តើអ្នក ជាអ្នកដឹកនាំពិតប្រាកដ ឬ ជាអ្នកដើរតាមគេ?
តើអ្នកដឹកនាំត្រូវមានចំណុចអ្វីខ្លះទៅ? ពិតណាស់ថា អ្នកដឹកនាំគ្មានជាប់ទាក់ទងនឹងតួនាទីឬមុខងារនៅក្រុមហ៊ុនឬចំនួនលុយឬប្រាក់ខែឡើយ។ ជាជាង អ្នកដឹកនាំពិតប្រាកដគឺជាមនុស្សដែលជំរុញអ្នកដទៃឲ្យដើរទៅមុខនិងសម្រេចកិច្ចការឲ្យបានច្រើន។
នេះបើតាមលោក John Quincy Adams ដរាបណាដែលសកម្មភាពរបស់អ្នកជំរុញមនុស្សឲ្យហ៊ានសុបិន ធ្វើច្រើន នោះអ្នកជាអ្នកដឹកនាំដ៏ពិតប្រាកដហើយ។ ប៉ុន្តែ ប្រសិនជាអ្នកគ្មានអត្តចរិតទាំងនេះទេ បើទោះបីជាអ្នកមានតួនាទីជាអ្នកដឹកនាំ អ្នកគ្រាន់តែជាអ្នកដើរតាមគេ (Follower) តែប៉ុណ្ណោះ។ ដូច្នេះហើយ ប្រសិនអ្នកពិតជាចង់ដឹងច្បាស់ តើអ្នកជាអ្នកដឹកនាំឬអ្នកដើរតាមគេ ចូរក្រឡេកមើលសំនួរដូចខាងក្រោម៖
១) តើអ្នកទៅមុខឬទៅក្រោយ? ៖ អ្នកដើរតាមគេ(Follower)ធ្វើតែការងាររបស់គេតែប៉ុណ្ណោះ បើការងារបញ្ចប់ហើយ ពួកគេក៏អស់ភារកិច្ចផងដែរ។ ប៉ុន្តែ អ្នកដឹកនាំមិនធ្វើត្រឹមតែការងារដែលពួកគេមានទំនួលខុសត្រូវនោះទេ ពួកគេធ្វើរាល់កិច្ចការឲ្យតែជំរុញពួកគេទៅមុខ។
២) តើអ្នកមានភាពជឿជាក់ទេ?៖ អ្នកដើរតាមគេមិនពេញចិត្តនឹងទេពកោសល្យឬស្នាដៃរបស់អ្នកដទៃឡើយ។ ប៉ុន្តែ សម្រាប់អ្នកដឹកនាំវិញ ពួកគេមើលឃើញទេពកោសល្យឬស្នាដៃរបស់អ្នកដទៃជាផ្នែកមួយដែលជួយឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនទាំងអស់គ្នា។
៣) តើអ្នកជាសុទិដ្ឋិនិយមទេ?៖ អ្នកដើរតាមគេច្រើនតែមើលឃើញឧបសត្តគ្រប់ស្ថានភាព។ ប៉ុន្តែ អ្នកដឹកនាំមើលឃើញឧបសត្តជាឱកាសទៅវិញ។ បើទោះបីជាមានបញ្ហាកើតឡើង អ្នកដឹកនាំក៏មិនផ្ដោតទៅលើបញ្ហាដែរ ពួកគេផ្ដោតទៅលើដំណោះស្រាយចំពោះបញ្ហាទៅវិញ៕
ដោយ៖ អឹុង មុយយូ