Facebook ដក Trending News ចេញ​ពី​បណ្ដាញ​សង្គម​ខ្លួន​​ ដោយសារមិន​សូវ​មាន​ការ​ចាប់អារម្មណ៍​ប្រើ​​



​អ្នក​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា Facebook មាន​នូវ​ចំណុច​មួយ​បង្ហាញ​រឿងរ៉ាវ ឬ​ហេតុការណ៍​ដែល​កំពុង​កើត​មាន​និង​មាន​ការ​ជជែក​គ្នា​លើ​បណ្ដាញ​សង្គម​ខ្លួន​ដែល​ហៅ​ថា Trending លើ sidebar ដែល​អ្នក​អាច​ឃើញ ប្រធានបទ​ផ្សេងៗ​ទាំង​នោះ និង​ដើម្បី​តាមដាន​ដំណឹង​ទាន់​ហេតុការណ៍​ចុងក្រោយ។ ប៉ុន្តែ​ពេល​នេះ Facebook សម្រេច​ដក​មុខងារ​នេះ​ចេញ​ពី​បណ្ដាញ​សង្គម​ខ្លួន​ហើយ។ មូលហេតុ​ដែល​ក្រុមហ៊ុន Facebook សម្រេច​ដក​ចេញ​ Trending គឺ​ដោយសារ សង្កេត​ឃើញ​ទម្លាប់​អ្នក​ប្រើប្រាស់ ហាក់​មិន​ចាប់អារម្មណ៍​ប្រើ​មុខងារ​នេះ​សោះ។ Facebook បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​លុប​ផ្នែក Trending ​នេះ​ចេញ​ពី​បណ្ដាញ​សង្គម​ខ្លួន ដើម្បី “បង្កើត​នូវ​របៀប​សម្រាប់​បទពិសោធន៍​ដំណឹង ឬ​ព័ត៌មាន​នាពេល​អនាគត”។ ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដក​ផ្នែក​​នេះ​ចេញ គឺ​ដោយសារ​វា​ត្រូវ​បាន​ប្រើប្រាស់​តិចតួច​បំផុត ពោល​គឺ​មិន​សូវ​មាន​អ្នក​បើក​ចូល​ឡើយ។ សូម​អាន៖ Facebook ​នឹង​លែង​ត្រូវការ Phone Number ​បើក​ស្រទាប់​សុវត្ថិភាព Two-Factor Authentication ​ទៀត​ហើយ ​Facebook បាន​លើកឡើង​ថា “យើង​បាន​ណែនាំ Trending នេះ​ក្នុង​ឆ្នាំ២០១៤ ដែល​ជា​វិធី​ ជួយ​ដល់​អ្នក​ប្រើ​ក្នុង​ការ​រក​ឃើញ​ដំណឹង​ព័ត៌មាន ដែល​កំពុង​ពេញ​និយម​អាន​នៅ​លើ​បណ្ដាញ​សង្គម Facebook។ វា​ដំណើរការ​តែ​នៅ ៥ប្រទេស​ប៉ុណ្ណោះ ហើយ​បើ​គិត​ពី​អត្រា​អ្នក​ប្រើ​វិញ​មាន​តិច​ជាង ១,៥% នៃ​ការ​ចុច​ចូល​អាន។ ពី​ការ​ស្រាវជ្រាវ យើង​រក​ឃើញ​ថា រយៈពេល​កន្លង​ទៅ​យូរ​ហើយ ដែល​អ្នក​ប្រើ​មិន​អើពើ​នឹង​សេវាកម្ម​នេះ វា​ហាក់​ដូច​ជា​មិន​ផ្ដល់​អត្ថប្រយោជន៍​សោះ”។ យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា តើ Facebook នឹង​មាន​គម្រោង​ដាក់​អ្វី​ជំនួស Trending News ​នៅ​ឡើយ ខណៈ​ដែល​ក្រុមហ៊ុន​បាន​លើកឡើង​ថា ខ្លួន​បាន​កំពុង​ធ្វើតេស្ត​លើ​របៀប​ផ្សេងៗ​គ្នា​នៃ​ការ ឆ្លុះ​បង្ហាញ​ដំណឹង​ព័ត៌មាន​ទៅ​កាន់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ខ្លួន។ ដូច​ជា​ស្លាក (label) Breaking News “Today In” និង “New Video” ​នៅ​ក្នុង​ផ្នែក Watch ​ដែល​អ្នក​ប្រើ​អាច​ទស្សនា​ការ​បន្ត​ផ្ទាល់​នូវ​ព័ត៌មាន​ទាន់​ហេតុការណ៍៕ សូម​អាន៖ ជំហានទាំង ៥យ៉ាង​ដើម្បី​​ ផ្ដាច់ការញៀន​លេង​ Facebook ដោយជោគជ័យ ​ដោយ៖ រឹទ្ធិរាជ
X
5s