ការបរាជ័យរបស់បុគ្គលជោគជ័យ ៣រូប ដែលបញ្ជាក់ថា អ្នកក៏អាចទទួលជោគជ័យដូចពួកគាត់ដែរ​



១) លោក James Dyson មុន​ពេល​លោក James Dyson បាន​ក្លាយ​ជា​អ្នក​ច្នៃប្រឌិត​វត្ថុ​ដ៏​ជោគជ័យ​មួយ​រូប​របស់​ចក្រភព​អង់គ្លេស លោក​ធ្លាប់​បាន​ប្រើ​ពេល​អស់​១៥​ឆ្នាំ និង​បរាជ័យ​ទៅលើ​គំរូ​ជាង​៥​ពាន់​ទម្រាំតែ​អាច​បង្កើត​ម៉ាស៊ីន​បូម​ធូលី​លំដាប់​ពិភពលោក។ លោក​គឺជា​ម្ចាស់​ក្រុមហ៊ុន Dyson Company ដែល​មិន​ត្រឹមតែ​ផលិត​ម៉ាស៊ីន​បូម​ធូលី​ប៉ុណ្ណោះ​ទេ តែ​នៅ​ផលិត​ម៉ាស៊ីន​សម្ងួត​ដៃ និង​ម៉ាស៊ីន​កម្ដៅ​ទៀត​ផង ហើយ​បើ​យោង​តាម​ប្រភព​របស់ Forbes គាត់​គឺជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ចំនួន​៥.៥​ពាន់​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​របស់​គាត់​បាន​ធ្វើការ​ទៅលើ​រថយន្ត​ដើរ​ដោយ​អគ្គិសនី​របស់​ពួកគេ ហើយ​វា​នឹង​ត្រូវ​បាន​ដាក់​ដំណើរការ​ជា​សាធារណ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ 

២) លោកស្រី Arianna Huffington បើ​អ្នក​ធ្លាប់​បាន​អាន​សារព័ត៌មាន​បែប​ឌីជីថល​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ពិភពលោក​ដែល​មាន​ឈ្មោះ​ថា The Huffington Post នោះ​គឺ​លោកស្រី Huffington នេះ​ឯង​ដែល​ជា​ស្ថាបនិក​ដែល​បាន​បង្កើត​សារព័ត៌មាន​នេះ​ឡើង​ក្នុង​ឆ្នាំ​២០០៥។ វា​គឺជា​សារព័ត៌មាន​ដែល​សរសេរ​ទាំង​ព័ត៌មាន​ក្នុង​ស្រុក​និង​អន្តរជាតិ។ ប៉ុន្តែ HuffPost ត្រូវ​បាន​លក់​ឲ្យ​ AOL ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អនឡាញ ក្នុង​តម្លៃ​ ៣១៥​លាន​ដុល្លារ ហើយ​បាន​ឲ្យ​លោកស្រី​ធ្វើ​ជា​ប្រធាន​ផ្នែក​កែសម្រួល​របស់​សារព័ត៌មាន​នេះ។ ទោះជាយ៉ាងណាក៏ដោយ មុន​ពេល​លោកស្រី​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​សារព័ត៌មាន​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ពេញ​ពិភពលោក​មួយ​នេះ​ឡើង លោកស្រី​ធ្លាប់​បាន​និពន្ធ​សៀវភៅ​មួយ និង​ធ្លាប់​ត្រូវ​បាន​អ្នក​ចេញ​ផ្សាយ​ចំនួន ​៣៦​នាក់​បដិសេធ។ 

៣) លោក Milton Hershey កើតនៅឆ្នាំ១៨៥៧និងស្លាប់ក្នងឆ្នាំ១៩៤៥ លោក Hershey គឺជា​ស្ថាបនិក​របស់​រោងចក្រ​ឧស្សាហកម្ម​ផលិត​សូកូឡា​ដ៏​ល្បី​ឈ្មោះ​ជាង​គេ​មួយ​របស់​ពិភពលោក ដែល​មាន​ឈ្មោះ​ថា The Hershey Company។ សូកូឡា Heyshey របស់​លោក​ត្រូវ​បាន​បន្ត​ចែកចាយ​លក់​នៅ​ជាង​៦០​ប្រទេស​ជុំវិញ​ពិភពលោក។ នៅ​មុន​ពេល​សូកូឡា​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ជាច្រើន​បែប​នេះ លោក​ធ្លាប់​បាន​បើក​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ចំនួន​៣​ក្រុមហ៊ុន​ដាច់ៗ​ពី​គ្នា តែ​ជា​អកុសល​ក្រុមហ៊ុន​ទាំង​៣​នេះ​បាន​ទទួល​នូវ​ភាព​បរាជ័យ​ទាំងអស់៕

ដោយ៖ ស្រីពៅ សូមអាន៖ មហាសេដ្ឋីពិភពលោក​ ៣ រូប​ដែល​ជោគជ័យ​​ ​តែ​ធ្លាប់​ហែល​ឆ្លង​ភាព​ក្រីក្រ​និង​ជូរចត់​​ជា​ច្រើន​

X
5s