គោលការណ៍ទាំង ៧របស់សត្វឥន្ទ្រី ជាកម្លាំងចិត្តដែលជំរុញអ្នកឲ្យកាន់តែមានភាពមុះមុតក្នុងជីវិត
សត្វឥន្ទ្រីជាសត្វដែលត្រូវបានគេទទួលស្គាល់ថា ជាសត្វមានអំណាចមួយក្នុងជំពូកសត្វផ្សេងៗទៀត។ តាមពិតទៅមនុស្សយើងអាចរៀនសូត្រពីសត្វឥន្ទ្រីបាន ហើយ BizKhmer ធ្លាប់បានផ្សាយម្ដងរួចមកហើយ ប៉ុន្តែថ្ងៃនេះយើងសូមបង្ហាញ គោលការណ៍ទាំង ៧របស់សត្វឥន្ទ្រី ម្ដងទៀតដើម្បីជាកម្លាំងចិត្តដែលជំរុញអ្នកឲ្យកាន់តែមានភាពមុះមុតក្នុងជីវិត។
១) ឥន្ទ្រីជាសត្វដែលចូលចិត្តកន្លែងខ្ពស់ៗ៖ សត្វឥន្ទ្រីមិនដែលហោះហើរជាមួយសត្វស្លាបធម្មតាៗ ឬហោះហើរជាហ្វូងនោះទេ តែវាជាសត្វដែលចូលចិត្តហោះហើរដោយសេរីភាពលើទីលំហរអាកាសខ្ពស់ៗ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់សម្រេចអ្វីមួយដ៏អស្ចារ្យក្នុងជីវិតរបស់អ្នក អ្នកត្រូវរៀនធ្វើវាតែម្នាក់ឯង ហើយរៀនធ្វើវាជាមួយមនុស្សដែលមានមហិច្ឆតា គោលបំណង និងចំណង់ដ៏ពុះកញ្ជ្រោលចង់សម្រេចកិច្ចការទាំងនោះជាមួយអ្នក។
២) ឥន្ទ្រីជាសត្វដែលមានចក្ខុភ្លឺច្បាស់៖ សត្វឥន្ទ្រីជាសត្វដែលមានភ្នែកភ្លឺថ្លា អាចមើលឃើញចំងាយរហូតដល់ ៥គីឡូម៉ែត។ មិនខ្វល់ថាឧបសគ្គធំប៉ុណ្ណានោះទេ សត្វឥន្ទ្រីនៅតែសម្លឹងមើលចំណីរបស់វាយ៉ាងហ្មត់ចត់មិនដាក់ភ្នែក ហើយវាមិនបោះបង់ចំណីរបស់វាឡើយរហូតទាល់តែវាចាប់បានចំណីនោះយកមកស៊ី។ បើប្រៀបធៀបជាមួយនឹងជីវិតរបស់អ្នកវិញ ឧបសគ្គជាច្រើននឹងផុះឡើងក្នុងជីវិតរបស់អ្នក ហើយឧបសគ្គទាំងនោះគឺចាំតែទាញទម្លាក់អ្នកប៉ុណ្ណោះ។ ដូចនេះ ទោះឧបសគ្គធំប៉ុនភ្នំក៏ដោយ ចូរអ្នកកុំរុញរា ត្រូវហ៊ានតស៊ូពុះពារ តទល់ជាមួយវារហូតដល់ដង្ហើមចុងក្រោយទាល់តែសម្រេចគោលដៅក្នុងជីវិតរបស់អ្នក។
៣) សត្វឥន្ទ្រីចូលចិត្តស៊ីសាច់ស្រស់៖ សត្វត្មាតចូលចិត្តស៊ីរបស់ស្អុយរលួយ តែសត្វឥន្ទ្រីគឺមិនអញ្ចឹងទេ។ សត្វឥន្ទ្រីជាសត្វមួយប្រភេទដែលរើសចំណី ដោយវាស៊ីតែចំណីអាហារណាដែលពិសេស និងស្រស់ៗប៉ុណ្ណោះ។ អ្នកក៏អ៊ីចឹងដែរ ត្រូវតែព្យាយាមសិក្សាស្រាវជ្រាវរកព័ត៌មានថ្មីៗ ចំណេះដឹងថ្មីៗ គំនិតថ្មីៗយកមករៀនសូត្រដើម្បីអភិវឌ្ឍខ្លួនរបស់អ្នក។ ព្រោះថាបើអ្នកមិនរៀនអភិវឌ្ឍខ្លួនអ្នក ដោយប្រើប្រាស់ចំណេះដឹងថ្មីៗនោះទេ អ្នកនឹងស្ថិតក្នុងសម័យអន្តកាលជាមួយនឹងព័ត៌មាននិងគំនិតចាស់គម្រិលដដែល។
