សម្រង់សម្ដីទាំង ១០ឃ្លារបស់អ្នកនិពន្ធប្រលោមលោក និងអ្នកតែងនិពន្ធទំនុកចម្រៀង លោក Paulo Coelho​



លោក Paulo Coelho មាន​កំណើត​ក្នុង​ឆ្នាំ​១៩៤៧ គឺជា​អ្នក​តែង​និពន្ធ​ទំនុក​ចម្រៀង អ្នក​និពន្ធ​រឿង​ប្រលោមលោក​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​ប្រេស៊ីល។ ស្នាដៃ​ប្រលោមលោក​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​របស់​លោក​មាន​ឈ្មោះ​ថា The Alchemist។ ខាងក្រោម​នេះ​គឺជា​ការ​ដក​ស្រង់​នូវ​សម្ដី​របស់​លោក​ចំនួន​១០ឃ្លា ដែល​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​អំពី​ជីវិត៖

១) «តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​មនុស្ស​ទន់ខ្សោយ ? តម្រូវការ​របស់​ពួកគេ​សម្រាប់​ការ​ទទួលស្គាល់​ឲ្យ​តម្លៃ និង​ការ​មាន​កិត្តិយស និង​តម្រូវការ​របស់​ពួកគេ​នៅ​ក្នុង​ការ​ទទួល​អារម្មណ៍​ថា​ជា​មនុស្ស​សំខាន់។ ចូរ​កុំ​ជាប់​នៅ​ក្នុង​អន្ទាក់​ទាំងនេះ​ឲ្យ​សោះ»។

២) «បើ​អ្នក​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​និយាយ​ថា​លា នោះ​ជីវិត​នឹង​ផ្ដល់​រង្វាន់​អ្នក​វិញ​ជាមួយ​នឹង​ការ​សួស្ដី​ថ្មី»។

៣) «ខ្ញុំ​នឹង​នៅ​តែ​អាច​ស្រឡាញ់ មិន​ខ្វល់​ថា​តើ​ខ្ញុំ​នឹង​ត្រូវ​បាន​ក្ដី​ស្រឡាញ់​ត្រឡប់​មក​វិញ​ឬ​អត់​នោះ​ទេ។ ផ្ដល់​ឲ្យ បើ​ទោះ​ជា​ខ្ញុំ​គ្មាន​អ្វី​សោះ​ក៏​ដោយ។ ធ្វើការ​ដោយ​ក្ដី​រីករាយ បើ​ទោះ​ជា​ឋិត​នៅ​ក្នុង​ការ​លំបាក​ក៏​ដោយ។ កាន់ដៃ​របស់​ខ្លួនឯង បើ​ទោះ​ជា​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ហើយ​ត្រូវ​បាន​បោះបង់​ចោល​ក៏​ដោយ។ ជូត​ទឹក​ភ្នែក​ខ្លួនឯង បើ​ទោះ​ជា​ខ្ញុំ​កំពុង​យំ​ក៏​ដោយ។ ជឿជាក់ បើ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ជឿជាក់​លើ​ខ្ញុំ​ក៏​ដោយ។»

៤) «របៀប​ដែល​មនុស្ស​ធ្វើ​ដាក់​អ្នកដទៃ គឺជា​ចំណាំងផ្លាត​ដោយ​ផ្ទាល់​នៃ​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​ចំពោះ​ខ្លួនឯង»។

៥) «នៅ​ក្នុង​ការ​ជឿជាក់​ទៅលើ​ជម្រើស​របស់​ខ្លួនឯង អ្នក​មិន​ចាំបាច់​ស្រាយ​បញ្ជាក់​ថា​ជម្រើស​របស់​អ្នកដទៃ​ខុស​នោះ​ទេ»។

៦) «កុំ​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក​សម្រាប់​ការ​បកស្រាយ​ឲ្យ​សោះ។ មនុស្ស​គ្រាន់តែ​ឮ​ពី​អ្វី​ដែល​ពួកគេ​ចង់​ឮ​តែ​ប៉ុណ្ណោះ»។

៧) «បើ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ស្រឡាញ់​អ្នក នោះ​នឹង​មាន​រឿង​មិន​ស្រួល​អ្វី​ម្យ៉ាង​ហើយ។ ស្វែងរក​យ៉ាង​ហោច​ណាស់​សត្រូវ​ម្នាក់​ដើម្បី​ដាស់​រំលឹក​ស្មារតី​អ្នក»។

៨) «មនុស្ស​គ្រប់​គ្នា​ហាក់​ដូចជា​មាន​គំនិត​យ៉ាង​ច្បាស់លាស់​អំពី​របៀប​ដែល​អ្នកដទៃ​គួរ​ដឹកនាំ​ជីវិត​របស់​គេ ប៉ុន្តែ​គ្មាន​ណា​មួយ​អំពី​របស់​គាត់​នោះ​ឡើយ»។

៩) «ចាប់​តាំង​ពី​យើង​ចាប់​កំណើត​មក មនុស្ស​តែងតែ​ប្រាប់​ពួក​យើង​ថា​ពិភពលោក​គឺ​បែប​នេះ ហើយ​បែប​នោះ របៀប​នេះ និង​របៀប​នោះ។ វា​គឺជា​រឿង​ធម្មជាតិ​នោះ​ទេ ដែល​បន្ទាប់​ពី​ក្នុង​អំឡុង​ពេល​ជាក់លាក់​ណាមួយ ពួក​យើង​ក៏​បាន​ជឿជាក់​ទៅលើ​អ្វី​ដែល​ពួក​យើង​ត្រូវ​បាន​ប្រាប់។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ពួក​យើង​ក៏​ត្រូវ​រុញ​ច្រាន​នូវ​គំនិត​អស់​ទាំងនោះ​ចោល​មួយ​ឡែក និង​ស្វែងរក​ផ្លូវ​របស់​យើង​ដើម្បី​រស់នៅ​ការ​ពិត»។

១០) «ជីវិត​មិនមែន​ជា​ការ​ផ្ដល់​ចម្លើយ​ដ៏​ល្អ​នោះ​ទេ តែ​វា​គឺជា​សំណួរ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍»។

ដោយ៖ ស្រីពៅ សូមអាន៖ សម្រង់ប្រយោគទាំង ១០ឃ្លាជួយអ្នកឲ្យភ្លឺស្វាងឡើងវិញ

X
5s