សកម្មភាពទាំង ៤ដែលអ្នកអាចធ្វើនៅពេលទំនេរ និងមានផលល្អចំពោះសុខភាពរបស់អ្នក
សកម្មភាពដែលយើងធ្វើនៅពេលទំនេរគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់យើង ព្រោះថាវាគឺជាសកម្មភាពដែលអាចឲ្យយើងកម្សាន្តលំហែកាយនិងចិត្ត សម្រាប់ធ្វើអ្វីដែលយើងចូលចិត្តធ្វើ បន្ទាប់ពីទំនេរពីការងារឬការសិក្សា។ ទោះជាយ៉ាងណា វារឹតតែប្រសើរទៅទៀត បើសិនជាសកម្មភាពដែលយើងចូលចិត្តធ្វើនៅពេលទំនេរក៏ជាសកម្មភាពដែលមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរនោះ។
ខាងក្រោមនេះដែរគឺជាសកម្មភាពទាំង៤ដែលអ្នកអាចធ្វើនៅពេលទំនេរនិងថែមទាំងល្អចំពោះសុខភាពរបស់អ្នក៖
១) រាំ
ការរាំគឺជាសកម្មភាពហាត់ប្រាណមួយបែបដែលមានលក្ខណៈកម្សាន្តរីករាយ និងមានអត្ថប្រយោជន៍ចំពោះសុខភាពអ្នកទៀតផង។ ការរាំគឺជាការធ្វើលំហាត់ប្រាណរបស់បេះដូង ដែលមូលហេតុនេះហើយវានឹងធ្វើឲ្យបេះដូងរបស់អ្នកកាន់តែមានសុខភាពល្អ បង្កើនថាមពល និងពង្រឹងឆ្អឹងនិងសាច់ដុំឲ្យកាន់តែរឹងមាំ។ មួយវិញទៀត ការរាំក៏ជួយបង្កើនសុខភាពខួរក្បាលដែរ។ យោងតាមការសិក្សាមួយរបស់ the New England Journal of Medicine បានរកឃើញពីទំនាក់ទំនងរវាងការរាំនិងការធ្លាក់ចុះនៃហានិភ័យពីជំងឺវង្វេងភ្លេចភ្លាំងចំនួន៧៦%។
២) ការដាំដុះដំណាំ
ការដាំដុះដំណាំអាចមិនមែនជាប្រភេទនៃការហាត់ប្រាណ ប៉ុន្តែសកម្មភាពដែលអ្នកដាំដុះ ដកស្មៅ ស្រោចទឹក និងលើកកាន់សម្ភារផ្សេងៗ ចាត់ទុកថាជាការធ្វើលំហាត់ប្រាណដៃជើងរបស់អ្នកដែរ ដែលសកម្មភាពទាំងនេះនឹងជួយបង្កើនភាពរហ័សរហួនរបស់អ្នក ជួយសាច់ដុំនិងបង្កើនថាមពលរបស់អ្នក។ ម្យ៉ាងទៀត ការចេញទៅខាងក្រៅក៏ល្អសម្រាប់អ្នកដែរ ហើយការដាំដុះដំណាំជាប្រចាំថ្ងៃក៏ត្រូវបានការសិក្សាមួយរកឃើញពីទំនាក់ទំនងរបស់វាជាមួយនឹងការចុះថយនៃហានិភ័យពីជំងឺវង្វេងភ្លេចភ្លាំងប្រមាណ៣៦%ដែរ។
៣) ការសរសេរ
មានមនុស្សជាច្រើនបានប្រើប្រាស់ការសរសេរដើម្បីបញ្ចេញអារម្មណ៍របស់ពួកគេ ដែលមិនអាចបញ្ចេញទៅកាន់អ្នកដទៃដោយការនិយាយបាន។ ការសរសេរត្រូវបានគេរកឃើញថាអាចជួយបន្ធូរភាពតានតឹងឬស្ត្រេស និងវិបត្តិផ្លូវចិត្តដែលមានដូចជាការធ្លាក់ទឹកចិត្តជាដើមនេះ។
៤) ចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វអាចកាត់បន្ថយសម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល កាត់បន្ថយអារម្មណ៍ឯការបស់អ្នកចិញ្ចឹមសត្វបាន។ ពួកវាអាចធ្វើជាមិត្តសំឡាញ់ដ៏ល្អរបស់អ្នក ដែលអាចជួយបន្ធូរអារម្មណ៍អ្នកឲ្យល្អបាន៕
ដោយ៖ ស្រីពៅ
សូមអាន៖ ទាំងនេះគឺជាទម្លាប់៤យ៉ាងដែលអ្នកគួរមានចំពោះហិរញ្ញវត្ថុរបស់អ្នក