ក្បួនសំខាន់ៗពួកមហាសេដ្ឋីបានអនុវត្ត ជាហេតុនាំឲ្យពួកគេមានលុយច្រើនចាយមិនអស់
ក្លាយទៅជាមនុស្សដែល មានលុយកាក់ និង ទ្រព្យសម្បត្តិច្រើន គឺជាអ្វីដែលគ្រប់គ្នាចង់បាន។ ប៉ុន្តែវាមិនមែនជារឿងងាយប៉ុន្មាននោះទេ។ មានមូលហេតុជាច្រើនដែលធ្វើឲ្យមនុស្សភាគច្រើនជួបឧបសគ្គក្នុងការក្លាយជាទៅជា «អ្នកមាន» ហើយក្នុងនោះ វិធីសន្សំលុយកាក់មិនច្បាស់លាស់ ក៏ជាមូលហេតុសំខាន់ដែរ។ សម្រាប់សេដ្ឋីទាំងឡាយ ពួកគេសុទ្ធតែមានអនុវត្តនូវវិធីសាស្ត្រស្រដៀងៗគ្នា ដែលនាំឲ្យជីវិតរបស់ពួកគេជោគជ័យ។
មនុស្សមានទ្រព្យសម្បត្តិច្រើន គឺភាគច្រើនសុទ្ធតែមានក្បួនសំខាន់ៗខាងក្រោមនេះ៖
១) ប្រយ័ត្នប្រយែងចំពោះការចំណាយដែលគ្មានប្រយោជន៍៖ ចំពោះមនុស្សមួយចំនួន មិនពូកែខាងរកលុយទេ ប៉ុន្តែជំនាញខាងចំណាយផ្ដេសផ្ដាសតែម្តង ជាហេតុនាំឲ្យពួកគេសឹងគ្មានថ្ងៃណាដែល អាចរកពន្លឺនៃភាពមានបានហ្នឹងគេឡើយ។ ទាក់ទងជាមួយការចំណាយនេះ បើទោះបីជា អ្នកមានចំណូលច្រើនក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត លើការចំណាយ ព្រោះបើរកបានច្រើន តែចំណាយច្រើនខ្លាំងដែរនោះ គឺនៅតែគ្មានសល់អ្វី។ ចំពោះអ្នកដែលអាចអភិវឌ្ឍខ្លួន ក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនទាំងឡាយ គឺសុទ្ធតែមានការប្រុងប្រយ័ត្នខ្ពស់ រាល់ការចំណាយ ដើម្បីប្រាកដថា វាជាការចាយត្រូវខ្ទង់ហើយមានប្រយោជន៍។
២) ប្រឹងប្រែងធ្វើការខ្លាំង៖ សម្រាប់មនុស្សខ្ជិល ទោះបីជារឿងងាយស្រួលប៉ុណ្ណាក៏ធ្វើមិនកើតដែរ ដូច្នេះហើយពួកគេក៏មិនងាយនឹងមានថ្ងៃអាចជោគជ័យជាដុំកំភួនបានដែរ។ បើគ្រាន់តែធ្វើការបែបថ្នមកម្លាំង នោះលទ្ធផលក៏ទៅតាមនោះដែរ ប៉ុន្តែបើប្រឹងប្រែងខ្លាំងលើការងារ ក៏ដូចជាមុខរបរនោះ មិនយូរមិនឆាប់ប្រាកដជាទទួលបានលទ្ធផលដ៏ល្អមិនខាន។ សម្រាប់សេដ្ឋី និង មហាសេដ្ឋីក្នុងលោកទាំងឡាយ គឺសុទ្ធសឹងតែប្រឹងប្រែងធ្វើការខ្លាំងបំផុត ទម្រាំពួកគេអាចឈានដល់ដំណាក់កាលមានលុយចាយមិនអស់។ បើទោះបីជា ពួកគេបច្ចុប្បន្នមានលុយចាយមិនអស់ទៅហើយក្តី ក៏អ្នកទាំងនោះមិនបានដេកស្ងៀមនោះដែរ ពោលគឺនៅតែប្រឹងប្រែងជានិច្ច។
៣) សន្សំចំណែកណាមួយដែលរកបាន៖ មិនថា ចំណូលច្រើនក្តីឬ តិចក្តី បើមិនសន្សំគឺប្រាកដជាអស់មិនខាន ព្រោះលុយ និង មនុស្សគឺនៅជាមួយគ្នាមិនយូរនោះទេ។ ការសន្សំមិនចាំបាច់តែ មានចំណូលច្រើនចាំសន្សំនោះទេ ពោលគឺរកបានប៉ុន្មានក៏ដោយ គឺត្រូវតែកំណត់ភាគរយ ឬ ចំណែកណាមួយសម្រាប់សន្សំទុកជារៀងរាល់ថ្ងៃ ឬ ខែ ដើម្បីប្រាកដថា អ្នកមានប្រាក់បម្រុងទុកសម្រាប់ធ្វើអ្វីៗនៅពេលចាំបាច់។
៤) ហ៊ានប្រថុយរកស៊ី៖ រាល់អ្នកដែលមានទ្រព្យសម្បត្តិច្រើនទាំងឡាយ មិនមែនបានមកដោយសារតែប្រាក់ខែនោះទេ ព្រោះប្រាក់ខែខ្ពស់ គ្រាន់តែធ្វើឲ្យជីវភាពមានលក្ខណៈប្រសើរ និង មើលទៅទំនងប៉ុណ្ណោះ។ មនុស្សណាដែលហ៊ានប្រថុយក្នុងការរកស៊ី គឺនឹងមានឱកាសក្លាយជា សេដ្ឋីឬមហាសេដ្ឋីជាដើម ប៉ុន្តែមិនមិនហ៊ានបើកអាជីវកម្មរកស៊ីនោះទេ គឺមិនអាចមានលុយច្រើនចាយមិនអស់នោះឡើយ។ ជាការពិតណាស់ ការរកស៊ីគឺមិនមែនជារឿងងាយស្រួលឡើយ ព្រោះវាអាចធ្វើឲ្យមនុស្សក្រលើសដើម ប្រសិនបើគ្មានសមត្ថភាពគ្រប់គ្រាន់។ វាជារឿងសាមញ្ញទេ ធ្វើអ្វីក៏មានការលំបាកដែរ ហើយវាក៏មិនអាចជៀសផុតពីភាពបរាជ័យដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការតស៊ូជំនះរាល់បញ្ហារហូតសម្រេចតាមក្តីប្រាថ្នា។
៥) ធ្វើអ្វីដែលពួកគេចង់ ហើយជឿថាទៅរួច៖ មិនថា លោកJack Ma ស្ថាបនិករបស់ក្រុមហ៊ុនAlibaba និង មហាសេដ្ឋីផ្សេងៗទៀតនោះទេ គឺអ្នកទាំងនេះ បានចាប់ផ្តើមជាមួយអ្វីដែលចូលចិត្ត ហើយជឿជាក់យ៉ាងពេញទំហឹងថា អាចទៅរួចបើទោះបីជា ធ្លាប់ដួលច្រើនដង និង ត្រូវបានគេសើចចំអកក្តី។ ការធ្វើអ្វីមួយដែលខ្លួនពេញចិត្ត គឺជាកម្លាំងចិត្តមួយដ៏សំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ហើយពួកគេនឹងជំនះរាល់ឧបសគ្គ រហូតអាចសាងស្នាដៃដ៏អស្ចារ្យ និង មានទ្រព្យសម្បត្តិហូរហៀរ៕
ដោយ៖ អ៊ុន ភក្តី