តើពួកអ្នកមានធ្វើអ្វីខ្លះ បានជាពួកគេចេះតែមានទៅៗ?
មនុស្សភាគច្រើនតែងតែមានចម្ងល់ថា តើអ្នកជោគជ័យ និង អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពួកគេមានទម្លាប់ក្នុងការប្រើប្រាស់ពេលវេលារបស់ពួកគេយ៉ាងដូចម្តេច? អត្ថបទនេះ នឹងស្រាយចម្ងល់អ្នកទាំងអស់គ្នា៖
១.អានជារៀងរាល់ថ្ងៃ៖ ពួកគេតែងតែចំណាយពេលប្រហែល30នាទីក្នុងមួយថ្ងៃដើម្បីអានព័ត៌មាន ដែលផ្តល់គំនិត និងជួយបង្កើនចំណេះដឹងក្នុងការអភិវឌ្ឍន៍មុខជំនួញ និងអាជីពរបស់ពួកគេ។
២.កំណត់គោលដៅយ៉ាងច្បាស់លាស់ និង ខិតខំសម្រេចវា៖ អ្នកមិនអាចសម្រេចលទ្ធផលដោយការបួងសួងនោះទេ ប៉ុន្តែអ្នកអាចកំណត់លទ្ធផលនៃគោលដៅមួយ ដែលវាមានភាពច្បាស់លាស់ជាមួយនឹងការខិតខំប្រឹងប្រែង។ហេតុនេះហើយពួកគេតែងតែមានគោលដៅច្បាស់លាស់មួយរាល់ការចាប់ផ្តើមធ្វើអ្វីមួយ។
៣.មិនបោះបង់៖ អ្នកដែលមានភាពជោគជ័យក្នុងជីវិត តែងតែប្រកាន់ខ្ជាប់នូវចំណុច៣យ៉ាង គឺការតាំងចិត្ត ការតស៊ូ និងភាពអំណត់ ។ ពិតណាស់ពួកគេមិនដែលបោះបង់ក្នុងការចាប់យកគោលដៅធំរបស់ពួកគេនោះទេ។
៤.ប្រឹងប្រែងឲ្យលើសពីអ្នកដទៃ៖ អ្នកដែលមិនសូវមានភាពជោគជ័យតែងតែមិនមានភាពចង់ចេះចង់ដឹងអ្វីដែលក្រៅតែពីការងាររបស់ខ្លួនឡើយ ជាហេតុធ្វើឲ្យពួកគេពុំសូវទទួលបានលទ្ធផលអ្វីថ្មី និង អស្ចារ្យជាងមុននោះឡើយ។ ប៉ុន្តែអ្នកជោគជ័យតែងតែមានការអភិវឌ្ឍន៍ខ្លួនដោយខិតខំទទួលយកបទពិសោធន៍ថ្មី និងចូលរួមក្នុងសកម្មភាពនានា លើសពីនេះពួកគេប្រឹងប្រែងដើម្បីសម្រេចគោលដៅការងារ ឬមុខជំនួញរបស់ពួកគេ។
៥.ចំណាយពេលតិចទៅលើរឿងដែលមិនចាំបាច់៖ ពួកគេមិនដែលចំណាយពេលរហូតដល់១ម៉ោងឡើយក្នុងការមើលទូរទស្សន៍ ហើយសម្រាប់ការប្រើប្រាស់បណ្ដាញសង្គមផ្សេងៗ ក៏ដូចគ្នាដែរ។ លើកលែងតែក្នុងករណីដែលចាំបាច់ក្នុងការធ្វើទំនាក់ទំនងគ្នាប៉ុណ្ណោះ៕
ដោយ៖ អ៊ុន ស្រីនាង