ចិត្តវិទូ៖ ៣ ចំណុចបង្ហាះថាការរស់នៅម្នាក់ឯងធ្វើឲ្យអ្នកក្លាហាន រឹងប៉ឹង និងរីករាយ
មនុស្សម្នាក់ៗកំពុងតែស្វែងរកដៃគូជីវិតដើម្បីចំណាយពេលរបស់ពួកគេរស់នៅជាមួយគ្នាអស់មួយជីវិត។ ចុះបើសិនបើអ្នកមិនចង់មានដៃគូដើម្បីចំណាយពេលមួយជីវិតជាមួយគេវិញ? អ្នកវិទ្យាសាស្រ្តសង្គមម្នាក់បានចំណាយពេល ២០ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវដោយបានរកឃើញថាមនុស្សអាចរស់នៅដោយម្នាក់ឯងដោយភាពរីករាយ ដោយគ្មានការព្រួយបារម្ភ។ លោកស្រី Bella DePaulo អ្នកជំនាញចិត្តសាស្រ្តនៅសកលវិទ្យាល័យកាលីហ្វញ៉ា និងជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញម្នាក់ផងដែរ បានធ្វើការសិក្សាទៅលើការរស់នៅម្នាក់ឯងថាតើអាចផ្ដល់អត្ថប្រយោជន៍ដល់បុគ្គលខ្លួនផ្ទាល់ សហគមន៍ និងសង្គមជាតិដោយរបៀបណា?
១) ការចូលរួម៖ ការសិក្សាស្រាវជ្រាវមានបង្ហាញថាមនុស្សដែលនៅលីវមានភាពជិតស្និទ្ធជាមួយអ្នកជិតខាង អាចបង្កើតមិត្តភក្ដិថ្មីៗ ចូលរូមក្នុងសកម្មភាពសង្គម និងចូលរួមជួយសហគមន៍បានច្រើន។ ពួកគេស្ម័គ្រចិត្តចូលរួមក្នុងការងារសង្គមផ្សេងៗ ខណៈអ្នកដែលមានគ្រួសារមិនសូវបានចូលរួម ពីព្រោះពួកគេចំណាយពេលនៅជាមួយក្រុមគ្រួសារច្រើនជាង។ មនុស្សដែលនៅលីវចំណាយពេលស្ម័គ្រចិត្តជួយក្នុងមន្ទីពេទ្យ ការអប់រំ សិល្បៈច្រើនជាងអ្នកដែលមានគ្រួសារ។
២) ជីវិតមានន័យ៖ មនុស្សដែលនៅលីវមានឱកាសអភិវឌ្ឍខ្លួន និងមានជីវិតដ៏មានអត្ថន័យ ជាងអ្នកដែលមានគ្រួសារ។ ពួកគេតែងតែទទួលបាននូវបទពិសោធន៍ថ្មីៗ និងការសិក្សារៀនសូត្រកាន់តែច្រើនក្នុងជីវិត។ ពួកគេមានភាពរឹងមាំពេលប្រឈមមុខនឹងបញ្ហា ឬឧបសគ្គក្នុងជីវិតរបស់គេ។ ប៉ុន្តែ អ្នកដែលមានគ្រួសារមានសុខភាពផ្លូវចិត្តទន់ខ្សោយ មិនសូវមានភាពរីករាយ ពេញចិត្តជាមួយជីវិតរបស់គេដោយសារតែពួកគេមានការរំពឹងទុកខ្ពស់ទៅលើដៃគូរបស់គេខ្លាំងពេក។ មនុស្សដែលនៅលីវមានជីវិតរស់នៅដ៏មានន័យ ដោយគ្មានការព្រួយបារម្ភជាងអ្នកមានគ្រួសារ។
៣) មានពេលវេលា៖ មនុស្សដែលមានគ្រួសារខ្វាយខ្វល់ពីដៃគូរបស់គេច្រើនពេក ដូចនេះពួកគេបាត់បង់ឱកាសក្នុងការទទួលយកបទពិសោធន៍ថ្មីៗ ការផ្សងព្រេង និងការជួបមនុស្សថ្មីៗដែលអាចផ្លាស់ប្ដូរជីវិតរបស់ពួកគេ។ ប៉ុន្តែមនុស្សដែលនៅលីវមានពេលវេលាច្រើនសម្រាប់មិត្តភក្តិចាស់ៗរបស់គេ និងពួកគេចូលចិត្តបង្កើតចំណងទំនាក់ទំនងមិត្តភក្តិថ្មីៗជាច្រើន។ ពួកគេមានឱកាសច្រើនដើម្បីរៀនសូត្រពីមនុស្សថ្មីៗ និងបង្កើនចំណងទំនាក់ទំនងច្រើន៕
ចុចអាន៖ គន្លឹះសំខាន់ៗ ៩យ៉ាង ដែលនាំឲ្យជីវិតរបស់អ្នកមានភាពរីករាយ ស្រស់ថ្លា
ដោយ៖ លង់ វណ្ណៈ