រឿងល្អៗទាំងនេះនឹងកើតឡើង នៅពេលអ្នកមានការជឿជាក់លើខ្លួនឯង!
មុននឹងចាប់ផ្ដើមធ្វើរឿងអ្វីក៏ដោយ ត្រូវមានជំនឿជាក់លើខ្លួនឯងជាមុនសិន ព្រោះបើមិនដូច្នោះទេ អ្នកនឹងមិនងាយនឹងសម្រេចនោះឡើយ។ មនុស្សដែលខ្វះជំនឿចិត្តលើខ្លួនឯង គឺប្រៀបបាននឹងរាងកាយ ដែលគ្មានវិញ្ញាណអ៊ីចឹង។ ដូច្នេះហើយ ទោះបីជាមានបញ្ហាអ្វីក៏ដោយ ត្រូវតែសាងទំនុកចិត្តលើខ្លួនឯងឲ្យបាន។
ខាងក្រោមនេះ គឺជារឿងល្អៗដែលនឹងកើតឡើង នៅពេលអ្នកមានភាពជឿជាក់លើខ្លួនឯង៖
១) ជម្នះភាពភ័យខ្លាច៖ រាល់ពេលដែលអ្នកគ្មានភាពជឿជាក់លើខ្លួនឯង មានន័យថា អ្នកកំពុងមានការបារម្ភ និង មានការភ័យខ្លាចខ្លាំងក្នុងការធ្វើអ្វីផ្សេងៗ ជាហេតុនាំឲ្យធ្វើអ្វីក៏មិនកើត និង មិនងាយបានសម្រេចឡើយ។ ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯងហើយ នោះទោះបីជាមានការលំបាកប៉ុណ្ណាក៏ដោយក៏អ្នកមិនអនុញ្ញាតឲ្យភាពភ័យខ្លាចបំផ្លាញក្ដីស្រមៃរបស់អ្នក បានដែរ។
២) មិនខ្លាចការរិះគន់របស់អ្នកដទៃ៖ ជាធម្មតា មនុស្សតែងតែមានគំនិតផ្សេងពីគ្នា ដូច្នេះហើយនៅពេលអ្នកធ្វើអ្វីមួយ មនុស្សមួយចំនួនក៏ចាប់ផ្ដើមរិះគន់។ ក្នុងស្ថានភាពនេះ បើអ្នកគ្មានជំនឿជាក់លើខ្លួនឯងទេ នោះអ្នកនឹងឈប់ធ្វើអ្វីដែលអ្នកចង់ ហើយបែរជាទៅធ្វើតាមគំនិតរបស់អ្នកទាំងនោះវិញ ដែលប្រការនេះធ្វើឲ្យអ្នកគ្មានផ្លូវសម្រេចជោគជ័យបានឡើយ។ ប៉ុន្តែបើអ្នកជឿជាក់លើខ្លួនឯងវិញ ទោះបីជាមានគេនិយាយ ឬ គិតបែបណាក៏ដោយ អ្នកនៅតែអាចដើរឆ្ពោះទៅកាន់អ្វីដែលចង់បាន ហើយនៅទីបំផុតជ័យជំនះនឹងធ្លាក់ទៅលើអ្នក។
៣) មានពេលគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការអ្វីមួយ៖ បើអ្នកជឿជាក់លើខ្លួនឯងហើយ នោះអ្នកនឹងដើរសំដៅទៅការងារនោះតែម្ដង ដោយមិនខ្ជះខ្ជាយពេលវេលាស្ដាប់ការរិះគន់ ឬ មតិមិនល្អរបស់អ្នកដទៃនោះឡើយ ។ ពេលវេលាគឺមានតម្លៃខ្លាំងណាស់ ដូច្នេះហើយនៅពេលយើងចេះក្ដោបក្ដាប់ពេលវេលា នោះឱកាសសម្រេចជោគជ័យក៏មានច្រើនដែរ។
៤) ក្លាយជាបុគ្គលលេចធ្លោ៖ មនុស្សដែលមានជំនឿជាក់លើខ្លួនឯង តែងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនជានិច្ច ព្រោះអ្វីដែលពួកគេធ្វើគឺធ្វើជាមួយនឹងទំនុកចិត្តដែលអ្នកដទៃងាយនឹងមើលដឹង៕
ដោយ៖ រតនា វិចិត្រ