លោក​ កែវ ឡង់​ឌី៖ ខ្ញុំ​មិន​ដែល​ទទួល​ពាក្យ​ជោគ​ជ័យ​ទេ​ ទោះ​បី​ជា​ខ្ញុំ​ក្លាយ​ជា​អគ្គនាយក​ក្រុមហ៊ុន​ក៏​ដោយ​



ម្ចាស់​ក្រុមហ៊ុន​វ័យ​ក្មេង​លោក កែវ ឡង់​ឌី អគ្គនាយក​អភិវឌ្ឍ​ធុរកច្ច ​នៃ​ហាង​លក់​ទំនិញ​កុមារ​ Baby Outletនិង​ជា​អគ្គនាយក​ក្រុមហ៊ុន​​ស្រមោច​ ត្រេឌីង សូលូសិន​ ​​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​គាំ​ទ្រ​​សំណាក់​អតិថិជន​ទូទាំង​ប្រទេស​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​វិវត្ត​ខ្លួន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ព្រោះ​តែ​​ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​ចាប់​អារម្មណ៍​នូវ​សមត្ថភាព​របស់​លោក​យ៉ាង​ខ្លាំង​រហូត​មាន​គេ​សរសើរ​ថាក្រុមហ៊ុន​លោក​គឺ​ជា​ក្រុមហ៊ុន​ដែល​ជោគ​ជ័យ​ខ្លាំង​ទៀត​ផង។ ដោយ​ឡែក សម្រាប់​លោក ឡង់ឌី យល់​ឃើញ​ថា​ ខ្លួន​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នោះ​ទេ។  ​អគ្គ​នាយកក្រុមហ៊ុន​វ័យ ​៣៤​ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ដូច្នេះ​ថា​ ៖«ធ្លាប់​មាន​គេ​សួរ​ខ្ញុំ​ថា​ខ្ញុំជា​មនុស្ស​ម្នាក់​ដែល​ជោគជ័យ​ណាស់ ​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ទទួល​ពាក្យ​នេះ​ទេបើ​​ទោះ​បី​ជា​ខ្ញុំ​ជា​អគ្គនាយក​ក្រុមហ៊ុន​ក៏​ដោយ​ ព្រោះ​ខ្ញុំ​នៅ​ដូច​សត្វ​ស្រមោច​មួយ​ក្បាល​គ្រាន់​តែ​មក​ជា​រៀង​រាល់​ថ្ងៃ ​និង​សាមគ្គី​ភាព​ជា​មួយ​កូន​ក្រុម​របស់​ខ្ញុំ​ទាំង​អស់​គ្នា​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ជា​ក្រុម​ ដូច្នេះ​ក្នុង​រយៈពេល​ត្រឹម​មួយ​ឆ្នាំ​វា​ពិបាក​និង​វាយ​តម្លៃ​ថា​យើង​គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ជោគ​ជ័យ​ណាស់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុមហ៊ុន​ផ្សេងៗ​ដែល​គេ​បើក​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​ហើយ»។ លោក​បាន​បន្ត​ថា​ការ​ដាក់​ឈ្មោះ​ក្រុមហ៊ុន​របស់​លោក​ថា ស្រមោច មិន​មែន​ជា​ការ​ដាក់​ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​ទេ​ប៉ុន្តែ​ឈ្មោះ​នេះ​គឺ​ជា​ការ​ស្រលាញ់​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ចេញ​មក​អំ​ពី​កន្លែង​ដែល​តូចតាច​ជា​អ្នក​ក្រ​ម្នាក់​ដែល​ដើរ​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​យក​ប្រាក់​ខែ​ចិញ្ចឹម​ខ្លួន​ឯង​ចិញ្ចឹម​គ្រួសារ​ ស្ទើរ​តែ​មិន​ចង់​រស់​ម្ដងៗ​ដូច្នេះ​ខ្ញុំ​ចេញ​ពី​ជីវភាព​មួយ​ដែល​តូច​តាច​ជា​ទី​បំផុត​រហូត​អាច​ក្លាយ​ជា​អគ្គនាយក​ក្រុមហ៊ុន​មួយ​បាន​ដែល​របស់​ខ្លួនឯង​ ដូច្នេះ​ពាក្យ​ស្រមោច​នេះ​គឺ​វា​បង្ហាញ​ថា​យើង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​តូច​តាច​ដូច​សត្វ​ស្រមោច​មួយ​ក្បាល​អីចឹង​ដែរ។ អ្វី​ដែល​​​ជា​ដើម​ទុន​​របស់​យើង ​គឺ​ការ​តស៊ូ ​​ភាព​សាមគ្គីភាព​ ខំ​ប្រឹង​ធ្វើ​ទាំង​អស់​គ្នា​ ដើម្បី​ទទួល​បាន​លទ្ធផល។ លោក​ ឡង់​ឌី​ បាន​បន្ថែម​ថា ពួក​យើង​តូច​តាច​ទេ​គឺ​អ្នក​ចែក​ចាយរបស់​​ស្រមោច​ជិះ​តុកតុក​ជិះ​ម៉ូតូឌុប​ទេ​នៅ​ពេល​ដែល​ពួកគាត់​យក​អ៊ីវ៉ាន់​ឲ្យ​គេ​ដូច្នេះ ​ពួក​យើង​មិន​ធំដុំ​អី​ទេ​គ្រាន់​តែ​គ្នា​យើង​ច្រើន​ ប៉ុន្តែ​កុំ​ភ្លេច​ថា​តូចតាច​គឺ​ខ្លាំង​ព្រោះ​វា​មាន​ការ​តស៊ូ​ ស្រមោច​ជា​សត្វ​មួយ​តូច​តែ​ខ្លាំង​និង​មាន​ការ​តស៊ូ​ជា​សត្វ​ដែល​ឧស្សាហ៍​ព្យាយាម​និង​ជា​សត្វ​ដែល​មាន​កម្លាំង​ខ្លាំង​អាច​លើក​របស់​ដែល​ធ្ងន់​ជាង​ខ្លួន​ឯង​រហូត​ដល់ ​១០០ដង​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​បុគ្គលិក​របស់​ខ្ញុំ​ទាំង​អស់​គាត់​មាន​សតិអារម្មណ៍​បែប​​ហ្នឹង មើល​ខ្លួន​ថា ​តូច ​ប៉ុន្តែ​មាន​សាមគ្គីភាព​មាន​ការ​តស៊ូ​និង​អាច​ទៅ​បាន​គ្រប់​កន្លែង​ទាំង​អស់​៕ ដោយ៖ ជួប ស្រីរ័ត្ន
X
5s