Google Pixel 3 នឹងប្ដូររូបរាងឌីហ្សាញអេក្រង់ឆក ហើយអាចមាន stereo speaker ឬ dual camera ខាងមុខ
រូបថតបែកធ្លាយថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវកញ្ចក់ការពារ សម្រាប់ស្មាតហ្វូនថ្មី Google Pixel 3 និង Pixel 3 XL។ យើងឃើញទម្រង់រចនា screen protector នេះ ត្រូវបានទុកប្រឡោះសម្រាប់ចំហត្រង់ stereo speaker ក៏ដូចជាក្បាលឆក notch លើម៉ូដែល XL។ និយាយរួម រូបរាងឌីហ្សាញលើ Pixel 3 ទាំងពីរម៉ូដែលនឹងស្លីម គែមស្ដើងជាងជំនាន់មុន។
យើងបានដឹងថា ប្រព័ន្ធប្រតិបត្តិការ Android P របស់ Google គឺបង្កើតតម្រូវអេក្រង់ឆក ដែលឃើញមាននៅលើស្មាតហ្វូនទំនើបៗប៉ុន្មានម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទល្បីៗ។ នេះជាសញ្ញាណបញ្ជាក់ថា Google អាចនឹងប្រឡូកចេញស្មាតហ្វូនអេក្រង់ notch នឹងគេដែរ។
ក្រឡេកមើលរូបថតបែកធ្លាយនេះ ហាក់បង្ហាញឱ្យឃើញថា ស្មាតហ្វូនទាំងពីរ Pixel 3 XL និង Pixel 3 នឹងបន្សល់ទុកមុខងារល្អមួយដូចនៅលើ Pixel ជំនាន់បច្ចុប្បន្នដែរ ដោយនឹងមានសំឡេងជា stereo speaker បំពាក់នៅខាងមុខ ហើយក៏អាចជាកាមេរ៉ាភ្លោះខាងមុខដែរ។ នេះអាចជាការកែប្រែថ្មីដ៏គួរឱ្យចាប់អារម្មណ៍ ប្រសិនបើ Google ពិតជាកែប្រែពីប្រព័ន្ធកាមេរ៉ាមួយទៅភ្លោះមែននោះ៕
ដោយ៖ រឹទ្ធិរាជ