មហាសេដ្ឋីពិភពលោក ៣ រូបដែលជោគជ័យ តែធ្លាប់ហែលឆ្លងភាពក្រីក្រនិងជូរចត់ជាច្រើន
១) លោកស្រី Oprah Winfrey លោកស្រីបានចាប់កំណើតជាកូនស្រីរបស់ម្ដាយជំទង់និងជាស្ត្រីមេម៉ាយម្នាក់ នៅទីជនបទមួយនៃរដ្ឋMississippi។ ក្នុងវ័យកុមារភាព លោកស្រីត្រូវបានគេចាប់រំលោភ និងត្រូវពពោះកូនក្នុងផ្ទៃក្នុងវ័យ១៤ឆ្នាំនៅឡើយ តែជាអកុសលកូននេះក៏បានបាត់បង់ជីវិតតាំងពីនៅជាទារកម្ល៉េះ។ នៅក្នុងវ័យសិក្សាកម្រិតវិទ្យាល័យ គាត់ក៏បានបម្រើការងារនៅស្ថានីយវិទ្យុមួយ។ ដល់ឆ្នាំ១៩៨៣ លោកស្រីក៏បានផ្លាស់ទីលំនៅទៅទីក្រុង Chicago ដើម្បីធ្វើការឲ្យកម្មវិធីវិទ្យុ AM Talk Show ដែលក្រោយមកត្រូវបានគេហៅថា The Oprah Winfrey Show ដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំង។ នៅឆ្នាំ២០១៣ លោកស្រីត្រូវបានផ្ដល់ពានរង្វាន់ the Presidential Medal of Freedom ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងត្រូវបានគេលើកតម្កើងជាសប្បុរសជនស្បែកខ្មៅដ៏ល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ជាមួយនឹងទ្រព្យសម្បត្តិរបស់គាត់ចំនួន២.៨ពាន់លានដុល្លារ។
២) លោក Jan Koum លោក Jan Koum មានកំណើតនៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន ហើយបានផ្លាស់ទីលំនៅមករដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩២ ជាមួយម្ដាយនិងយាយ។ លោកធ្លាប់បម្រើការងារជាអ្នកជូតសម្អាតនៅហាងលក់ទំនិញមួយ។ នៅឆ្នាំ២០០៩ គាត់បានក្លាយជាស្ថាបនិកនិងនាយកប្រតិបត្តិរបស់ WhatsApp ដែលជាកម្មវិធីផ្ញើសារតាមទូរស័ព្ទដៃដែលបានលក់ឲ្យក្រុមហ៊ុន Facebook ក្នុងឆ្នាំ២០១៤ ក្នុងតម្លៃ២២ពាន់លានដុល្លារ។ បច្ចុប្បន្ន លោកគឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិចំនួន៩.១ពាន់លានដុល្លារ។
៣) លោក Larry Ellison ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ លោកបានកើតនៅទីក្រុង ញូវយ៉ក និងត្រូវបានចិញ្ចឹមបីបាច់ដោយពូនិងមីងនៅទីក្រុង Chicago។ ប៉ុន្តែក្រោយពីមីងរបស់គាត់បានស្លាប់ទៅ គាត់ក៏បានផ្លាស់ទីលំនៅទីធ្វើការតូចតាចនៅរដ្ឋកាលីហ្វរញ៉ាអស់រយៈពេល៨ឆ្នាំ។ ដល់ឆ្នាំ១៩៧៧ គាត់ក៏បានបង្កើតក្រុមហ៊ុន software មួយដែលមានឈ្មោះថា Oracle ដែលសព្វថ្ងៃបានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន៥៥.៦ពាន់លានដុល្លារ៕
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ វិធីសាស្ត្រទាំង ៥យ៉ាងនេះ អ្នកអាចជម្នះនូវភាពភ័យខ្លាចក្នុងនាមជាអ្នកជំនួញទើបចាប់ផ្តើមបាន