សម្ដី​មាស​​របស់​អ្នក​ប្រាជ្ញ​ចិន​​​ ខុងជឺ ទាំង​ ៥​ឃ្លា​នេះ​ នឹង​អាច​​ផ្លាស់ប្ដូរ​ជីវិត​អ្នក​​ប្រសិន​បាន​អនុវត្តតាម​​



​ប្រទេស​ចិន​ មាន​អ្នក​ប្រាជ្ញ​​​ជា​​ច្រើន​រូប​ដែល​បាន​បង្កើត​​ទ្រឹស្ដី​ល្អ​​ៗដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​ ដូច​ជា​ទំនាក់​ទំនង​​ល្អ ការងារ ​ទស្សនវិជ្ជា ​​ការ​តស៊ូ និងខ្លឹមសារ​ជីវិត​ផ្សេងៗ​។ល។ ​ថ្ងៃ​នេះ Bizkhmer សូម​​​លើក​យក​សម្ដី​មាស​របស់​​ខុងជឺ​៖

១) បន្ត​ដំណើរ​ទៅ​មុខ៖ មិន​ថា​អ្នក​ដើរ​យឺត​យ៉ាង​ណា​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​អ្នក​បន្ត​ដំណើរ​ទៅ​មុខ មិន​រាថយ មិន​ឈប់​ដំណើរ។ ឲ្យ​តែ​អ្នក​បន្ត​ខិត​ខំ​ប្រឹង​ប្រែង ​អ្នក​ច្បាស់​ជា​សម្រេច​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​និង​ទៅ​ដល់​កន្លែង​​​ដែល​អ្នក​ចង់​​ទៅ។

២) មិត្តភាព​​គឺ​សំខាន់៖ ​​មនុស្ស​ដែល​អ្នក​រាប់​អាន​គឺ​ជះ​ឥទ្ធិពល​​យ៉ាង​ខ្លាំង​​ដល់​ជីវិត​អ្នក។ ដូច្នេះ​ហើយ អ្នក​គួរ​រាប់​អាន​មនុស្ស​ល្អ​ឲ្យ​បាន​ច្រើន​និង​​​រាប់​អាន​ពួក​គេ​​ដោយ​ចិត្ត​ស្មោះ​ ល្អ​ចំពោះ​មិត្ត​របស់​អ្នក​​ផង​ដែរ​។ មិន​មែន​រាប់អាន​មិត្ត​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​នោះ​ទេ។

៣) អ្វី​ដែល​ល្អ​សុទ្ធ​តែ​ទាមទារ​ការ​លះបង់៖ ​អ្វី​ដែល​ល្អ​​សុទ្ធ​តែ​លំបាក​ក្នុង​ការ​ទទួល​យក​ឬ​សម្រេច​។ ឧទាហរណ៍​ថា​​អ្នក​ចង់​បាន​ផ្ទះ វា​ទាមទារ​​ឲ្យ​អ្នក​ខំ​ប្រឹង​ធ្វើការ សន្សំ​លុយ​ លះបង់​ទាំង​កម្លាំង​កាយ​​និង​ពេលវេលា ។ ដូច្នេះ​ហើយ ប្រសិន​អ្នក​ចង់​បាន​អ្វី​មួយ អ្នក​ក៏​ត្រូវ​ហ៊ាន​លះបង់​ដូច​គ្នា។

៤) ត្រូវ​រៀន​គិត​អំពី​លទ្ធផល៖ «​រាល់​ពេល​ដែល​ខឹង​នរណា​ម្នាក់ ចូរ​គិត​ដល់​លទ្ធផល​របស់​វា។» ដូច្នេះ​ហើយ លើក​ក្រោយ​​មុន​ពេល​ដែល​អ្នក​ខឹង​នរណា​ម្នាក់ ចូរ​ចង​ចាំ​សុភាសិត​មួយ​នេះ​​ព្រោះ​ថា​ពេល​ខ្លះ ​ខឹង​ខុស​ខឹង​ខាត។ ខឹង​មិន​ដែរ​នាំ​យក​ផល​ប្រយោជន៍​អ្វី​នោះ​ទេ។ អ៊ីចឹង​ហើយ គួរ​រៀន​ទប់​កំហឹង​និង​អារម្មណ៍​ខ្លួន​ឯង។

៥) ​អ្នក​អាច​រៀន​សូត្រ​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​៖ «​​​ក្នុង​ចំណោម​៣​នាក់ ម្នាក់​​គឺ​ជា​គ្រូ​របស់​ខ្ញុំ។» សុភាសិត​មួយ​នេះ​មាន​ន័យ​ថា​អ្នក​អាច​រៀន​សូត្រ​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​​ជា​និច្ច។ អ្នក​អាច​សិក្សា​ពី​ចំណុច​ល្អ​​របស់​បុគ្គល​ម្នាក់​និង​មិន​​​ធ្វើ​នូវ​ចំណុច​អាក្រក់​របស់​បុគ្គល​ម្នាក់​។ បន្ថែម​ពី​លើ​នេះ មនុស្ស​ម្នាក់​មាន​បទពិសោធន៍​ជីវិត​ខុស​ៗ​គ្នា​ ដូច្នេះ​ហើយ វា​តែង​មាន​ចន្លោះ​ប្រហារ​ដែល​អ្នក​អាច​សិក្សា​រៀន​សូត្រ​ពី​គ្នា​​បាន៕

បាន​អាន​ឬ​នៅ?  អ្នក​ប្រាជ្ញ​ចិន លោក Lao Tzu៖ «បង្រៀន​មនុស្ស​ឲ្យ​ចេះ​ស្ទូច​ត្រី​ ជាជាង​​ការ​ឲ្យ​ត្រី​​» ដោយ៖ អឹុង មុយយូ 

X
5s