​​​​ទីផ្សារ​ភាគហ៊ុន​ចិន​ កំពុង​ជួប​​គ្រោះ​ធំ​​រាល​ដាល​ដល់​​បណ្ដា​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​​



ទីផ្សារ​​ភាគហ៊ុន​ចិន​កំពុង​ជួប​គ្រោះ​ធំ​ ពោល​គឺ​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដួលរលំ​តែ​ម្ដង​នា​​ពេល​បច្ចុប្បន្ន​​ស្រប​ពេល​​សន្ទស្សន៍​​ទីផ្សារ​ Shanghai Composite ​បាន​ធ្លាក់​ចុះ​ ៣០%​​​ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​ពីរ​បី​សប្ដាហ៍​នេះ​ប៉ុណ្ណោះ។

​​​​​បញ្ហា​នេះ​ កំពុង​តែ​ចាប់​ផ្ដើម​រាលដាល​ដល់​ទីផ្សារ​ភាគហ៊ុន​​នៅ​បណ្ដា​​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​មួយ​ចំនួន​​ និង​ទីផ្សារ​វត្ថុធាតុ​ដើម​​សកល។ ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ Business Insider មូល​ហេតុ​សំខាន់​នៃ​បញ្ហា​នេះ​ គឺ​​ប្រជាជន​ចិន​រាប់​លាន​នាក់​​បាន​​ចាក់​សាច់​ប្រាក់​ជាប់​បំណុល​ទៅ​ក្នុង​​ទីផ្សារ​ភាគហ៊ុន​​​ដែល​ធ្វើ​ឱ្យ​តម្លៃ​​​​ធ្លាក់​ចុះ​ ស្ថិត​នៅ​ក្នុង​​កម្រិត​​អស្ថិរភាព។ ​​ជា​ឧទាហរណ៍​ងាយ​យល់​គឺ​ថា​ ​​នៅ​ពេល​​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ​ ​​អ្នក​វិនិយោគ​មួយ​ចំនួន​បង្ខំ​ចិត្ត​លក់​ភាគហ៊ុន​ដើម្បី​​​ទូទាត់​បំណុល​​ដែល​ខ្ចី​ទិញ​ភាគហ៊ុន​ និង​ដើម្បី​ទូទាត់​ការ​ខាតបង់។ ​​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ចលាចល​នៅ​ក្នុង​ទីផ្សារ​ ដែល​​ជំរុញ​ឱ្យ​តម្លៃ​ភាគហ៊ុន​បន្ត​ធ្លាក់​ថ្លៃ។

​តាម​ទិន្នន័យ​គឺ​មាន​ប្រជាជន​ចិន​ប្រមាណ​​ ៩០​លាន​នាក់​ជា​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ពោល​គឺ​ស្មើ​នឹង​ ៨០​%​នៃ​អ្នក​វិនិយោគ​ក្នុង​ទីផ្សារ​ភាគហ៊ុន​សរុប។ ​តាម​សេចក្តី​រាយការណ៍​របស់​ Bloomberg ​​ចំនួន​អ្នក​វិនិយោគ​ទីផ្សារ​​ភាគហ៊ុន​នៅ​ចិន​គឺ​ច្រើន​ជាង​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​ទៅ​ទៀត៕​ ដោយ៖ រតនៈ​វិភូ

X
5s