អ្នកមានតែ ៦២នាក់មានទ្រព្យសម្បត្តិច្រើនជាងអ្នកក្រជាងពាក់កណ្ដាលពិភពលោក
គម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែធំឡើងៗ ខណៈដែលមហាសេដ្ឋីមានជាងគេបំផុតប្រមាណតែ ៦២នាក់មានទ្រព្យសម្បត្តិច្រើនជាងអ្នកក្ររស់នៅជាងពាក់កណ្ដាលនៃពិភពលោកទៅទៀត។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការ Oxfam ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ។
របាយការណ៍នេះត្រូវបានចេញផ្សាយហាក់ទន្ទឹមគ្នាទៅនឹងការប្រារឰវាទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វីស។ របាយការណ៍នេះក៏បានអំពាវនាវឱ្យមានវិធានការណ៍បន្ទាន់ស្របពេលមនុស្សតែ ១%មានទ្រព្យសម្បត្តិច្រើនជាងទ្រព្យសម្បត្តិមនុស្សផ្សេងទៀតបូកបញ្ចូលគ្នាជាង ៩៩%។
របាយការណ៍អង្គការដដែលបានឱ្យដឹងបន្ថែមទៀតថា ទ្រព្យសម្បត្តិរបស់អ្នកក្រ ៥០%បានធ្លាក់ចុះ ៤១% ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ទោះបីជាពិភពលោកមានកំណើនប្រជាជនប្រមាណ ៤០០លាននាក់នៅក្នុងអំឡុងពេលនេះក្ដី។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានជាងគេបំផុតក្នុងលោកចំនួន ៦២នាក់បានកើនឡើង៥០០ពាន់លានដុល្លារពោលគឺកើនសរុបដល់ ១,៧៦ពាន់ពាន់លានដុល្លារ៕
ដោយ៖ រតនៈវិភូ