​ទម្លាប់​រវល់​ៗ​ ៥​យ៉ាង​ដែល​លោក​អ្នក​​ត្រូវ​កម្ចាត់​ចេញ​ឱ្យ​បាន​​



​លោក​អ្នក​គួរ​សម្លឹង​មើល​​ពី​​ទម្លាប់​របស់​ខ្លួន​​មួយ​ចំនួន​ ដែល​ត្រូវ​កម្ចាត់​ចោល​​ដើម្បី​ធានា​បាន​យ៉ាង​ណា​ ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ៗ​ទៅ​មួយ​ឆ្នាំ។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដែល​​លោក​អ្នក​គួរ​កម្ចាត់​ចោល​ឱ្យ​បាន។

១) ​កុំ​ធ្វើ​ឱ្យ​ខ្លួន​ដិត​ជាប់​​តែ​វិប្បដិសារី​៖ រឿង​អតីតកាល​គឺ​ត្រូវ​ចាត់​ទុក​ជា​មេរៀន​ ពោល​គឺ​មិន​ត្រូវ​ឱ្យ​កំហុស​កើត​​ឡើង​ម្ដង​ទៀត​ឱ្យ​សោះ។ ​ប៉ុន្តែ​រឿង​ដែល​​​​គួរ​ធ្វើ​ ​គឺ​​មិន​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ផុង​ជាប់​នៅ​ក្នុង​វិប្បដិសារី​​​ដែល​​ធ្វើ​ឱ្យ​ខ្លួន​មិន​អាច​ធ្វើ​​អ្វី​បាន​​ឱ្យ​សោះ។ ​ត្រូវ​រឹងប៉ឹង​ឡើង​ ហើយ​ត្រូវ​ដើរ​ទៅ​មុខ​ប្រកប​ដោយ​ក្ដី​សង្ឃឹម។ ​អតីត​កាល​ ត្រូវ​ចាត់​ទុក​​ ជា​​មេរៀន​ដែល​ត្រូវ​កែ​ប្រែ។

២) ​ទម្លាប់​ខ្ចី​លុយ​គេ៖​ មិន​ថា​ខ្ចី​​ពី​មិត្តភក្ដិ​ មិន​ថា​ខ្ចី​​ពី​អ្នក​ជិត​ខាង​ និង​មិន​ថា​ខ្ចី​ពី​ធនាគារ​ លោក​អ្នក​គួរ​តែ​​កម្ចាត់​ចោល​ទម្លាប់​ខ្ចី​លុយ​បង្កើត​បំណុល​​នេះ​ឱ្យ​បាន។ បើ​ខ្ចី​គេ​ គឺ​ត្រូវ​តែ​សង​​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​បើ​ខ្ចី​ដើម្បី​រក​ស៊ី​ គឺ​ត្រូវ​ប្រាកដ​​ខ្លួន​ឯង​ មាន​ប្រភព​ដើម្បី​បង្វិល​សង​ មិន​នាំ​ឱ្យ​អ្នក​ឡុង​ចុង​​វ័ណ្ឌក។

៣) ​ទម្លាប់​ខ្ជិល​ធ្វើ​ការ​ឬ​រក​ស៊ី៖ ​បើ​ចង់​មាន​បាន​​ និង​ចង់​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​ ត្រូវ​តែ​​កម្ចាត់​ទម្លាប់​​ខ្ជិល​ធ្វើ​ការ​ ឬ​ខ្ជិល​រក​ស៊ី​នេះ​ឱ្យ​បាន។ ​​ទម្លាប់​ខ្ជិល​នេះ​ ក៏​រាប់​បញ្ចូល​ទាំង​​ការ​គេង​ទ្រមក់ ​គេង​ថ្ងៃ​រាប់​ម៉ោង​ផង​ដែរ។ ​ត្រូវ​ដាក់​ចិត្ត​ធ្វើ​ការ​ និង​រក​ស៊ី​ បង្កើន​ប្រភព​ចំណូល​ រក​លុយ​បាន​កាន់​តែ​ច្រើន​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ និង​តាម​វិធី​សុច្ចរឹត។

៤) ​តែង​តែ​រក​លេស​ដាក់​ខ្លួន​ឯង​៖ ឈប់​រក​លេស​ដាក់​ខ្លួន​ឯង​ទៀត​ទៅ។ ​គ្មាន​ពាក្យ​ថា​ យឺត​ពេល​ហើយ​ ​ចាស់​ពេក​ហើយ​ ឬ​ហត់​នឿយ​ពេក​ហើយ​ក្នុង​វចនានុក្រម​នៃ​មនុស្ស​​ឧស្សាហ៍​​នោះ​ទេ។ ​បើ​លោក​អ្នក​នៅ​តែ​​ជ្រើស​រើស​ពាក្យ​ទាំង​បី​​ឃ្លា​នេះ​​ នោះ​ហើយ​គឺ​ជា​​លេស​សម្រាប់​ខ្លួន​ឯង​ ដែល​ធ្វើ​ឱ្យ​អ្នក​មិន​អាច​វិវឌ្ឍន៍​ខ្លួន​បាន​ប្រសើរ​នោះ​ទេ។

៥) ​កុំ​ឱ្យ​ភាព​ភ័យ​​ខ្លាច​គ្រប​ដណ្ដប់​អ្នក​៖ បើ​ចង់​រក​ស៊ី​ ឬ​ចង់​បោះ​ជំហាន​ទៅ​ក្នុង​​ពិភព​ការងារ​ កាន់​តែ​លេច​ធ្លោ​ និង​ខ្ពង់ខ្ពស់​ជាង​មុន​ ​លោក​អ្នក​ត្រូវ​តែ​បំបាត់​ឱ្យ​បាន​នូវ​ភាព​ភ័យ​ខ្លាច។ ​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​រឹងប៉ឹង​ បោះ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​ថាមពល​ ​យុទ្ធសាស្ត្រ​ និង​ផែនការ​ច្បាស់​លាស់ នោះ​​លោក​អ្នក​នឹង​លែង​ភ័យ​ក្នុង​ការ​ដឹក​នាំ​មាគ៌ា​ជីវិត​របស់​លោក​អ្នក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង៕​

ដោយ៖ រតនៈ​វិភូ

X
5s