រូបមន្ត ៥យ៉ាងដែលជួយឲ្យ Uber ទទួលបានភាពជោគជ័យយ៉ាងនេះ
ក្រុមហ៊ុន Uber ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Uber ត្រូវបានបង្កើតក្នុងគោលបំណងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយចរាចរណ៍ក្នុងទីក្រុងនិងកាត់បន្ថយការបំពុលដោយផ្សែងផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា Uberរីកចម្រើននិងទទួលបានភាពគាំទ្រជាខ្លាំងនៅទូទាំងពិភពលោកតែម្ដង។ កត្តាខាងក្រោមនេះហើយដែលជំរុញឲ្យ Uber ជោគជ័យយ៉ាងនេះ៖
១) គិតពីផលប្រយោជន៍ដែលអតិថិជនទទួលបាន៖ តម្លៃគឺជាចំណុចមួយដែលក្រុមហ៊ុន Uber មានការយកចិត្តទុកដាក់និងគិតចំពោះអតិថិជន។ ប្រសិនជាអ្នកជិះឡានត៉ាក់ស៊ីក្រុមហ៊ុនផ្សេង វាមានតម្លៃថ្លៃបន្តិច ហើយអតិថិជនមិនអាចតថ្លៃបានទៀតផង។ ប៉ុន្តែ អតិថិជនដែលប្រើប្រាស់ Uber គឺមិនចាំបាច់តថ្លៃនិងតម្លៃជិះ Uber សមរម្យនិងអាចទទួលយកបាន។ ដោយសាខា Uber នៅខាងក្រៅប្រទេសវិញ គឺអតិថិជនអាចបង់ថ្លៃសេវាបានច្រើនរបៀបរហូតដល់អាចបង់តាម credit card ក៏មាន។ ក
២) អ្នកផ្តល់សេវា Uber ក៏ទទួលបានផលប្រយោជន៍៖ មិនមែនតែអតិថិជន Uber នោះទេ សូម្បីតែអ្នកដឹកឬអ្នកផ្តល់សេវា Uber ក៏ទទួលផលប្រយោជន៍ផងដែរ។ មនុស្សរាប់រយនាក់អាចរកការងារ និងប្រាក់កម្រៃបានតាមរយៈក្រុមហ៊ុន Uber ដែលនេះជាការចូលរួមចំណែកបង្កើតការងារ ជាពិសេសសម្រាប់អ្នកពិបាកស្វែងរកការងារធ្វើនៅក្នុងទីក្រុង ហើយមានរថយន្តផ្ទាល់ខ្លួន។
៣) បត់បែនជាមួយនឹងបច្ចេកវិទ្យា និងកាលៈទេសៈងាយត្រូវបានអតិថិជនទទួលយក៖ ក្រុមមនុស្សដែលងាយនឹងផ្លាស់ប្ដូរ ឬដើរតាមបច្ចេកវិទ្យាងាកមកគាំទ្រសេវាកម្មនេះដោយសារតែវាអាចផ្លាស់ប្ដូររបៀបនៃការរស់នៅ និងគុណភាពជីវិតរបស់ពួកគេបាន។ ការដាក់ឱ្យដំណើរការដំបូងនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានគេមើលឃើញថា ជាកាលៈទេសៈដ៏ត្រឹមត្រូវដែល Uber អាចភ្ជាប់ខ្លួនជាមួយសហគមន៍ដែលនិយមគាំទ្របច្ចេកវិទ្យាដែលអាចធ្វើឱ្យក្រុមហ៊ុនទទួលបានជោគជ័យលឿន និងរីកសាយភាយទៅកាន់តំបន់ផ្សេងៗទៀតបានលឿន។ រឿងមួយទៀតនោះ គឺថា Uber បានកត់សម្គាល់អំពីសេវាកម្មរបស់ក្រុមហ៊ុនតាក់ស៊ីនៅក្នុងតំបន់ផ្សេងៗមិនទាន់មានគុណភាព ហើយខ្លួនបានពង្រីកនូវបណ្ដាញផ្សព្វផ្សាយតាមរយៈកម្មវិធី ឬសិក្ខាសិលាបច្ចេកវិទ្យាផ្សេងៗ ដែលនេះជាការផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ពោលគឺអតិថិជិនគោលដៅនៅទីនោះស្រាប់។
