វិធីសាស្ត្រ​ ៣យ៉ាងដែលអ្នកអាចប្រើប្រាស់ ដើម្បីកសាង​ផលិតផល​របស់​អ្នក​ឲ្យ​បាន​ជោគជ័យ​



ការ​កសាង​ផលិតផល​ឲ្យ​បាន​ជោគជ័យ​ត្រូវការ​ការ​គិតគូរ​ជាច្រើន​យ៉ាង​ដូចជា ការ​រចនា គុណភាព ការ​អភិវឌ្ឍ និង​បទពិសោធន៍​រីករាយ​ដែល​អតិថិជន​នឹង​ទទួល​បាន​ពី​ផលិតផល​របស់​អ្នក។ តើ​មាន​វិធីសាស្ត្រ​បែប​ណា​ដើម្បី​កសាង​ផលិតផល​របស់​អ្នក​ឲ្យ​បាន​ជោគជ័យ ? ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ទាំង​៣​យ៉ាង​ដែល​អ្នក​អាច​យក​ទៅ​សិក្សា​និង​អនុវត្ត​បាន ៖

១) លើក​ទឹកចិត្ត​សមាជិក​ក្រុម​ឲ្យ​ទទួល​យក​នូវ​កំហុស​របស់​ខ្លួន

កំហុស​គឺ​មិន​អាច​ចៀសវាង​បាន​នោះ​ទេ ប៉ុន្តែ​អ្នកដឹកនាំ​គួរតែ​ស្វែងរក​កំហុស​នៅ​ក្នុង​ដំណើរការ​កិច្ចការ​ណាមួយ​នោះ មិន​គួរ​នៅ​ក្នុង​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ។ នៅ​ពេល​អ្នក​ធ្វើ​បែប​នេះ នោះ​អ្នក​នឹង​កំពុងតែ​បង្កើត​វប្បធម៌​ល្អៗ​នៅ​ក្នុង​ក្រុមការងារ​ឬ​ក្រុមហ៊ុន​របស់​អ្នក​ទាំងមូល​ហើយ ហើយ​សមាជិក​ក្រុម​ម្នាក់ៗ​នឹង​រីករាយ​ពេញចិត្ត​ធ្វើការ​ជាមួយ​គ្នា និង​ហ៊ាន​ទទួល​យក​នូវ​កំហុស​ដែល​ខ្លួន​គេ​អាច​នឹង​មាន​ចំណែក។ ទាំងអស់​គ្នា​នឹង​អាច​ជជែក​គ្នា​ដោយ​ស្មោះត្រង់​ចេញ​ពី​ចិត្ត ដែល​អាច​នាំ​ក្រុម​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​គោលដៅ​បាន។

២) ផ្ដោត​ទៅលើ​ផលិតផល ពុំ​មែន​ទៅលើ​ទស្សនីយភាព​នោះ​ទេ

មាន​ម្ចាស់​អាជីវកម្ម​ជាច្រើន​ដែល​ច្រើន​តែ​យកចិត្តទុកដាក់​ទៅលើ​ការ​ប្រកួតប្រជែង និង​មិន​សូវ​គិតគូរ​ទៅលើ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផលិតផល​របស់​ខ្លួនឯង​មាន​គុណភាព និង​ជា​ទី​ត្រូវការ​របស់​មនុស្ស​ដ៏​ច្រើន​នោះ​ឡើយ។ ការ​ចាប់​អារម្មណ៍​តែ​ទៅលើ​ការ​ប្រជែង​ជាមួយ​អ្នកដទៃ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ទស្សនីយភាព​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គេ​គួរ​ជាទី​ទាក់ទាញ​ដល់​សាធារណជន អាច​ជា​អន្ទាក់​អូសទាញ​ពួកគេ​ឲ្យ​ឈាន​ទៅ​រក​ការ​បរាជ័យ​ដោយ​ចៀស​មិន​ផុត​នៅ​ចុង​បញ្ចប់​បាន។

៣) កាត់បន្ថយ​ភាព​រអាក់រអួល​នៅ​ក្នុង​ការ​ជាវ​ផលិតផល​របស់​អ្នក

បើ​អ្នក​បាន​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​មួយ​សម្រាប់​ឲ្យ​អតិថិជន​ទាក់ទង​ជាវ​ទិញ​ផលិតផល​របស់​អ្នក នោះ​អ្នក​ត្រូវ​ប្រាកដ​ថា​អំឡុង​ពេល​អតិថិជន​ចូល​មក​កាន់​គេហទំព័រ​របស់​អ្នក ពួកគេ​នឹង​មិន​ជួប​ប្រទះ​នឹង​ភាព​រអាក់រអួល​ដោយ​ប្រការ​ណាមួយ​ដែល​អាច​កើតឡើង​ក្នុង​ពេល​នោះ​ឡើយ។ វា​គឺជា​បញ្ហា​បច្ចេកទេស​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​បាន​ឆាប់ មុន​ពេល​បញ្ហា​នេះ​ក្លាយ​ជា​បញ្ហា​ធំ​បាន៕

ដោយ៖ ស្រីពៅ

សូមអាន៖ ការបរាជ័យរបស់បុគ្គលជោគជ័យ ៣រូប ដែលបញ្ជាក់ថា អ្នកក៏អាចទទួលជោគជ័យដូចពួកគាត់ដែរ

X
5s