ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា
ព្រះពុទ្ធសម្មាសម្ពុធគឺជាបុគ្គលត្រាសដឹងដែលដឹងនូវអ្វីៗទាំងអស់។ ព្រះអង្គមានទ្រឹស្ដី និងឱវាទជាច្រើនសម្រាប់ពុទ្ធសនិកជនដើម្បីយកទៅប្រតិបត្តិ។ ព្រះអង្គតែងតែទូន្មានប្រៀនប្រដៅមនុស្សឲ្យធ្វើអំពើល្អ មានសេចក្ដីថ្លៃថ្នូរ ចេះគិតពិចារណារកខុសរកត្រូវ។
ខាងក្រោមនេះគឺជាពុទ្ធឱវាទទាំង ១០ឃ្លារបស់ព្រះសម្មាសម្ពុធដើម្បីជាការគិតពិចារណា៖
១) «ទៀនរាប់ពាន់ដើមឆេះដោយសារទៀនមួយដើម ហើយជីវិតនៃទៀននោះមិនសាបសូន្យឡើយ ប្រៀបដូចសេចក្ដីរីករាយមិនដែលសាបសូន្យដោយសារតែការចែករំលែកនោះឡើយ»។
២) «សេចក្ដីសុខពិតនៅក្នុងខ្លួនអ្នក ដូច្នេះចូរកុំព្យាយាមរកវាពីខាងក្រៅ»។
៣) «វត្ថុបីយ៉ាងដែលមិនអាចលាក់បាំងបាន៖ ព្រះអាទិត្យ ព្រះច័ន្ទ និងការពិត»។
៤) «សុខភាពគឺជាកាដូដ៏អស្ចារ្យ ការពេញចិត្តគឺជាទ្រព្យដ៏មហាសាល សេចក្ដីស្មោះត្រង់គឺជាទំនាក់ទំនងដ៏ស្អិតល្មួត»។
៥) «គ្មានភ្លើងណាឆេះស្មើភ្លើងចំណង់ គ្មានត្រីឆ្លាមណាកាចសាហាវស្មើការស្អប់ គ្មានអន្ទាក់ណាទាក់ជាប់ស្មើសេចក្ដីល្ងង់ខ្លៅ គ្មានទឹកណាហូរជន់ជោរស្មើភាពលោភលន់របស់មនុស្សឡើយ»។
៦) «គ្មានអ្វីស្ថិតថេរទេលើលោកនេះ អ្វីៗត្រូវតែផ្លាស់ប្ដូរ»។
៧) «ឆ្កែល្អមិនសំដៅលើឆ្កែដែលពូកែព្រុសនោះទេ ដូចនេះមនុស្សល្អក៏មិនមែនសំដៅលើមនុស្សពូកែសម្ដីដែរ»។
៨) «មនុស្សឱបក្រសោមសេចក្ដីខឹងក្រោធ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់»។
៩) «អណ្ដាតប្រៀបដូចជាកាំបិតដ៏មុតស្រួច វាអាចសម្លាប់មនុស្សដោយគ្មានឈាមមួយតំណក់»។
១០) «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»។
ចុចអាន៖ ពុទ្ធដីកា ៥ឃ្លាដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយ៖ លង់ វណ្ណៈ