៤) ការផ្សព្វផ្សាយតាមមាត់៖ ដោយសារតែអតិថិជនបានសាកល្បងនិងស្គាល់ពីគុណភាព និងបទពិសោធន៍ដែលទទួលបានពីក្រុមហ៊ុន Uber មនុស្សជាច្រើនបានចែករំលែកនិងណែនាំសេវាកម្មនេះ ដល់មិត្តភ័ក្ដិ ឬគ្រួសារ ឬអ្នកដែលគេស្គាល់តគ្នាៗ មិនថាដោយផ្ទាល់ ឬតាមរយៈបណ្ដាញសង្គម Twitter និង Facebook។ មនុស្សកាន់តែច្រើនស្គាល់ពី Uberនិងចាប់ផ្ដើមប្រើប្រាស់ Uber ដែលនេះជាកត្តាមួយធ្វើឲ្យ Uber ទទួលបានអ្នកគាំទ្រច្រើន។ ក្រុមហ៊ុន Uber បានទទួលស្គាល់ថា កត្តាដែលនាំឱ្យខ្លួនរីកចម្រើនលឿនបែបនេះ គឺដោយសារតែ ការនិយាយផ្សព្វផ្សាយបន្តគ្នាពីមាត់មួយទៅមាត់មួយនេះឯង។
៥) តម្លៃកើនឡើង៖ ដោយសារតែតម្រូវការសេវាកម្មមានការកើនឡើង តម្លៃសេវាក៏មានការកើនឡើងបើធៀបនឹងពេលដែលដាក់ចេញដំបូងដូចគ្នាដែរ។ ថ្វីត្បិតតែយើងមើលឃើញថា មានមនុស្សជាច្រើនមិនសូវសប្បាយចិត្ត ប៉ុន្តែគេមិនអាចមិនទទួលស្គាល់ថា នៅទីក្រុងធំៗជុំវិញពិភពលោក មិនមែនតែនៅសហរដ្ឋអាមេរិកនោះទេ គឺសុទ្ធតែមានតម្រូវការកើនឡើងខ្លាំង ជាពិសេសតម្រូវការពេលយប់។ សាកគិតទៅមើលថា បើទីក្រុងធ្លាក់ព្រិល ឬព្យុះភ្លៀងញឹកញាប់ ច្បាស់ណាស់ថា អតិថិជនគឺត្រូវការសេវាកម្មដែលអាចដឹកពួកគេដល់ផ្ទះដោយសុវត្ថិភាព ពោលគឺមិនមែនរថយន្តក្រុងឬសេវាដឹកជញ្ជូនសាធារណៈនោះឡើយ។ តម្លៃឡើងពិតមែន តែអថិជិជនបានសាកល្បងនូវបទពិសោធន៍ ឬជិះរថយន្តទំនើប។ នោះហើយជាឱកាសសម្រាប់ក្រុមហ៊ុន Uber។
ទោះជាយ៉ាងនេះក្ដី Uber នៅទីផ្សារអាស៊ីអាគ្នេយ៍លែងមែនទៀតហើយព្រោះថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនទើបនឹងត្រូវបានក្រុមហ៊ុន Grab ទិញយកភាគហ៊ុនទំាំងអស់របស់ខ្លួន។ ដោយឡែក បើពិនិត្យមើលបញ្ជីនៃក្រុមហ៊ុនតាក់ស៊ីធំៗទាំង ១០ ក្រុមហ៊ុន Uber នៅតែឈរលើគេ ស្របពេលដែល Lyft, Hailo, Ola, Grab Taxi, LeCab ជាដើមនៅឈរនៅតំណែងបន្តកន្ទុយគ្នា ៕
ដោយ៖ មុយយូ