ទីផ្សារ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​ លង់ខ្លួន​យ៉ាង​ជ្រៅ​​លើ​បញ្ហា​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ ​​



​ទីផ្សារ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​ ​​កំពុង​លង់ខ្លួន​យ៉ាង​ជ្រៅ ​​​​ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ ​​​ខណៈ​នៅ​លើ​​ទីផ្សារ​មាន​ការ​ផ្គត់ផ្គង់​ប្រេង​ច្រើន​ហួស​កម្រិត​។ នេះ​បើ​យោង​តាម​ ​ការ​អះអាង​របស់​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​។ ការ​អះអាង​បែបនេះ​ ​គឺ​ក្រោយ​ពេល​ដែល​តម្លៃ​ប្រេង​បាន​ធ្លាក់​នៅ​ក្រោម​ ២៨ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​គិត​ចាប់​ពី​ឆ្នាំ​២០០១​មក​។ ភ្នាក់ងារ​ថាមពល​អន្តរជាតិ​​ ​បាន​​វាយតម្លៃ​ថា ​នៅ​ឆ្នាំ​២០១៦​នេះ ​តម្រូវ​ការ​​ប្រេង​នឹង​មាន​ការ​ធ្លាក់​ចុះ​ ​​​ដោយសារតែ​​កំណើន​សេដ្ឋកិច្ច​របស់​ចិន ​គឺ​មាន​លក្ខណៈ​ខ្សោយ ​ជា​​ហេតុ​ការ​បញ្ជា​ទិញ​មិន​សូវ​មាន​ ​ព្រោះ​ចិន​ជា​ប្រទេស​ធំ​មួយ ​ដែល​ត្រូវ​ការ​​ប្រេង​ដើម្បី​ដំណើរការ​ឧស្សាហកម្ម​របស់​ខ្លួន​។ ​អ្វី​ដែល​ធ្វើ​ឲ្យ​តម្លៃ​​ប្រេង​កាន់​តែ​មាន​បញ្ហា​ទៀត​នោះ ​គឺ​​​ប្រេង​របស់​អ៊ីរ៉ង់​នឹង​មាន​វត្តមាន​គគ្រឹកគគ្រេង​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​ទីផ្សារ​អន្តរជាតិ​​ ​ក្រោយ​បន្ទាប់​ពី​បម្រាម​នាំ​ចេញ​ប្រេង​ត្រូវ​បាន​គេ​ដក​ចេញ​វិញ​ នា​ពេល​ថ្មីៗ​នេះ​។ ​ ​ដោយសារ​តែ​បែបនេះ​ហើយ ​​ប្រេង​ដែល​​ផលិត​លើស​តម្រូវ​ការ​គឺ​អាច​មាន​ចំនួន​១,៥ ​​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ​​ក្នុង​​​ពាក់​កណ្ដាល​ឆ្នាំ​២០១៦​៕​​​ ​ដោយ​៖ ​អ៊ុន ​ភក្តី
X
5s