកច្រើន៖ ការទទួលទានទឹកក្នុងបរិមាណតិចល្មមមុនពេលចូលគេងមានផលល្អចំពោះរាងកាយរបស់អ្នក។ យ៉ាងណាមិញ អ្នកមិនគួរទទួលទានទឹកច្រើនពេកមុនពេលចូលគេងនោះទេ ព្រោះអ្នកអាចក្រោកទៅបត់ជើងច្រើនដង ដែលអាចរំខានដល់ដំណេករបស់អ្នកហើយធ្វើឲ្យអ្នកក្រោកមកអស់កម្លាំងនៅពេលព្រឹកបាន។
២) គេងថ្ងៃ៖ ការគេងថ្ងៃអាចបង្កើនថាមពលរបស់អ្នកដែលបានចុះថយបន្ទាប់ពីបំពេញកិច្ចការនៅពេលព្រឹក។ ប៉ុន្តែបើអ្នកគេងច្រើនម៉ោងពេក ជាពិសេសការគេងនៅពេលល្ងាច នោះវាអាចមានផលលំបាកសម្រាប់អ្នកក្នុងការគេងនៅពេលយប់បាន។ ដូច្នេះបើអ្នកចង់បង្កើនថាមពលបន្ថែមនៅពេលថ្ងៃ អ្នកអាចសម្រាកគេងដោយមិនលើសពី១ម៉ោងកន្លះ នោះវានឹងមិនមានផលរំខានអ្វីដល់ដំណេកនៅពេលយប់នោះឡើយ។
៣) ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក៖ មូលហេតុដែលអ្នកចេះតែទទួលបានការណែនាំមិនឲ្យប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលគេង គឺដោយសារតែពន្លឺដែលជះចេញពីឧបករណ៍ទាំងនោះមានផលរំខានដល់ដំណេករបស់អ្នកនិងភ្នែករបស់អ្នកបាន។ ជាជាងប្រើប្រាស់ឧបករណ៍ទាំងនេះ អ្នកគួរជ្រើសរើសធ្វើសកម្មភាពដទៃដូចជាការអានសៀវភៅ ឬស្ដាប់វិទ្យុជាដើម ដើម្បីជួយឲ្យអ្នកគេងលក់ស្រួល៕
ដោយ៖ ស្រីពៅ