តើការយល់ឃើញបែបណាខ្លះដែលស្ត្រីគួរបញ្ឈប់ ដើម្បីទម្លុះរនាំងឧបសគ្គសម្រាប់ភាពជោគជ័យក្នុងការងារនិងគ្រួសារ?
ជំនឿថាស្ត្រីទន់ខ្សោយជាងបុរស គ្រាន់តែជាការយល់ឃើញមួយតៗគ្នាប៉ុណ្ណោះ។ ជាក់ស្ដែងក្នុងពេលបច្ចុប្បន្នមានស្ត្រីជាច្រើនដែលបានកាន់តំណែងខ្ពស់ៗ និងមានសមត្ថភាពឈ្លាសវៃប៉ិនប្រសប់មិនចាញ់បុរសឡើយ។
ប៉ុន្តែមានការយល់ឃើញមួយចំនួនរបស់ស្ត្រី ដែលអាចក្លាយជារនាំងឧបសគ្គសម្រាប់ភាពជោគជ័យរបស់ពួកគេក្នុងជីវិតគ្រួសារនិងការងារបាន។ តើការយល់ឃើញអ្វីខ្លះដែលស្ត្រីគួរបញ្ឈប់ ?
១) ឈប់ធ្វើឲ្យខ្លួនឯងតូចដើម្បីឲ្យអ្នកដទៃបានធំ
កាលដែលនិយាយថាឈប់ធ្វើឲ្យខ្លួនឯងតូចដើម្បីឲ្យអ្នកដទៃបានធំនេះ មិនមែនចង់ជំរុញឲ្យអ្នកមានអំនួតក្អេងក្អាងលើខ្លួនឯង ហើយមិនគោរពអ្នកដទៃនោះទេ។ អ្នកអាចនឹងយល់ខុសបើសិនជាមិនបានពិចារណាឲ្យបានត្រឹមត្រូវ។ អ្នកត្រូវមានភាពទន់ភ្លន់ខាងក្រៅនិងរឹងមាំខាងក្នុង។ អ្នកត្រូវតែគោរពអ្នកដទៃមិនថាគេនោះជាមនុស្សបែបណាក៏ដោយ ព្រោះវានឹងបង្ហាញពីតម្លៃរបស់អ្នក ប៉ុន្តែអ្នកក៏ត្រូវគោរពខ្លួនឯងដែរ។ បើអ្នកគិតថាអ្នកពិតជាចង់ជួយអ្នកដទៃមែន នោះអ្នកគួរតែចែករំលែកមតិយោបល់របស់ខ្លួន បើទោះជាគំនិតនោះខុសពីគេក៏ដោយ និងជួយពួកគេតាមរយៈសមត្ថភាពនិងថាមពលដែលអ្នកមាន។
២) ឈប់យល់ថាអ្នកមិនអាចមានគ្រួសារនិងការងារក្នុងពេលតែមួយបាននោះទេ
មានមនុស្សស្រីជាច្រើនមានបញ្ហានៅក្នុងការរក្សាតុល្យភាពរវាងគ្រួសារនិងការងាររបស់ពួកគេ ប៉ុន្តែក៏មានមនុស្សស្រីជាច្រើននាក់នៅលើពិភពលោកដែរ ដែលអាចសម្រេចបាននូវតុល្យភាពនេះយ៉ាងគួរឲ្យស្ញប់ស្ញែង ដែលអាចធ្វើជាគំរូឧទាហរណ៍សម្រាប់អ្នកបាន។ ដូច្នេះបើអ្នកពិតជាមានគោលដៅចង់មានទាំងគ្រួសារនិងការងារក្នុងពេលតែមួយ នោះអ្នកមិនគួរបោះបង់ចោលនូវគោលដៅនេះឡើយ។
៣) ឈប់លះបង់សុខភាពរបស់ខ្លួនឯងដើម្បីការងារសុខភាពរបស់អ្នកមានសារសំខាន់ខ្លាំងណាស់ក្នុងជីវិតយើង។ មនុស្សជាច្រើនដឹងពីសារសំខាន់របស់វារហូតទាល់តែពួកគេសុខចិត្តព្រមលះបង់ប្រាក់ទាំងប៉ុន្មានដែលបានរកមកទាំងលំបាកនោះ ដើម្បីធ្វើយ៉ាងណាឲ្យសុខភាពរបស់ពួកគេត្រឡប់មកដូចដើមវិញ។ មូលហេតុនេះហើយដែលថា អ្នកមិនត្រូវភ្លេចថាត្រូវចេះស្រឡាញ់ខ្លួនឯងនោះទេ។ អ្នកគួរតែរកពេលទំនេរខ្លះដើម្បីសម្រាកលំហែកាយនិងចិត្ត ចំណាយពេលកម្សាន្តជាមួយក្រុមគ្រួសារ និងធ្វើដំណើរទៅតាមសហគមន៍ផ្សេងៗដើម្បីចែកអំណោយបន្តិចបន្តួចដល់អ្នកខ្វះខាត៕
ដោយ៖ ស្រីពៅ
សូមអាន៖ រឿងតែម្យ៉ាងគត់ដែលស្ត្រីត្រូវតែជម្នះឲ្យបានជាមុន មុននឹងចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង