ទាំងនេះគឺជាសំណួរចំនួន៣ ដែលអ្នកត្រូវស្រាវជ្រាវជាមុន មុនពេលស្វែងរកដើមទុនពីវិនិយោគិនណាម្នាក់
ការស្រាវជ្រាវស្វែងយល់ពីព័ត៌មានចាំបាច់មួយចំនួន គឺជាកិច្ចការសំខាន់ណាស់ដែលអ្នកត្រូវធ្វើមុនពេលចង់ចរចាសុំជំនួយពីវិនិយោគិនណាម្នាក់ ព្រោះព័ត៌មានទាំងនោះនឹងជួយជាប្រយោជន៍ជាច្រើនសម្រាប់អ្នកក្នុងដំណើរការនេះបាន។ ខាងក្រោមនេះគឺជាសំណួរចំនួន៣ដែលអ្នកត្រូវស្រាវជ្រាវជាមុនមុនពេលស្វែងរកដើមទុនពីវិនិយោគិនណាម្នាក់៖
១) តើពួកគេចង់ចូលពាក់ព័ន្ធកម្រិតណាក្នុងរឿងរ៉ាវក្រុមហ៊ុនរបស់អ្នក ? ៖ នេះគឺជាព័ត៌មានដ៏សំខាន់ដែលអ្នកត្រូវតែទទួលបានឲ្យបានច្បាស់លាស់ពីដៃគូវិនិយោគរបស់អ្នក។ វិនិយោគិនមួយចំនួនចូលចិត្តចូលពាក់ព័ន្ធដោយសកម្មក្នុងកិច្ចការទាំងឡាយរបស់ក្រុមហ៊ុនអ្នក រីឯវិនិយោគិនមួយចំនួនវិញចូលចិត្តចូលពាក់ព័ន្ធដោយប្រយោលជាមួយអ្នក។ ហេតុនេះ អ្នកត្រូវសួរពួកគេថាតើពួកគេចង់រួមចំណែកក្នុងកិច្ចការក្រុមហ៊ុនអ្នកយ៉ាងដូចម្ដេចខ្លះ។ ម្យ៉ាងទៀត តើពួកគេត្រូវការព័ត៌មានអ្វីខ្លះពីដំណើរការទាំងឡាយក្នុងក្រុមហ៊ុនអ្នក។ បើអ្នកមិនបញ្ជាក់ចំណុចទាំងនេះឲ្យច្បាស់លាស់ទេ នោះវាអាចបង្កជាភាពល្អក់កករដែលកើតឡើងចេញមកពីការចូលពាក់ព័ន្ធតិចតួចពេកឬខ្លាំងពេករវាងភាគីទាំងសងខាងបាន។
សូមអាន៖ តើគួរធ្វើបែបណាទើបអាចទាក់ទាញវិនិយោគិនឲ្យជឿជាក់ និងរួមសហការជាមួយនឹងអ្នកបាន?
២) តើពួកគេដាក់ទុនតែនៅក្នុងវិស័យជាក់លាក់ណាមួយដែរទេ ? ៖ សហគ្រិនមួយចំនួនបានទៅស្វែងរកវិនិយោគិនណាម្នាក់ដោយមានមូលហេតុថាគាត់គឺជាបុគ្គលមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានទ្រព្យសម្បត្តិច្រើន។ ត្រង់ចំណុចនេះអាចជាការបង្ខាតពេលវេលារបស់សហគ្រិននេះចោលដោយឥតប្រយោជន៍ បើសិនជាវិនិយោគិនរូបនោះវិនិយោគតែនៅក្នុងវិស័យជាក់លាក់ណាមួយ ដែលជាចំណាប់អារម្មណ៍របស់គេ ឬក៏ជាវិស័យណាដែលគេមានប្រវត្តិឬបទពិសោធន៍ចេញមកពីនោះ។ ហេតុនេះ អ្នកក៏ត្រូវស្រាវជ្រាវពីចំណុចនេះឲ្យបានម៉ត់ចត់ដែរមុនពេលអ្នកទៅចរចាសុំជំនួយពីវិនិយោគិនណាមួយនោះ។
៣) តើពួកគេផ្ដល់កញ្ចប់ថវិកាប៉ុន្មាន ? ៖ វិនិយោគិនម្នាក់ៗតែងតែមានកញ្ចប់ថវិការបស់ពួកគេក្នុងចន្លោះមួយដែលពួកគេបានកំណត់។ អ្នកត្រូវធ្វើការស្រាវជ្រាវថាតើកញ្ចប់ថវិកាដែលគេបានផ្ដល់ឲ្យនោះ ផ្គូផ្គងគ្នាទៅនឹងអ្វីដែលអ្នកត្រូវការឬយ៉ាងណា។ វានឹងជួយអ្នកឲ្យស្វែងយល់បានថាតើអ្នកគួរខិតខំចរចាសុំជំនួយពីវិនិយោគិនណាមួយនោះឬអត់បាន៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ លោក Robert Kiyosaki៖ ការវិនិយោគដ៏ល្អបំផុតនៅពេលអ្នកជំពាក់បំណុលគេ គឺដោះបំណុលមិនល្អទាំងអស់ឲ្យអស់ជាមុនសិន