៤) សត្វឥន្ទ្រីចូលចិត្តប្រលែងលែងជាមួយនឹងព្យុះ៖ សត្វឥន្ទ្រីចូលចិត្តប្រលែងលេងជាមួយពពក ហើយចូលចិត្តហោះហើរប្រលែងជាមួយនឹងខ្យល់។ អ្នកត្រូវរៀនអំពីសត្វឥន្ទ្រី។ បម្លែងព្យុះសង្ឃរាដែលកំពុងតែបក់បោកយាយីជីវិតរបស់អ្នកដើម្បីឲ្យក្លាយជាគ្រឿងជំរុញជីវិតរបស់អ្នកកាន់តែរឹងពឹង រឹងមាំ មុះមុត កាន់តែអស្ចារ្យ កាន់តែពូកែ និងកាន់តែខ្លាំងថែមទៀត។ អ្វីដែលកំពុងតែរារាំងអ្នកគឺគ្រាន់តែជាឈ្នាន់ដែលអ្នកជាន់ឡើងទៅកាន់ភាពជោគជ័យរបស់អ្នកតែប៉ុណ្ណោះ។ ដូចនេះហើយ អ្នកត្រូវរៀនសម្របនិងសំកាំងខ្លួនរបស់អ្នកឲ្យដូចជាសត្វឥន្ទ្រីពេលពើបប្រទះនឹងព្យុះកំណាច។
៥) សត្វឥន្ទ្រីចូលចិត្តសាកល្បង៖ សត្វឥន្ទ្រីញីតែងតែធ្វើការសាកល្បងជាមុនសិន មុននឹងអនុញ្ញាតិឲ្យសត្វឥន្ទ្រីឈ្មោលចែចង់វាបាន។ វាក៏ដូចគ្នាទៅនឹងទំនាក់ទំនងរបស់អ្នកដែរ មុននឹងបង្កើតទំនាក់ទំនងជាមួយនរណាម្នាក់ ជាពិសេសមុននឹងចុះកិច្ចព្រមព្រៀង ឬកិច្ចសន្យាជាមួយនរណាម្នាក់ អ្នកត្រូវតែធ្វើតេស្តមើលពីភាពស្មោះត្រង់របស់អ្នកទាំងនោះជាមុនសិន។
៦) សត្វឥន្ទ្រីតែងតែហ្វឹកហាត់៖ សត្វឥន្ទ្រីញីនិងឈ្មោលតែងតែនាំកូនរបស់ពួកវាទៅលើកំពូលភ្នំខ្ពស់ៗដើម្បីបង្វឹកកូនរបស់វាឲ្យចេះហោះហើរ។ នៅពេលដែលកូនសត្វឥន្ទ្រីត្រូវបានទម្លាក់ចុះទៅក្រោម ពេលដំបូងកូនរបស់ឥន្ទ្រីអាចភ័យខ្លាច តែមេរបស់វានឹងទៅជួយសង្គ្រោះកូនរបស់វា ហើយវានឹងធ្វើបែបនេះម្ដងហើយម្ដងហើយម្ដងទៀតរហូតទាល់តែកូនរបស់វាអាចហោះហើរដោយឯករាជ្យលើលំហអាកាសដូចវាមេបារបស់វាបាន។ ឧបសគ្គ និងបញ្ហា តែងតែកើតមានក្នុងជីវិតរបស់មនុស្សម្នាក់ៗដោយជៀសមិនរួចឡើយ។ ប៉ុន្តែវាគ្រាន់តែជាដំណាក់កាលសាកល្បងប៉ុណ្ណោះ ថាតើអ្នកអាចស្ពាយទំនួលខុសត្រូវធ្ងន់ៗក្នងជីវិតរបស់អ្នកបានប៉ុណ្ណា។ បើអ្នកអាចគ្រប់គ្រងបន្ទាយប្រយុទ្ធក្នុងជីវិតរបស់អ្នកបាន អ្នកនឹងកាន់តែរឹងមាំ នឹងកាន់តែមានទំនួសខុសត្រូវខ្ពស់ក្នុងជីវិតជាងមុន។
៧) នៅពេលដែលសត្វឥន្ទ្រីខ្សោយកម្លាំងជិតស្លាប់ វានឹងហោះហើរទៅរកទីកន្លែងងងឹតឆ្ងាយៗ៖ សត្វឥន្ទ្រីធ្វើបែបនេះគឺដើម្បីជំរុះរោមចាស់ៗរបស់វាចោល និងដើម្បីឲ្យរោមថ្មីដុះសារឡើងវិញ។ ភាពតប់ប្រមល់ នឿយហត់ អស់សង្ឃឹមគឺជាផ្នែកមួយនៃជិវិតរបស់អ្នក។ អ្នកត្រូវរកកន្លែងសម្រាក ហើយគិតរិះរកវិធីសាស្ត្រ យុទ្ធសាស្ត្រថ្មីៗ ដើម្បីបង្កើតសកម្មភាពថ្មីៗផ្សេងៗបន្តទៀត។ ភាពស្រស់បស់នេះនឹងជួយបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងជីវិតរបស់អ្នក៕
ដោយ៖ លង់ វណ្ណៈ