បើចង់ជោគជ័យក្នុងជីវិត អ្នកគួរ​ធ្វើ​រឿង​ទាំង​នេះ​​​ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ​



ការ​ងើប​ពី​ព្រលឹម​ដើម្បី​ធ្វើ​អ្វី​មួយ​អាច​​ជា​រឿង​ងាយ​ស្រួល​សម្រាប់​បុគ្គល​ដែល​មាន​គោលដៅ​​ច្បាស់លាស់​។ ប៉ុន្តែ ប្រសិន​អ្នក​​ពិត​ជា​ចង់​ជោគជ័យ ការ​ងើប​ពី​ព្រលឹម​គឺ​មិន​​គ្រប់​គ្រាន់​នោះ​ទេ។

ជីវិត​របស់​អ្នក​ក៏​ត្រូវ​កំណត់​ដោយ​​ពេលវេលា​ដែល​អ្នក​ចំណាយ​ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ​ផង​ដែរ។ បុគ្គល​ដែល​ជោគជ័យ​ច្រើន​តែ​​ធ្វើ​ចំណុច​ខាង​ក្រោម​នេះ​​នៅ​ពេល​ល្ងាច៖

១) វិនិយោគ​លើ​ខ្លួន​ឯង

វិនិយោគ​លើ​ខ្លួន​ឯង​​គឺ​សំខាន់​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​ការ​វិនិយោគ​ទៅ​លើ​ចំណេះ​ដឹង​ព្រោះ​វា​ជា​ទ្រព្យ​ដែល​មិន​ចេះ​រីង​ស្ងួត។ បុគ្គល​ជោគជ័យ​ដឹង​ច្បាស់​ថា​ការ​វិនិយោគ​លើ​ខ្លួន​ឯង​​នឹង​ហុច​ផល​យ៉ាង​ខ្លាំង​នា​ថ្ងៃ​អនាគត។ ដូច្នេះ​ហើយ បុគ្គល​ជោគជ័យ​ច្រើន​តែ​ឆ្លៀត​ពេល​១ឬ​២​ម៉ោង​សម្រាប់​រៀន​​ជំនាញ​បន្ថែម។

២) សួរ​ខ្លួន​ឯង

អ្នក​ខ្លះ​រវល់​តែ​រឿង​ការងារ​ខ្លាំង​ពេក​រហូត​ដល់​ភ្លេច​ពី​គោល​ដៅ​ឬ​សុបិន​របស់​​ខ្លួន​ឯង។ បុគ្គល​ជោគជ័យ​មិន​ដែល​ភ្លេច​ពី​គោលដៅ​របស់​ខ្លួន​ឯង​នោះ​ទេ មុន​ពេល​ចូល​គេង ពួក​គេ​តែង​តែ​សួរ​ខ្លួន​ឯង​តើ​ថ្ងៃ​នេះ​បាន​ធ្វើ​អ្វី​​ហើយ តើ​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ទេ។ល។ ការ​សួរ​ខ្លួន​ឯង​ជា​ប្រចាំ​ក៏​​ជា​ឧបករណ៍​ដែល​​ជំរុញ​ទឹក​ចិត្ត​​អ្នក​ផង​ដែរ។

៣) អាន​សៀវភៅ

ពំនោល​មួយ​ពោល​ថា«​​អ្នក​មិន​ត្រូវ​ឈប់​រៀន​​ឡើយ​ព្រោះ​ជីវិត​មិន​ដែល​ឈប់​បង្រៀន​អ្នក​នោះ​ទេ។» មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​បន្ត​ការ​រៀន​សូត្រ​រហូត​ដល់​​ថ្ងៃ​ស្លាប់​ព្រោះ​សង្គម​អភិវឌ្ឍន៍​ជា​និច្ច។ បើ​អ្នក​ឈប់​នៅ​ថ្ងៃ​នេះ អ្នក​នឹង​ដើរ​ថយ​ក្រោយ​ជា​ពុំ​​ខាត ហើយ​រឿង​បរាជ័យ​នឹង​កើត​មាន​។ បុគ្គល​ជោគជ័យ​អាន​សៀវភៅ​រាល់​ថ្ងៃ​ដើម្បី​ពង្រីក​ចំណេះ​ដឹង​និង​អភិវឌ្ឍន៍​ខ្លួន​ឯង​ដើម្បី​ភាព​ជោគជ័យ​នា​ថ្ងៃ​អនាគត​ផង​ដែរ។

៤) ត្រៀម​ប្រយុទ្ធ​នៅ​ថ្ងៃ​ស្អែក៖ បុគ្គល​ជោគជ័យ​​មិន​មែន​រស់​មួយ​ថ្ងៃ​គិត​មួយ​​ថ្ងៃ​នោះ​ទេ។ ពួក​គេ​តែង​តែ​មាន​គម្រោង​ច្បាស់​លាស់​នូវ​អ្វី​ដែល​ពួក​គេ​​ចង់​ធ្វើ​នា​ថ្ងៃ​បន្ទាប់។ ការ​មាន​គម្រោង​ច្បាស់​លាស់​ ពួក​គេ​ងាយ​ស្រួល​នឹង​ផ្ដោត​អារម្មណ៍​លើ​​ការងារ​នោះ​តែ​ម្តង។ បើ​គ្មាន​គម្រោង​ទេ ​ពួក​គេ​នឹង​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​និង​ខ្ជះខ្ជាយ​ពេលវេលា​សម្រាប់​គិត​ទៀត​៕​

ដោយ៖ អ៊ឹង មុយយូ

X
5s