​វិធីសាស្ត្រ​​សាមញ្ញ​​ ៣​យ៉ាង​​ដើម្បី​​គេច​ឱ្យ​ផុត​ពី​ជំពាក់​លុយ​គេ​​



បញ្ហា​បំណុល​ មិន​មែន​ជា​រឿង​តូច​តាច​នោះ​ទេ​ ​សម្រាប់​ជីវភាព​គ្រួសារ​ ​ក៏​ដូច​ជា​បញ្ហា​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន។ ​វិធី​ខាង​​ក្រោម​ងាយ​ៗ​​ ៣​យ៉ាង​នេះ​ អាច​ជួយ​លោក​អ្នក​ឱ្យ​ជៀស​ផុត​ពី​បំណុល​ ដែល​អាច​ឈាន​ដល់​វ័ណ្ឌក​អ្នក​បាន។

១) ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​មនសិកា​ថា​ឈប់​ខ្ចី​លុយ​គេ​ទៀត៖ ​​ប្រសិន​បើ​លោក​អ្នក​ចង់​​​គេច​ឱ្យ​​ផុត​​ពី​បំណុល​​ គឺ​ត្រូវ​តែ​ឈប់​ខ្ចី​លុយ​គេ​បន្ត​ ជា​ពិសេស​ខ្ចី​លុយ​ទៅ​ចំណាយ​ដើម្បី​ភាព​ហឺហារ។ ការ​​ខ្ចី​​លុយ​ពី​ប្រភព​​ច្រើន​យ៉ាង​ គឺ​រឹត​​តែ​ធ្វើ​ឱ្យ​អ្នក​វ័ណ្ឌក​ ជា​ពិសេស​គឺ​ការ​ខ្ចី​លុយ​ពី​ប្រភព​មួយ​ទៅ​សង​ប្រភព​មួយ​ទៀត​ដែល​គ្មាន​​ប្រភព​ចំណូល​ផ្ទាល់​ខ្លួល​ដើម្បី​បង្វិល​សាច់​ប្រាក់។ ​ដូច្នេះ​​លោក​អ្នក​ត្រូវ​តែ​​រឹងមាំ​​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ និង​​រឹង​មាំ​ផ្នែក​ស្មារតី​ដោយ​តឹង​ចិត្ត​ថា​ ឈប់​ខ្ចី​បំណុល​គេ​ទៀត។

២) ​បង្កើន​ប្រភព​ ឬ​ប្រាក់​ចំណូល​បើ​អាច​ធ្វើ​ទៅ​បាន​៖ បង្កើត​ប្រភព​ចំណូល​ឱ្យ​បាន​​កាន់​តែ​ច្រើន​ ​ឬ​ខិតខំ​រក​ចំណូល​កាន់​តែ​ច្រើន​បើ​អាច​ធ្វើ​ទៅ​បាន។ ​នៅ​ពេល​ដែល​លោក​អ្នក​មាន​ប្រភព​ចំណូល​​ច្រើន​មិន​រំពឹង​ប្រភព​ចំណូល​តែ​មួយ​​នោះ​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​មាន​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ពិសេស​​អាច​មាន​លុយ​សន្សំ​ខ្លះ​ទុក​ជា​ទុន​សម្រាប់​ប្រើ​ប្រាស់​នា​ពេល​អនាគត។

៣) ​បើ​មាន​បំណុល​​ត្រូវ​​មាន​ផែនការ​សង​ច្បាស់​លាស់​៖ ប្រសិន​បើ​លោក​អ្នក​មាន​បំណុល​ ​លោក​អ្នក​ត្រូវ​តែ​​មាន​ផែនការ​​សង​ច្បាស់​លាស់។ ផែនការ​សង​គឺ​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់កាល​ កាន់​តែ​ច្រើន​ដំណាក់​កាល​ កាន់​តែ​ល្អ​ ហើយ​ត្រូវ​យក​សាច់​ប្រាក់​ដែល​សល់​ពី​ការ​ចំណាយ​​ឬ​សន្សំ​ខ្លះ​​មក​សង។ ​មិន​ត្រូវ​ទុក​ចាំ​ដំណាក់​កាល​បំណុល​ឡើង​គរ​នោះ​ទេ​ ជា​ពិសេស​លុយ​កាក់​នឹង​មនុស្ស​មួយ​ចំនួន​គឺ​មិន​សូវ​ត្រូវ​គ្នា​នោះ​​ទេ​ ពោល​គឺ​​​មិន​សល់​តែ​ម្ដង​បើ​មិន​ចាត់​ចែង​ត្រឹម​ត្រូវ​៕

ដោយ៖ រតនៈវិភូ​​

X
5s