បណ្ឌិត គក បូរ៉េន នាយិកានាយកដ្ឋានកិច្ចការច្បាប់ធនាគារ ANZ Royal៖ «គោលការណ៍ ៥ ដែលនាំខ្ញុំមកដល់ទីនេះ!»
លោកស្រីបណ្ឌិត គក បូរ៉េន នាយិកានាយកដ្ឋានកិច្ចការច្បាប់ធនាគារអេអិនហ្សិតរ៉ូយ៉ាល់ បានចែករំលែកពី គោលការណ៍ ៥ អំពីជីវិត ក៏ដូចជាបទពិសោធន៍នៃភាពជោគជ័យរបស់លោកស្រី ក្នុងកម្មវិធីសិក្ខាសាលាមួយស្ដីអំពីអាជីពក្នុងក្ដីសុបិនរបស់ខ្ញុំ (MY DREAM CAREER) នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)កាលពីព្រឹកថ្ងៃទី០៨ មិថុនាកន្លងទៅនេះ។
ទី១ ការរាប់អានមិត្តភកិ្ដជុំវិញខ្លួន ៖យើងត្រូវរាប់អានមិត្តភក្ដិឲ្យបានច្រើនគ្រប់ប្រភេទប៉ុន្តែសេពគប់មិត្តភកិ្ដណាដែលនាំយើងត្រូវ ដោយយើងចេះឲ្យយោបល់គ្នា ស្រលាញ់គ្នា និងចំណាយពេលច្រើនជាមួយគ្នា និងរៀនពីគ្នាទៅវិញទៅមក សម្រាប់ខ្ញុំចំពោះមិត្តភកិ្ដណាដែលចូលចិត្តចូលបណ្ណាល័យដូចខ្ញុំ ខ្ញុំដើរជាមួយប៉ុន្តែខ្ញុំនៅតែរាប់អានមិត្តភិក្ដដទៃទៀត។
ទី២ ស្ដាប់យោបល់របស់អ្នកដែលនៅជុំវិញខ្លួន៖ ស្ដាប់យោបល់របស់អ្នកដែលនៅជុំវិញខ្លួនតែជ្រើសរើសយកយោបល់ណាដែលល្អ ហើយយកយោបល់ណាដែលមិនល្អដូចជាការទិតៀន ការរិះគន់មកធ្វើជាកម្លាំងរុញយើងជាទម្រទ្រជើងយើងឡើងឲ្យខ្ពស់។
ទី៣ ការតាំងចិត្ត៖ ការតាំងចិត្តថាត្រូវធ្វើអ្វីមួយឲ្យល្អ ទោះការងារទាំងនោះយើងចូលចិត្តក៏ដោយមិនចូលចិត្តក៏ដោយប៉ុន្តែត្រូវធ្វើវាឲ្យល្អបំផុត ដោយប្រើឲ្យអស់ពីសមត្ថភាពរបស់ខ្លួន។
ទី៤ ឆក់យកឱកាសរៀនសូត្រ៖ បើសិនជាយើងនៅរៀនមានឳកាសចូលរួមស្ម័គ្រចិត្តធ្វើអ្វីមួយ យើងត្រូវចេះឆក់យកឳកាស់ទាំងនោះ ព្រោះវាមិនមែនជាការចំណាយកម្លាំងដោយឥតប្រយោជន៍នោះទេក៏ប៉ុន្តែជាឳកាសដែលយើងអាចរៀនសូត្របានពីការងារទាំងអស់នោះ សូម្បីតែនៅក្នុងការងារសព្វថ្ងៃក៏ដោយទោះខ្ញុំមានការងារហើយក៏ដោយក៏ខ្ញុំនៅតែឆក់ឳកាសធ្វើនេះធ្វើនោះដើម្បីខ្ញុំបានរៀនសូត្រពីការងារអស់ទាំងនោះ។
ទី៥ មានក្រមសិលធម៌សម្រាប់ខ្លួនឯង៖ រក្សាសេចក្ដីថ្លៃថ្នូរ មិនមែនលុយគឺជាអ្វីៗសព្វបែបយ៉ាងនោះទេ ភាពមានបានគឺជាអ្វីៗសព្វបែបយ៉ាងនោះទេ ថាតើយើងឲ្យតម្លៃទៅលើអ្វីគុណតម្លៃនៃជីវិតរបស់យើងនៅកន្លែងណា មនុស្សយើងកើតមកសុទ្ធតែមានគោលបំណងរៀងៗខ្លួន៕
ដោយ៖ ជួប ស្រីរ័ត្ន