ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ
លោកស្ទីវ ចប (Steve Jobs) ស្ថាបនិកក្រុមហ៊ុន Apple ហើយលោកគឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យបច្ចេកវិទ្យាផងដែរ។ លោកស្ទីវ ចប ទទួលអាណិច្ចកម្មក្នុងអាយុ ៥៦ឆ្នាំ ដោយសារជំងឺមហារីក ក្នុងឆ្នាំ ២០១១។ ខាងក្រោមនេះគឺជាពាក្យសម្ដីចុងក្រោយរបស់លោក ស្ទីវ ចប ធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ៖
ខ្ញុំបានឈានចូលមកដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងពិភពពាណិជ្ជកម្មហើយ។ ក្នុងក្រសែភ្នែករបស់អ្នកដ៏ទៃ ជីវិតរបស់ខ្ញុំប្រៀបដូចជាឧទារហណ៍ដ៏អស្ចារ្យខ្លាំងណាស់។ ប៉ុន្តែក្រៅពីការធ្វើការ ជីវិតរបស់ខ្ញុំមានសេចក្ដីសុខ ភាពរីករាយតិចតួចណាស់ ហើយនៅទីបញ្ចប់នៃជីវិតរបស់ខ្ញុំ ទ្រព្យសម្បត្តិគ្រាន់តែជារឿងពិតមួយនៃជីវិតប៉ុណ្ណោះ។ ឥឡូវនេះ ខ្ញុំកំពុងតែគេងលើគ្រែអ្នកជំងឺ និងរំលឹកពីជីវិតរបស់ខ្ញុំឡើងវិញ។
ខ្ញុំមានការភ្ងាក់ខ្លួនថាការទទួលស្គាល់និងទ្រព្យសម្បត្តិដែលខ្ញុំមានសេចក្ដីពេញចិត្តនោះបានប្រែក្លាយទៅជាគ្មានន័យអ្វីសោះនៅចំពោះមុខការស្លាប់ដែលនឹងឈានចូលមកដល់។ ក្នុងស្បៃអន្តកាលដ៏ងងឹតខ្ញុំមើលឃើញពន្លឺភ្លើងពណ៍ខៀវចេញពីឧបករណ៍ជំនួយជីវិត និងលឺសម្លេងរហ៊ឹមៗចេញពីម៉ាស៊ីនជិតខ្លួនរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាការស្លាប់កាន់តែឈានមកដល់បន្ដិចម្ដងៗហើយ។ ពេលនេះទើបខ្ញុំដឹងថាអ្វីដែលខ្ញុំគួរតែរក្សានោះគឺមិនមែនជាទ្រព្យសម្បត្តិនោះទេ តែជាទំនាក់ទំនង សិល្បះ ឬជាក្ដីសុបិន្តដែលខ្ញុំមានកាលពីក្មេងទៅវិញទេ។ ព្រះជាម្ចាស់បានផ្ដល់ឲ្យពួកយើងនូវញាណដែលអនុញ្ញាតិឲ្យពួកយើងដឹងពីក្ដីសេចក្ដីស្រលាញ់ដែលមានក្នុងមនុស្សគ្រប់រូប តែមិនមែនជាទ្រព្យសម្បត្តិនោះទេ។
ទ្រព្យសម្បត្តិដែលខ្ញុំមានទាំងប៉ុន្មានគឺខ្ញុំមិនអាចយកទៅតាមខ្លួនបាននោះទេ ប៉ុន្តែអ្វីដែលខ្ញុំអាចយកទៅជាមួយបាននោះគឺមានតែការចងចាំ និងអនុស្សាវរីយ៍ដែលចេញពីក្ដីស្រលាញ់ប៉ុណ្ណោះ។ ក្ដីស្រលាញ់គឺជាទ្រព្យសម្បត្តិដ៏ពិតប្រាកដដែលតែងតែតាមអ្នក ទៅជាមួយអ្នក និងផ្ដល់នូវកម្លាំងចិត្តនិងពន្លឺនៃក្ដីសង្ឃឹមដល់អ្នកដើម្បីឲ្យអ្នកឈានជើងបន្តដំណើរទៅមុខទៀត។ ក្ដីស្រលាញ់អាចហោះហើររាប់ពាន់យោជន៍។ ជីវិតគឺគ្មានដែនកំណត់នោះទេ អ្នកអាចទៅគ្រប់កន្លែងដែលអ្នកចង់ទៅ ឡើងឲ្យដល់កំពូលដែលអ្នកចង់ទៅ។ អ្វីទាំងអស់គឺស្ថិតក្នុងបេះដូងនិងដៃរបស់អ្នក។
តើគ្រែអ្វីដែលមានតម្លៃថ្លៃបំផុតក្នុងលោក? នោះគឺគ្រែអ្នកជំងឺ។ អ្នកអាចជួលមនុស្សឲ្យបើឡានឲ្យអ្នក បញ្ជាមនុស្សឲ្យរកលុយឲ្យអ្នក តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកបានទេ។ អ្វីគ្រប់យ៉ាងនឹងបាត់បង់ទៅអាចរកមកវិញ ប៉ុន្តែរបស់មួយដែលបាត់បង់ហើយមិនអាចរកមកវិញបាននោះគឺ «ជីវិត»។ ពេលដែលអ្នកចូលក្នុងបន្ទប់វះកាត់ អ្នកនឹងភ្ងាក់ខ្លួនថា អ្នកមានសៀវភៅមួយក្បាលដែលអ្នកអានមិនទាន់ចប់នោះគឺ សៀវភៅពីរបៀបថែរក្សាសុខភាពឲ្យល្អបំផុត។
មិនថាជីវិតរបស់អ្នកស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាមួយនឹងពេលវេលាវាំងននជីវិតនឹងមកដល់ចំពោះមុខអ្នក។ ដូចនេះ អ្នកគួរតែរៀនស្រលាញ់គ្រួសាររបស់អ្នក មនុស្សជាទីស្រលាញ់របស់អ្នក និងមិត្តភក្ដិរបស់អ្នកឲ្យបានច្រើនៗ។ ចូរអ្នកស្រលាញ់ និងថែរក្សាខ្លួនអ្នកឲ្យបានល្អ។ ជីវិតរបស់អ្នកខ្លីណាស់ ដូចនេះអ្នកគួរតែព្យាយាមធ្វើរឿងដែលមានប្រយោជន៍ដល់អ្នកដ៏ទៃ ក្រុមគ្រួសារ និងសង្គមជាតិរបស់អ្នក៕
ចុចអាន៖ សម្រង់សម្ដីអប់រំជីវិត៧ឃ្លាពីស្ថាបនិកក្រុមហ៊ុន Apple លោក ស្ទីវចប
ប្រែសម្រួល៖ លង់ វណ្ណៈ